​ភាពយន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​»

442
ចែករម្លែក
​ភាពយន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​»

ដោយៈ​សួត វិចិត្រ បុគ្គលិក មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​
​ភ្នំពេញៈ​ភាពយន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​»នឹង ត្រូវ​ចាក់​បញ្ចាំង​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩ នេះ​សម្រាប់​ក្រុមយុវជន​-​យុវនារី​នៃ​វិទ្យាល័យ​ត្រពាំង​តាវ ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​គំនិត​ផ្តួចផ្តើម គំរូ​វីរភាព និង​ការតាំង​ព្រះទ័យ​យ៉ាង​មុតមាំ​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត និង​សហគមន៍​របស់​ព្រះ​តេជគុណ ក្នុងការ​ការពារ​ព្រៃឈើ និង​ធនធានធម្មជាតិ​។ វិទ្យាល័យ​នេះ​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី «​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វន្ត​» ដែលជា​គំរប​ព្រៃឈើ​ជាង​៣​ម៉ឺន​ហិកតា​។ មួយផ្នែកធំ​នៃ​ព្រៃឈើ​អភិរក្ស​នេះ គឺ​បាន​គ្របដណ្ដប់​មកលើ​ស្រុក​អន្លង់វែង ដែល​ធ្លាប់ជា​ទីតាំង​តស៊ូ​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។

​ភាពយន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ជាការ​ផ្ញើ​សារ​រំឭក និង​ដាស់តឿន​ដល់​មនុស្ស​គ្រប់រូប​ឲ្យ​ចូលរួមចំណែក និង​លះបង់​កម្លាំងកាយ​ចិត្ត ព្រមទាំង​លះបង់​ចោល​នូវ​កិលេស​ទាំងឡាយ សម្រាប់​បុព្វហេតុ​សមូហភាព​នៃ​សហគមន៍ និង​ប្រទេសជាតិ​។ គំរូ​វីរភាព​របស់​ព្រះ​តេជគុណ ប៊ុន សា​លួត បាននិងកំពុង​ជំរុញ​ទឹក​ចិ​ត្ដ ដល់​ព្រះសង្ឃ និង​ប​ថុច​ជន​ទាំងឡាយ​ឲ្យ​ចូលរួម​ក្នុង​បុព្វហេតុ​ការពារ​ធនធានធម្មជាតិ​នៅ​ទីឋាន​មួយ​ដ៏​ស្ងប់ស្ងាត់​ប្រកបទៅដោយ​ភាពស្រស់​ត្រកាល​នេះដែរ​។​

ភាព​យន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» នឹងត្រូវ​ចាក់​បញ្ចាំង​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩ នេះ​សម្រាប់​ក្រុមយុវជន​-​យុវនារី​នៃ​វិទ្យាល័យ​ត្រពាំង​តាវ​

​តាំងពី​បុរាណកាល​មក ព្រៃឈើ​បាន​គ្របដណ្ដប់​មកលើ​ទិដ្ឋភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​។ ការពឹងផ្អែក និង​ការ​អាស្រ័យ​ផល​ពី​ព្រៃឈើ​ធម្មជាតិ គឺ​បាន​កើតឡើង​ដំណាលគ្នា​ទៅនឹង​ការកកើត​នៃ​ជីវិត​មនុស្ស​ដែរ​។ ខ្សែភាពយន្ដ​ឯកសារ​នេះ បាននិងកំពុង​រួមចំណែក​មួយ​ដ៏​សំខាន់ ក្នុងការ​បណ្ដុះ​ការយល់ដឹង​សម្រាប់​សាធារណជន​ក្នុង គោលបំណង​ថែរក្សា និង​បណ្ដុះ​មនោសញ្ចេតនា​អាណិតអាសូរ​រវាង​មនុស្ស​ទៅលើ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​នៅក្នុង​សង្គមជាតិ​របស់​ខ្លួន​។

​មកដល់ពេលនេះ ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» ត្រូវបាន​ចាក់​បញ្ចាំង​ចំនួន​១១​លើក ដោយ​រាប់ទាំង​វិទ្យាល័យ​ត្រពាំង​តាវ​ផង​។ ខ្សែភាពយន្ដ​នេះ ត្រូវបាន​ចាក់​បញ្ចាំង​លើក ដំបូង​នៅ​រាជធានី​ភ្នំពេញ និង​បន្ដ​នៅតាម​ស្ថានទូត គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​រដ្ឋ និង​ឯកជន ព្រមទាំង​នៅតាម​បណ្ដា​ខេត្ដ​នានា​ក្នុងប្រទេស​កម្ពុជា រួមមាន ៖ ខេត្ដ​ឧត្ដរមានជ័យ តាកែវ ខេត្ដ​សៀមរាប បាត់ដំបង និង​ចុងក្រោយបង្អស់​គឺ នៅក្នុង​ស្រុក​អន្លង់វែង​។ កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ (UNDP) និង ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ (USAID) បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាង​ពេញលេញ ចំពោះ​ការចាក់ បញ្ចាំងភាពយន្ត​ឯកសារ​នេះ​ចំនួន​ពីរលើក នៅក្នុង​ស្រុក​អន្លង់វែង​។​
​នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ ខ្សែភាពយន្ដ​នេះ​ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិវេណ​នៃ​វិទ្យាល័យ​ត្រពាំង​តាវ ដែលមាន​សិស្សានុសិស្ស​ប្រមាណ​ជាង​៤០០​នាក់​ចូល រួម​ទស្សនា​។ ក្នុងឱកាស​នោះដែរ សៀវភៅ «​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩)» ចំនួន​៥០០​ក្បាល ត្រូវបាន​ចែកជូន​ដល់​សិស្សានុសិស្ស និង​សាធារណជន​។​

ភាព​យន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» នឹងត្រូវ​ចាក់​បញ្ចាំង​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩ នេះ​សម្រាប់​ក្រុមយុវជន​-​យុវនារី​នៃ​វិទ្យាល័យ​ត្រពាំង​តាវ​

​ការចាក់​បញ្ចាំង​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» ចំនួន​១១ លើក​កន្លងមក សាធារណជន​ដែល​ចូលរួម​សរុប​មាន​ចំនួន​ប្រហែល​ជាង​បី​ពាន់​នាក់ ដែល​ក្នុងនោះ​រួមមាន ព្រះសង្ឃ សិស្សានុសិស្ស និង​ប្រជាជន​ជាដើម​។
​ទស្សនៈ យោបល់​គួរ​ឲ្យ​កត់សម្គាល់​ជាច្រើន​ត្រូវបាន​សម្តែង​ចេញ បន្ទាប់ពី​បាន​ទស្សនា​ផ្ទាល់​។ សាធារណជន​មួយចំនួន​ពិតជា​យល់ស្រប​ថា ជីវិត​មនុស្ស​តាំងពី​កើត​រហូតដល់​ស្លាប់​គឺ​ត្រូវការ​ព្រៃឈើ​។ ឯ​អ្នក​ខ្លះទៀត​យល់ថា ខ្លួន​ស្ទើរតែ​ពុំ​ជឿថា ធនធានធម្មជាតិ​ដ៏​មានតម្លៃ ដូចជា ព្រៃឈើ និង​សត្វព្រៃ​ក្នុងប្រទេស​របស់ខ្លួន​អាច​បន្ដ​រក្សា​រហូតមក​ដល់ពេល​បច្ចុប្បន្ននេះ​សោះ​។ ប្រជាជន​ភាគច្រើន​ក្រោយពី​បាន​ទស្សនា​ខ្សែភាពយន្ដ​នេះហើយ បានបង្ហាញ​ចេញ​នូវ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ទៅវិញ​ថា ការថែរក្សា​ធនធានធម្មជាតិ​របស់​ខ្លួន​តាមរយៈ​ការលើកស្ទួយ​នូវ​តម្លៃ​ព្រះពុទ្ធសាសនា ដោយ​ការចូល​ជា​បច្ច័យ និង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ គឺជា​កិច្ច​ការដែល​យើងទាំងអស់គ្នា​គួរតែ​អាចធ្វើ​ទៅបាន​។ អាស្រ័យ​ហេតុនេះហើយ​ទើប​អ្នកចូលរួម​ទស្សនា​ភាពយន្ត​នេះ​មួយចំនួន​បាន​និយាយ​បន្ថែមទៀតថា ខ្លួន​គាំទ្រ និង​អប់រំ​កូនចៅ និង​កុមារ​តូចៗ​របស់ខ្លួន​ឲ្យ​រៀន​ស្គា​ល់ពី​តម្លៃ​នៃ​ការថែរក្សា​បរិស្ថាន​ធម្មជាតិ​នៅក្នុង​សហគមន៍​របស់ខ្លួន​ឲ្យ​បាន​គង់វង្ស​ទៅ​ថ្ងៃ​អនាគត​។ ទស្សនៈ​ខ្លះទៀត​បាន​ភ្ជាប់​នូវ​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ទៅនឹង​ប្រវត្តិសាស្ត្រ​របស់​អន្លង់វែង ដោយ​និយាយថា ខ្លួន​មិន​នឹកស្មានថា អន្លង់វែង បាន​វិវឌ្ឍន៍​ចេញពី​ភាព​អន្ធ​រការ ឆ្ពោះទៅរក​តំបន់​ទាក់ទាញ​មួយ​តាមរយៈ​ទេសចរណ៍​បៃតង ប្រ​វ​ត្ដិ​សាស្ដ្រ និង​ជីវៈចម្រុះ​បែបនេះ​សោះ​។​

ភាព​យន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» នឹងត្រូវ​ចាក់​បញ្ចាំង​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩ នេះ​សម្រាប់​ក្រុមយុវជន​-​យុវនារី​នៃ​វិទ្យាល័យ​ត្រពាំង​តាវ​

​តាមរយៈ​ការចាក់​បញ្ចាំង​នូវ​ខ្សែភាពយន្ដ «​ឆ្មាំ​ព្រៃ​» ជាច្រើនលើក​កន្លងមក ទីភ្នាក់ងារសារព័ត៌មាន​ក្នុងស្រុក និង​អន្តរជាតិ​ប្រហែលជា​២០​បាន​សរសេរ និង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​ការអភិរក្ស​ព្រៃឈើ ដែល​ផ្តួច​ផ្តើមចេញពី​ព្រះ​តេជគុណ ប៊ុន សា​លួត ដែល​សហការ​ជាមួយ​ក្រុមការងារ​រប​ស់​ព្រះអង្គ និង​ស្ថាប័ន​សមត្ថកិច្ច ដើម្បី​តស៊ូ​ជម្នះ​នឹង​ឧបសគ្គ​ជាច្រើន​ក្នុង​កិច្ចការពារ​ព្រៃឈើ​នេះ​។

​ព្រះ​តេជគុណ ធ្លាប់មាន​សង្ឃដីកា​រថា «​ធម្មជាតិ​បាន​ព្រម​រស់នៅ​ជាមួយ​មនុស្ស​ហើយ នៅឡើយ​តែម​នុស្ស​ទៅវិញ​ទេ ដែល​ពុំទាន់​សម្រប​ខ្លួន​ចេះ​រស់នៅ​ជាមួយ​ធម្មជាតិ​»៕
សរន

ភាព​យន្ត​ឯកសារ «​ឆ្មាំ​ព្រៃ​» នឹងត្រូវ​ចាក់​បញ្ចាំង​ជា​លើកចុងក្រោយ​ក្នុង​ឆ្នាំ​២០១៩ នេះ​សម្រាប់​ក្រុមយុវជន​-​យុវនារី​នៃ​វិទ្យាល័យ​ត្រពាំង​តាវ​