​ភាគី​និយោជក​អះអាងថា​តួរ​លេខ​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៩​នៅ​មិនទាន់​រកបាន​នៅឡើយ​ទេ

329

​ដោយ​:​ពៅ​និមល​/​ភ្នំពេញ​:​បន្ទាប់ពី​គណៈកម្មការ​ប្រឹក្សា​ការងារ​បាន​បើក​កិច្ចប្រជុំ​ចំនួន​ពីរលើក​រួចមកហើយ​លើ​ការចចារ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០១៩​។​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់ GMAC តំណាង​ឲ្យ​ភាគី​និយោជក​បាន​បញ្ជាក់ថា រហូតមកទល់​ពេលនេះ​ភាគី​និយោជក​នៅ​មិនទាន់​រកបាន​តួរ​លេខ​ណាមួយ​ទេ​។​ខណៈដែល​ភាគី​សហជីព​តំណាង​ឲ្យ​កម្មករនិយោជិត​ផ្សេងទៀត​អះអាងថា​នឹង​សម្រេចយក​តួរ​លេខ​មួយ​ក្នុងចំណោម​ជំរើស​ចំនួន​បី​។​

​លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការរង​នៃ​ជី​ម៉ាក (GMAC) បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​ថា​ចំពោះ​តួរ​លេខ​ភាគី​និយោជក​មិនទាន់​អាច​បញ្ជាក់​បានទេ​។​អ្វី​មើលឃើញ​នាពេលនេះ​គឺ​អត្រា​តួរ​លេខ​នៃ​អតិផរណា​ដែលមាន​ជាង​៣​ភាគរយ​ហើយនឹង​កំណើន​ផលិតភាព​នៃ​ការងារ​មាន​ចំនួន​ជិត​២​ភាគរយ​។​

​លោក​បន្តថា​ចំពោះ​បញ្ហា​ស្មុគស្មាញ​គឺ​ភាព​ប្រកួតប្រជែង​ទូទៅ​របស់​ប្រទេស​កម្ពុជា​គឺមាន​កត្តា​រួមផ្សំ​ច្រើន​ដូចជា​ប្រៀបធៀប​ប្រាក់​ឈ្នួល​នៅក្នុង​តំបន់​ចំនួន​ថ្ងៃ​ធ្វើការ​ការងារ​អត្រា​បង់​ភាគទាន​ទៅ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​(​ប​សស​)​ការពិនិត្យ​ទៅលើ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក​។​

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ឬ​ភាពអនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ដែល​ប្រទេស​នីមួយៗ​ទទួលបាន​ថា​តើ​ឆ្នាំក្រោយ​កម្ពុជា​យើង​(​និយាយ​ពី​ប្រាក់​ឈ្នួល​)​តើ​មាន​ចំណុច​អ្វី​ទៀត​ដែលជា​ចំណុច​បន្ថែម​ធ្វើ​ឲ្យ​តម្លៃ​ពលកម្ម​កើនឡើង​។​

​ទោះ​យ៉ាងនេះ​ក្តី លោក​ម៉ូ​នី​កា កត់សម្គាល់​ឃើញថា សម្រាប់​កិច្ចប្រជុំ​ពិភាក្សា​ប្រាក់​ឈ្នួល​ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆ្នាំ​២០១៧​កន្លងទៅ​មិនមាន​ការខុស​គ្នា​ទេ​ដោយសារ​ប្រព្រឹត្តទៅ​ក្រោម​រូបមន្ត​ច្បាស់លាស់​ត្រឹមត្រូវ​ហើយ​មាន​មូលដ្ឋាន​គោលការណ៍​សម្រាប់​ធ្វើការ​ច​ចារ​និង​វិនិច្ឆ័យ​ស្របតាម​លក្ខណៈ​បែប​សង្គម​និង​សេដ្ឋកិច្ច​។​

​ដោយឡែក លោក សៀង សម្បត្តិ ប្រធាន​សហព័ន្ធ​សហជីព​មិត្តភាព​កម្មករ បាន​បញ្ជាក់ថា តួរ​លេខ​ស្ថិតក្នុង​ជំរើស​មាន​ចំនួន​បី​ដែល​នឹងត្រូវ​សម្រេចយក​តែមួយ​សម្រាប់​ដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣​ខាងមុខ រួមមាន​ទី​១.​ចំនួន​១៩២​ដុល្លារ​,​ទី​២.​ចំនួន​២១១​ដុល្លារ​និង​ជំរើស​ទី​៣.​តួរ​លេខ​ចំនួន​២២១​ដុល្លារ​។​
​ ​
​តាមរយះ​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​២០១៩​របស់​សមាជិក​គណៈកម្មកា​រ​ប្រឹក្សា​ការងារ ដែលមាន​សមាសភាព​ម​ក​ពី​ភាគី​កម្មករនិយោជិត ភាគី​និយោជក និង​ភាគី​រា​រដ្ឋាភិបាល បាន​ផ្តោត​សំខាន់​លើ​ការប្រើប្រាស់​លក្ខណវិនិច្ឆ័យ​លើ​០៧​ចំណុច ដូចជា​៖ ស្ថានភាព​គ្រួសារ​, អត្រា​អតិផរណា​, ការចំណាយ​ក្នុងការ​រស់នៅ​, ផលិតភាព​, ភាព​ប្រកួតប្រជែង​, ស្ថានភាព​ទីផ្សារការងា​រ​, និង​កម្រិត​ចំណេញ​របស់​វិស័យ​ដើម្បី​ធ្វើជា​មូលដ្ឋាន​ក្នុងការ​ពិភាក្សា​ព្រមទាំង​ជា​អនុសាសន៍​ដល់​គណៈកម្មកា​រ​ប្រឹក្សា​ការងារ​ដើម្បី​ពិនិត្យ​សម្រេច​។​
​ ​
​ពាក់ព័ន្ធ​នឹង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​នេះ​កាលពី​កន្លងទៅ​លោក​បណ្ឌិត​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​សង្ឃឹមថា​ការចរចារ​នៅ​ឆ្នាំនេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​ភាពល្អប្រសើរ​ដូច​បណ្តា​ឆ្នាំមុនៗ​ក្នុង​សា្មរ​តី​យោគយល់​គ្នា​ហើយ​ប្រកាន់យក​នូវ​យុទ្ធសាស្ត្រ​ពិភាក្សា​រហូតដល់​នឹង​អា​ចរក​តួលេខ​ស្រុះស្រួល​គ្នា​មួយ​ដែល​អាច​ខិតចូល​ជិតគ្នា​ដែលមាន​គ​ន្លាត​តិច​បំផុត​ដើម្បី​យកមក​អនុម័ត​ចុងក្រោយ​៕S/