​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះករុណា ព្រះមហាក្សត្រ​កម្ពុជា ប្រារព្ធ​រយៈពេល​បី ថ្ងៃ​

1592
ចែករម្លែក
  • 60
    Shares


ដោយៈ ម៉េង​ឆៃ​/​ភ្នំពេញៈ ដើម្បី​ចូលរួម​អបអរសាទរ​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្​ព្រះករុណា ​ព្រះបាទ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គម្រប់ ព្រះជន្ម​៦៥ យាង​ចូល ៦៦ ព្រះវស្សា នា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នោះ ដូច​រៀងរាល់ឆ្នាំ រាជរដ្ឋាភិបាល បានរៀបចំ​ព្រះរាជ​ពិធីបុណ្យ​រយៈពេល ៣ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣-១៥ ខែឧសភា ។​

​ក្រៅពី​ប្រកាស​ជា​បុណ្យជាតិ ដោយ​អនុញ្ញាត​ឲ្យ​មន្ត្រីរាជការ និង​វិស័យ​ឯកជន ឈប់សម្រាក​រយៈពេល ៣ ថ្ងៃ រាជរដ្ឋាភិបាល​ក៏បាន​តម្រូវ​ឲ្យ​នៅមុខ​ក្រសួង​មន្ទីរ​គ្រឹះស្ថាន​រដ្ឋ និង​ឯកជន តាំង​ព្រះ​ឆាយា​លក្ខណ៍​របស់​ព្រះករុណា លម្អ​ដោយ​ផ្កា ទង់ជាតិ និង​បដា​ពាក្យស្លោក ថ្វាយព្រះពរ​ព្រះអង្គ ជាដើម​។​

​ ឯកសារ​បង្ហាញថា ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះបរមនាថ ន​រោ​ត្ដម សីហមុនី ប្រសូត្រ នា​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​១៩៥៣ នៅ​រាជធានី​ភ្នំពេញ ព្រះរាជាណាចក្រ​កម្ពុជា​។ទ្រង់ជា​ព្រះរាជបុត្រ​ច្បង​របស់​សម្ដេចព្រះ​នរោត្តម សីហនុ និង​ព្រះ​មាតា​ព្រះនាម នរោត្តម មុនិនាថ សីហនុ​។ ព្រះអនុជ​ព្រះអង្គ ព្រះនាម នរោត្តម​នរិន្ទ្រពង្ស(​សោយទិវង្គត)​។ព្រះអង្គជា​ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​បន្ត​រាជសម្បត្តិ​ពី​ព្រះរាជ​បិតា​។​

​អំឡុង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ដោយ​លោក​សេនាប្រមុខ លន់នល់(LonNol)ព្រះអង្គស្តេចគង់នៅ​ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី​។ ក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​ទ្រង់​យាង​ចាក​ចេញពី​ទីក្រុង​ប្រាគ ប្រទេស​ឆេ​កូ​ស្លូ​វ៉ា​គី និងបានចាប់ផ្តើម​ការ​សិក្សា​​ទាក់ទង​នឹង​វិស័យ​ភាពយន្ត នៅ​ប្រទេស​កូរ៉េខាងជើង​។ នៅក្នុង​ឆ្នាំ​១៩៧៧ ព្រះអង្គ​យាង​មាតុភូមិនិវត្តន៍​មកកាន់​ប្រទេស​កំណើត​វិញ​។ ភ្លាមៗ​នោះ ខ្មែរក្រហម ដែលកំពុងកាន់អំណាច បាន​ប្រឆាំងនឹង​រាជានិយម និង​បាន​ឃុំ​ព្រះអង្គ នៅក្នុង​ព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស​ដទៃទៀត រហូតដល់​ឆ្នាំ​១៩៧៩ ខណៈ​ប្រទេស​កម្ពុជា​ត្រូវបាន​រំដោះ​។ នៅ​ឆ្នាំ​១៩៨១ ព្រះអង្គ​ទ្រង់​យាង​ទៅកាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដើម្បី​បង្ហាត់បង្រៀន​របាំ​បា​ឡេ និងបានទទួល​ព្រះ​តួនាទី​ជា​ប្រធាន​សមាគម​របាំ​ខ្មែរ​។

​ព្រះអង្គ​ទ្រង់​គង់នៅ​ប្រទេស​បារាំង​ជិត ២០​ឆ្នាំ ប៉ុន្តែ​ព្រះអង្គ​បាន​យាង​ទៅ​ទីក្រុង​ប្រាគ​ជារឿយៗ ជាទី​ដែល​ព្រះអង្គ​បាន​ចំណាយ​ពេល​យ៉ាងច្រើន​ក្នុង​ព្រះជន្ម​ក្មេង​វស្សា​។ ព្រះ​អង្គជា​ព្រះមហាក្សត្រ​តែមួយគត់ ដែល​ចេះ​ភាសា​ឆេ​ក​។​

​នៅក្នុង​ឆ្នាំ​១៩៩៣ ព្រះអង្គ ត្រូវបានតែងតាំង​ជា​ប្រតិភូ​កម្ពុជា​ប្រចាំ​អង្គការ​យូណេស្កូ ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ប៉ារីស ជាទី​ដែល​ព្រះអង្គ មាន​ប្រជាប្រិយភាព ចំពោះ​ការតស៊ូ​ធ្វើការ​យ៉ាងស្វិតស្វាញ និង​ភក្តីភាព​ចំពោះ​​​វប្បធម៌​កម្ពុជា​។ ព្រះអង្គ ធ្លាប់បាន​បដិសេធ​ចំពោះ​ការតែងតាំង​ព្រះអង្គ ជា​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​ប្រទេស​បារាំង​។​

​នៅ​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០០៤ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបាន​ជ្រើសរើស​ដោយ​សមាជិក​ទាំង​៩ នៃ​ក្រុមប្រឹក្សា​រាជ​ស​ម្ប​តិ្ត ជា​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​ការដាក់រាជ្យ​របស់​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ​។ ការជ្រើសរើស​នេះ គឺ​ស្របតាម​ការយល់ព្រម​ពី​សំណាក់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជា​ព្រះរាម​ម្តាយ​ទីទៃ​នៃ​ព្រះមហាក្សត្រ​ថ្មី ដែល​ឥស្សរជន​ទាំងពីរ សុទ្ធតែជា​សមាជិក​នៃ​ក្រុមប្រឹក្សារាជ​សម្បត្តិ​។ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់​ឡើង​គ្រង​រាជសម្បត្តិ នៅ​ថ្ងៃ​សុក្រ ទី​២៩ ខែតុលា ឆ្នាំ​២០០៤​។​

​ពី​ឆ្នាំ​១៩៥៩ ដល់​ឆ្នាំ​១៩៦២ ព្រះអង្គ បាន​ចូល​សិក្សា​នៅ​សាលាបឋមសិក្សា​ន​រោ​ត្ដម វិទ្យាល័យ​ដេ​កាត នៅ​រាជធានី​ភ្នំពេញ​។ បន្ទាប់មក ព្រះអង្គ​ត្រូវបាន​ព្រះ​រាជបិតា​បញ្ជូនទៅ​សិក្សា​ទីក្រុង​ប្រាគ ប្រទេស​ឆេ​កូ​ស្លូ វ៉ា​គី នា​ឆ្នាំ​១៩៦២​។ នៅ​ទីនោះ ព្រះអង្គ​បាន​ចូលរៀន​នៅ​សាលាបឋមសិក្សា វិទ្យាល័យ និង សាលា​តូរ្យតន្ត្រី ដែល​ទ្រង់​បាន​សិក្សា​ផ្នែក​តន្ត្រី និង របាំ​បុរាណ រហូតដល់​ឆ្នាំ​១៩៧៥​។

ព្រះអង្គ​ស្ទាត់ជំនាញ​ខាង​ភាសា​សាស្ត្រ ដោយ​ទ្រង់​ចេះ​ភាសា​បារាំង និង​ឆែក​យ៉ាង​ស្ទាត់ជំនាញ​។ ក្រៅពីនេះ ទ្រង់​ក៏​អាច​ប្រាស្រ័យ​ទាក់ទង​ជា​ភាសា​អង់គ្លេស និង​រុស្ស៊ី​បាន​យ៉ាង​ប្រសើរ​ផងដែរ​។

នៅក្នុង​ឆ្នាំ​១៩៧៥ ព្រះអង្គ​បាន​ចាក​ចេញពី​ប្រាគ ដើម្បី​ទៅ​សិក្សា​ផ្នែក​ខ្សែភាពយន្ត​នៅ​ប្រទេសកូរ៉េខាងជើង ហើយ​បន្ទាប់មក​ទ្រង់​បាន​ត្រឡប់​ចូល​មាតុភូមិ​វិញ​នៅ​ឆ្នាំ​១៩៧៧ ។​

​មុន​ពេលដែល​ទ្រង់​ក្លាយជា​ព្រះមហាក្សត្រ ព្រះអង្គ​មាន​គោ​រម្យ​ងារ​ជា “​ស្ដេច​ក្រុមឃុន​” ដែល​ព្រះមហាក្សត្រ ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ទ្រង់​ព្រះរាជ​ប្រទាន នា​ថ្ងៃទី​០១ ខែកុម្ភៈ ឆ្នាំ​១៩៩៤ បន្ទាប់មក​ត្រូវបាន​ដំឡើង​ជា “​សម្ដេចព្រះ​បរមនាថ​” នា​ថ្ងៃទី​៣១​ខែសីហា ឆ្នាំ​២០០៤​។​

​ព្រះបរមនាម ក្នុង​រាជ្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរម នាថ នរោត្តម សីហមុនី គឺ ៖ “​ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមាន​ភូមិ​ជាតិ​សាសនា រ​ក្ខ​តខ​ត្តិ​យា ខេមរា​រដ្ឋ​រាស្ត្រ ពុទ្ធិ​ន្ទ្រា​ធ​រា​មហាក្សត្រ ខេមរា​ជ​នា សមូ​ហោ​ភាស កម្ពុជ​ឯក រាជ​រដ្ឋ​បូរ​ណ​សន្តិ សុភ​ម​ង្គ​លា សិរី​វិ​បុ​លា ខេមរា​ស្រី​ពិ​រាស្ត្រ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​” ប្រែ​សេចក្ដី​ថា​៖ “​អ្នកបម្រើ​មាតុភូមិ សាសនា ប្រជាជាតិ និង ប្រជារាស្ត្រ​ខ្មែរ ដោយ​ស្វាមីភ័ក្តិ និង ភក្ដីភាព ។ មហា ក្សត្រ​ដែល​ព្រះពុទ្ធ និង ព្រះឥន្ទ្រ​លោក​ឧបត្ថម្ភ ។ អ្នក​រួបរួម​ខេមរជន​ទាំងអស់​។ អ្នកការពារ​ឯករាជ្យ បូរណភាព​ទឹកដី និង​សន្តិភាព​របស់​កម្ពុជា ព្រមទាំង​សុភមង្គល សេរីភាព និង​វិបុលភាព​របស់​ប្រជារាស្ត្រ​ខ្មែរ​។

ព្រះនាមរបស់​ព្រះអង្គ គឺ​បានមកពី​ការ​ផ្សំគ្នា​រវាង​ព្រះនាម​របស់​ព្រះ​មាតាបិតា​ព្រះអង្គ​គឺ សីហ (​សីហនុ​) និង មុនី (​មុនីនាថ​)​។​

​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទទួលបាន​គ្រឿង​ឥស្សរិយយសជាច្រើន រួមមាន ឥស្សរិយយស ព្រះរាជាណាចក្រ​កម្ពុជា​ថ្នាក់​មហា​សេរី​វឌ្ឍន៍ ឥស្សរិយយស មុនីសារា​ភ័​ណ្ឌ​ថ្នាក់​មហា​សេរី​វឌ្ឍន៍ មន្ត្រី​ធំ​នៃ​កងពល​កិត្តិយស (Grand Officier de la Légion d’Honneur) នៃ​សាធារណរដ្ឋ​បារាំង មេដាយប្រាក់ នៃ​ក្រុងប៉ារីស (Médaille d’Argent de la Ville de Paris) នៃ​សាធារណរដ្ឋ​បារាំង​៕មន