​ភារកិច្ច​ស្នូល​របស់​មន្ទីរ​ពាណិជ្ជ​កម្ម​គឺ​ជួយ​សម្រួល​ធុរកិច្ច​វិស័យ​ឯកជន​

625
ចែករម្លែក
  • 381
    Shares

ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​)៖​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​រំលឹក​អំពី​តួនាទី​ស្នូល និង​ទទួលខុសត្រូវ​របស់​ម​ន្ទីរ​ពាណិជ្ជកម្ម​រាជធានី​ខេត្ត​ក្នុង​ការជួយ​គាំទ្រ​វិស័យ​ឯកជន​និង​បាន​ស្នើសុំ​មន្ត្រី​ទាំងអស់ ប្រឹងប្រែង​អនុវត្តន៍​ការងារ​របស់ខ្លួន​ឱ្យបាន​ខ្ជាប់ខ្ជួន​។​កិច្ចការ​ត្រូវអនុវត្ត​យ៉ាង ហ្ម​ត​ចត់​បំផុត ដើម្បី​ធានាបាន​នូវ​ស្ថិរភាព​ទីផ្សារ និង​ប្រាក់ចំណូល​សមរម្យ​ជូន​ប្រជាកសិករ ដែលជា​អ្នក​ផលិត​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នាឱកាស​អញ្ជើញ​ជា​អធិបតីភាព ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​ផ្លូវការ​របស់លោក ផាន់ សំអាង ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ ជំនួស​លោក ថោង សា​គឿន (​ចូលនិវត្តន៍​)​។ ដែល​រៀបចំឡើង​នៅ​សាលប្រជុំ​រដ្ឋបាលខេត្ត​ព្រះវិហា​រ ក្រោម​វត្តមាន​ចូលរួម​ពី លោក អ៊ុន ចាន់​ដា អភិបាលខេត្ត តំណាង​អាជ្ញាធរ​ដែនដី ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាក់ព័ន្ធ រួមជាមួយ​វិស័យ​ឯកជន​ប្រមាណ​ជាង ២០០​នាក់​។​

​នៅក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានស្នើ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តព្រះវិហារ និង​ខេត្ត​ដទៃទៀត ចូលរួម​អនុវត្ត​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) ដែល​គាំទ្រ​ដោយ​មូលនិធិ​អន្តរជាតិ​អភិវឌ្ឍន៍​កសិកម្ម (IFAD)​។​សំដៅ​បង្កើន​ប្រាក់ចំណូល​ជូន​ប្រជាកសិករ តាមរយៈ​ការតភ្ជាប់​ផលិតកម្ម​ជាមួយ​ទីផ្សារ​ដែលមាន​ស្រាប់ និង​ប្រឹងប្រែង​អភិវឌ្ឍន៍​ទីផ្សារ​ថ្មី​បន្ថែមទៀត ដើម្បី​ជួយ​អ្នក​ផលិត​ទាំងអស់ អាចធ្វើ​ការលក់​កសិផល និង​ផលិតផល​បាន​កាន់តែច្រើន​។​

​លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ ដល់​អតីត​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ដ​ព្រះវិហារ ដែល​បាន​ប្រឺ​ង​ប្រែង​ដឹកនាំ​មន្ទីរ រហូត​ក្លាយទៅជា​អង្គភាព​មួយ ទទួលបាន​ការគាំទ្រ​ពី​សាធារណជន និង​គណៈ​អភិបាលខេត្ដ​គ្រប់​ជំនាន់​។ ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ ដែល​កន្លងមក​បានផ្ដល់​នូវ​កិច្ចសហការ​ល្អ និង​តែង​គាំទ្រ​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម ដូចជា​៖ ចូលរួម​គ្រប់គ្រង​សកម្មភាព​ក្រុមហ៊ុន​-​សហគ្រាស តាមដាន​ស្ថានភាព​ថ្លៃទំនិញ ។​ត្រួតពិនិត្យ​គុណភាព​ទំនិញ​, ចុះ​ឃ្លាំមើល​ទីផ្សារ និង​ផ្សព្វផ្សាយ​អំពី​ច្បាប់ និង​បទ​ប​ញ្ញ​ត្ដិ​ផ្សេងៗ រួមជាមួយ​ការរៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​វេទិកា​ធុរកិច្ច​ផ្សេងៗ​ជាដើម​។​

​បន្ថែម​លើ​នោះ ដើម្បី​សម្រេចបាន​លទ្ធផល​ថ្មីៗ​ថែមទៀត​ជូន​ខេត្តព្រះវិហារ និង​ក្រសួងពាណិជ្ជកម្ម លោក​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បានផ្តល់​អនុសាសន៍​មួយចំនួន ដល់​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី ដូចខាងក្រោម​៖​ត្រូវ​យកចិត្តទុកដាក់​ពង្រឹងសមត្ថភាព និង​អភិវឌ្ឍន៍​ខ្លួន ខិតខំ​សិក្សា​រៀនសូត្រ​ជំនាញ​ភាសាបរទេស និង​កំ​ព្យូ​ទ័​រ ដើម្បី​ដើរ​ឱ្យទាន់​សម័យកាល​ឌីជីថល​ថ្មី​។​
ត្រូវ​យកចិត្តទុកដាក់​បង្កើន​កិច្ចសហការ​ល្អជា​មួយ​ស្ថាប័ន និង​អង្គភាព​ពាក់ព័ន្ធ និង​គោរព​តាម​ការណែនាំ​របស់​ថ្នាក់ដឹកនាំ​ក្រសួង និង​គណៈ​អភិបាលខេត្ដ ។​

​ត្រូវ​ចេះ​សម្របសម្រួល​រាល់​បញ្ហា​របស់​អង្គភាព និង​ចេះ​ធ្វើ​ទំនាក់ទំនង​រវាង​ខ្សែបណ្ដោយ និង​ខ្សែទទឹង ដើម្បី​ដោះស្រាយ​បញ្ហា​ដោយ​ផ្អែកលើ​គោលការណ៍​ច្បាប់​។​ត្រូវ​ចេះ​ប្រើប្រាស់​ធនធានមនុស្ស​ដែល​នៅ​ជុំវិញខ្លួន ដោយ​មិន​រើសអើង មិន​ប្រកាន់​បក្សពួក ធ្វើយ៉ាងណា ផ្ដល់​ភាពកក់ក្ដៅ​ដល់​សហការី និង​ចេះ​ផ្ដល់ឱកាស​ដល់​មន្ត្រីក្រោមឱវាទ បាន​ចូលរួម​បញ្ចេញមតិ ក្នុងការ​សម្រេច​កិច្ចការ​ទូទៅ ត្រូវគោរព​តាម​ឋានានុក្រម​ការងារ​៕S/​