​ភូមិភាគ​បូព៌ា​ផ្សាភ្ជាប់​អតីតកាល និង បច្ចុប្បន្ន ទាក់ទង​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​

439
ចែករម្លែក

​ដោយៈ ដា​រ៉ា​រដ្ឋ មេត្តា អ្នកសរសេរ​ទស្សនាវដ្ដី​ស្វែងរក​ការពិត​
​ភ្នំពេញៈ
ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិតនៅ​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​កម្ពុជា ហើយ​ជា ខេត្ត​មួយ​ដែលមាន​សក្ដានុពល​ខាង​វិស័យ​កសិកម្ម​ដែរ​។ ខេត្តព្រៃវែង ស្ថិតនៅក្នុង​ចំណោម​ខេត្ត​ដែល​កើតមាន​នូវ​ចលនា​កុម្មុយនីស្ត​ដំបូង​។ សោ ភឹម ដែលជា​លេខា​ភូមិភាគ​បូព៌ា ហើយ​បុគ្គល​មានអំណាច​ទី​៤ បន្ទាប់ពី ប៉ុល ពត​, នួន ជា និង អៀង សារី​។ នៅក្នុង​ខែមិថុនា ឆ្នាំ​១៩៧៨ សោ ភឹម ត្រូវបាន​ចោទប្រកាន់ថា ក្បត់​នឹង​បក្ស​កុម្មុយនីស្ដ​កម្ពុជា​។

​បន្ទាប់ពី​មាន​ព្រឹត្តិការណ៍​នេះ​កើតឡើង ប្រជាជន​ភូមិភាគ​បូព៌ា​បាន​ក្លាយជា​មុខសញ្ញា​នៃ​ការរើសអើង និង​យកទៅ​សម្លាប់​ពី​សំណាក់​មេដឹកនាំ នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ នៅក្នុង​ការលើកកម្ពស់​ដល់​ការសិក្សា​ស្រាវជ្រាវ និង​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​អតីតកាល មូលហេតុ​ដែល​បាន​កើតឡើង​និង​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ដែលជា​ស្ថាប័ន​ឯករាជ្យ​បានធ្វើការ​សិក្សា​ជ្រាវ និង​ចងក្រង​ឯកសារ​ប្រវត្តិសាស្ត្រ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ធំជាងគេ​បង្អស់​ក្នុងប្រទេស​កម្ពុជា​។​

​ដោយ​ស្វែងយល់​ពី​តម្រូវការ​របស់​ប្រជាជន​មូលដ្ឋាន និង​បទឧក្រិដ្ឋ​តែង​កើត​មាននៅ​មូលដ្ឋាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ជា បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា​។ មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា មាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​នៃ​សាលា​គរុកោសល្យ​ភូមិភាគ​ព្រៃវែង ហើយក៏​ត្រូវបាន​ដាក់ឈ្មោះ​តាម​តំបន់​ដែល សោ ភឹម ធ្លាប់បាន​គ្រប់គ្រង​ក្នុង​គោលបំណង​ចងចាំ​ប្រវត្តិ​សា​ស្រ​ដ៏​សែន​សោកសង្រេង​ដែល​មិន​ត្រូវបាន​បំភ្លេច​។​

​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ភូមិភាគ​បូព៌ា រួមមាន ខេត្តព្រៃវែង ស្វាយរៀង និង​ផ្នែក​ខ្លះ​នៃ​ខេត្តកំពង់ចាម ដែល​ស្ថិតនៅ​ត្រើយ​ខាងកើត​នៃ​ទន្លេមេគង្គ​ទាំងអស់​, ផ្នែក​ខ្លះ​ដែល​កាត់​ចេញពី​ខេត្តក្រចេះ​គឺ ស្រុក​ឆ្លូង និង​ផ្នែក​ខ្លះ​ដែល​កាត់​ចេញពី​ខេត្តកណ្ដាល ដែល​រួមមាន ស្រុក​ខ្សាច់កណ្ដាល ល្វាឯម និង​មុខកំពូល​។ មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា បាន​ជួយ​ប្រជាជន​នៅតាម​មូលដ្ឋាន និង​សិស្ស​និស្សិត​នៅតាម​បណ្ដា​ខេត្ត អាច​ស្វែងរក​ឯកសារ​ទាក់ទង​នឹង​ប្រធានបទ​របស់ខ្លួន​នៅក្នុង​ខេត្ត​របស់ខ្លួន​ផ្ទាល់ ដោយ​មិនមែន​ប្រមូលផ្ដុំ​តែ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ នៅ​ក្នុងនោះ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា បាន​រក្សាទុក​ឯកសារ​ជាច្រើន រួមមាន រូបភាព សំឡេង វីដេអូ បទសម្ភាសន៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កាលពីដើម​ខែឧសភា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​នាំយក​នូវ​ល្ខោននិយាយ​ដែលមាន​ចំណងជើង​ថា «​ទម្លាយ​ភាព​ស្ងៀមស្ងាត់​» ទៅ​សម្តែង​ជូន​ប្រជាជន សិស្ស និស្សិត នៅក្នុង​ខេត្តព្រៃវែង​ទស្សនា​។ ល្ខោន​នេះ​ក៏​ជា​វេទិកា​សម្រាប់​ពិភាក្សា​រវាង​អ្នកគាំទ្រ និង​អ្នក​ដែល​មិន​គាំទ្រ​របប​ខ្មែរក្រហម​។​

​កែម យ​ន ដែលមាន​អាយុ ៧២​ឆ្នាំ រស់នៅក្នុង​ស្រុក​កំពង់ត្របែក បានបង្ហាញ​នូវ​សេចក្ដីរំភើប​នៅពេល​បាន​ទស្សនា​ល្ខោននិយាយ​នេះ និង​បាន​នឹកឃើញ​ពី​ជីវិត​ដែល​គាត់​ធ្លាប់​រស់នៅក្នុង​របប​ខ្មែរក្រហម ។ យ​ន បានបង្ហាញ​ពី​អារម្មណ៍​របស់​ម្ដាយ​អាណិតកូន​នៅក្នុង​សាច់រឿង​ល្ខោន​។ កាលនោះ​កូនប្រុស​របស់គាត់​ដែលមាន​អាយុ​ប្រហែល​២​ឆ្នាំ គ្មាន​អាហារ​សម្រាប់​ហូប​ឡើយ​។ យ​ន បាន​ទៅសុំ​របប​អាហារ​ពី​ចុងភៅ​នៅ​រោង​បាយ​រួម​ឲ្យ​កូន ប៉ុន្តែ​ប្រធាន​រោង​បាយ​បាន​បដិសេធ ហើយ​ថែមទាំង​ចោទ​គាត់​ថា យក​អាហារ​ទៅ​ចិញ្ចឹម​ខ្មាំង​ទៀតផង​។ កូន​របស់ យ​ន បាន​យំ​រហូត​ខ្សោះ​ខ្លួន ដោយសារតែ​ស្រេកឃ្លាន​ខ្លាំង​។ យ​ន បា​នប​ន្តែ​ម​ថា «​ក្មេងជំនាន់ក្រោយ​ដូចជា​កូនស្រី​របស់ខ្ញុំ​កើត​មិនទាន់​របប​ខ្មែរក្រហម​ឡើយ ហើយ​ពេល​ខ្ញុំ​និយាយប្រាប់ ក៏​កូន​របស់ខ្ញុំ​មិន​ជឿ​ដែរ​»​។ យ​ន ចង់​ឲ្យ​ក្មេងជំនាន់ក្រោយ​បាន​ទស្សនា ល្ខោន​នេះ​។

​ភួង សុគន្ធ អាយុ​៣២​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ក្រុង​ព្រៃវែង មានចិត្ត​សប្បាយរីករាយ​ដែល​បានឃើញ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​យក​ការសម្ដែង​នេះ​ជាការ​អប់រំ​។ ល្ខោន​នេះ​បានធ្វើ​ឲ្យ​យុវជន​កម្ពុជា​ដែល​កើត​ក្រោយ​ឆ្នាំ​១៩៧៩ ដឹង​ពី​ការលំបាក និង​ទុក្ខវេទនា​របស់ ឪពុកម្ដាយ និង​ប្រជាជន​កម្ពុជា​។ ភួង បាន​ចាប់អារម្មណ៍​ចំពោះ​ឈុត​ចុងក្រោយ​ដែលមាន​យុវជន​ម្នាក់​គឺជា​ក្មេងជំនាន់ក្រោយ ដែលជា​អ្នក​មិនបាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ឡើង​សួរ​សំណួរ​។ ភួង បាន​លើកឡើងថា ឪពុកម្ដាយ​ដែល​បាន​ឆ្លងកាត់​នូវ​របប​ខ្មែរក្រហម​ត្រូវតែ​ចែករំលែក​បទ​ពិ​សោ​ធ៍​ដែល​ខ្លួន​បាន​ឆ្លងកាត់​ទៅកាន់​កូន ព្រោះ​កូនៗ ក៏មាន​សិទ្ធិ​ក្នុងការ​ស្វែងយល់​នូវ​ប្រវត្តិសាស្ត្រ ដែល​បាន​កើតឡើង​ដែរ​ហើយ​វា គឺជា​វិធីសាស្ត្រ​ក្នុងការ​ដោះស្រាយ និង​ទប់ស្កាត់​កុំ​ឲ្យ​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​ម្តងទៀត​។ ភួង មាន​ភាព​រីករាយ​ដែល​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា បង្កើត​មជ្ឈមណ្ឌល​ឯកសារ​ភូមិ​បូព៌ា​នៅក្នុង​ខេត្តព្រៃវែង ព្រោះ​បានធ្វើ​ឲ្យ​ប្រជាជន សិស្ស និស្សិត និង​អ្នកស្រាវជ្រាវ​ដែល​រស់នៅក្នុង​មូលដ្ឋាន មាន​ភាពងាយស្រួល​ក្នុង​ការអាន​ឯកសារ​។

​អ៊ុង ស្រីមុំ គឺជា​គរុ​សិស្ស​នៅ​ខេត្តព្រៃវែង ចង់​ឲ្យ​មានការ​រៀបចំ​កម្មវិធី​សម្តែង​បែបនេះ ជា​រៀងរាល់ឆ្នាំ ព្រោះ​បានបង្ហាញ​នូវ​តម្លៃ​អប់រំ​ដល់​យុវជន​ជំនាន់​ក្រោយ ដែល​មិនបាន​ឆ្លងកាត់​នូវ​ភាព​លំបាន​វេទនា​។ ស្រី មុំ ចាប់អារម្មណ៍ ក្នុង​ឈុត​ដែលមាន​ក្មេងស្រី​ម្នាក់​ដែល​បាន​លួច​អង្ករ​របស់​គ្រួសារ​ដែល​កំពុងតែ​ខ្វះខាត​។ ប៉ុន្តែ​ម្ដាយ​មិនបាន​ចាប់កំហុស​របស់​កូន​ទេ ហើយ​ក្ដី​ស្រឡាញ់​របស់​ម្ដាយ​មិន​ប្រែប្រួល​ចំពោះ​កូន​ដែរ​។​

​លោក បួ​យ វុទ្ធី ដែលជា​នាយក​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង បាន​សម្ដែង​ក្ដី​រីករាយ​ដែល​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​បាន​ផ្សព្វផ្សាយ​សម្រាប់​ក្មេងជំនាន់ក្រោយ​ដែល​មិនបាន​ឆ្លងកាត់ លោក​បាន​លើកឡើងថា «​គ្មាន​ប្រជាជន​កម្ពុ​ជាណា​ម្នាក់​ដែល​មិនបាន​បាត់បង់​សមាជិក ឬ​សាច់ញាតិ​របស់ខ្លួន​នៅក្នុង​របប​ខ្មែរក្រហម​ឡើយ​»​។ ក្មេងជំនាន់ក្រោយ​ត្រូវតែ​ចងចាំ និង​រៀនសូត្រ​ពី​ប្រវត្តិសាស្ត្រ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​របប​ខ្មែរក្រហម​កើតឡើង​ម្ដងទៀត​។ លោក​ក៏បាន​លើកទឹកចិត្ត​ឲ្យ​សិស្ស និស្សិត អ្នកសិក្សា​ស្រាវជ្រាវ និង​សាធារណជន​ចូលមក​អាន និង​ស្រាវជ្រាវ​ឯកសារ​នៅ​មជ្ឈមណ្ឌល​ឯកសារ​ភូមិភាគ​បូព៌ា​ដែរ​៕ ល​