ដោយៈ សុខ វណ្ណៈ បុគ្គលិកមជ្ឈមណ្ឌលផ្សះផ្សាវាលវែង
ភ្នំពេញៈ ភូមិក្រពើពីរជាភូមិចាស់កើតតាំងពីសម័យអាណានិគមបារាំង។ ភូមិនេះមិនសូវមានប្រជាជនមករស់នៅច្រើនទេដោយសារតែមានព្រៃឈើក្រាស់ និងមានសត្វព្រៃជាច្រើនប្រភេទជាពិសេសហ្វូងសត្វដំរី។ ប្រជាជនរស់នៅភូមិក្រពើពីរកាលពីមុនសម័យសង្គ្រាមពិបាកទៅផ្សារទិញប្រហុកអំបិលដោយសារតែផ្លូវលំបាក។
បើតាមការនិយាយតៗរបស់អ្នកភូមិ ការដាក់ឈ្មោះ ភូមិក្រពើពីរ ដោយសារកាលដើមឡើយមានអ្នកភូមិជាច្រើនធ្លាប់បានឃើញក្រពើពីរក្បាលមានញីមានឈ្មោល រស់នៅក្នុងជ្រោះភ្នំពីរដែលមានសណ្ឋានដូចជារូបក្រពើ។ក្រពើទាំងពីរក្បាលបានហែលចេញពីជ្រោះភ្នំមកចាប់ត្រីស៊ីក្នុងស្ទឹងជាអាហារ ហើយឡើងដេកលើគោក។ សត្វក្រពើរស់នៅក្នុងភូមិនេះនៅមានរហូតមកដល់សព្វថ្ងៃនេះ។ ភូមិក្រពើពីរ ស្ថិតនៅក្នុងឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ បើយើងធ្វើដំណើរចេញពីរង្វល់មូលប្រមោយ តាមផ្លូវលំក្រាលគ្រួសក្រហមលាយជាមួយដុំថ្មតូចៗ និងឆ្លងកាត់អូរ កាត់ព្រៃដ៏ស្រស់ស្អាត និងកាត់ភ្នំជាច្រើន ក្នុងចម្ងាយប្រហែលជា៤០គីឡូម៉ែត្រ ទើបទៅដល់ភូមិក្រពើពីរ។
នៅក្នុងរដូវធ្លាក់ភ្លៀង នៅដើមខែឧសភា ការធ្វើដំណើរដោយជិះរថយន្តគឺត្រូវចំណាយពេលរហូតដល់ជិតពីរម៉ោងទើបបានទៅដល់ភូមិនេះ។ ភូមិក្រពើពីរសព្វថ្ងៃត្រូវបានដំឡើងទៅជាឃុំក្រពើពីរ និងមានភូមិចំនួន១០ចំណុះឲ្យឃុំនេះ ក្នុងនោះមានភូមិចំនួនបីជាភូមិដែលមានអនុក្រិត្យជាផ្លូវការដែលចេញពីក្រសួងមហាផ្ទៃ ដូចជាភូមិក្រពើពីរលើ ភូមិក្រពើរពីក្រោម និងភូមិសំឡាញ ចំណែកភូមិចំនួន៧ផ្សេងទៀតមិនទាន់មានអនុក្រិត្យជាផ្លូវការទេ ដូចជា ភូមិក្រសាំងព្នៅ ភូមិអូរតាទិន ភូមិកុំប៉ង ភូមិអូររំចេក ភូមិអូរធំ ភូមិស្មែត និងភូមិបឹងរំលេច។ ភូមិទាំងនេះសព្វថ្ងៃភាគច្រើនមានអតីតកម្មាភិបាលខ្មែរក្រហមចូលមករស់នៅប្រមាណ៧០ភាគរយ ចំណែកប្រជាជនចំណូលថ្មីមានប្រហែលជា២៥ទៅ៣០ភាគរយប៉ុណ្ណោះ។ ប្រជាជនចាស់ដែលធ្លាប់រស់នៅក្នុងភូមិក្រពើពីរតាំងពីសង្គមចាស់ បានផ្លាស់ទីលំនៅដ្ឋានរបស់គាត់ទៅកន្លែងផ្សេងដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ៧០ ហើយអ្នកទាំងនោះមិនបានត្រឡប់មករស់នៅតាមភូមិវិញទេ។ អតីតកម្មាភិបាលខ្មែរក្រហមដែលរស់នៅក្នុងភូមិក្រពើពីរនេះភាគច្រើនមកពីខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
ទូច ឡេង អតីតកម្មាភិបាលខ្មែរក្រហម អាយុ៦៥ឆ្នាំ មកពីនៅភូមិដើមចាន់ ឃុំរមិញ ស្រុកកោះអណ្តែត ខេត្តតាកែវ បានរៀបរាប់ថា ខ្ញុំបានមករស់នៅភូមិក្រពើពីរក្រោម ដើម្បីប្រកបរបរធ្វើស្រែ និងចម្ការ។
ខ្ញុំរៀនបានត្រឹមថ្នាក់ទី៧ចាស់ប៉ុណ្ណោះ នៅសាលាអនុវិទ្យាល័យកោះអណ្តែត កាលនៅស្រុកកំណើត ដោយសារកើតមានរដ្ឋប្រហារទម្លាក់សម្តេចសីហនុ។ នៅពេលនោះ ខ្ញុំមានអាយុ១៦ឆ្នាំ ខ្ញុំបានឮសម្លេងសម្តេច សីហនុ ប្រកាសតាមវិទ្យុពីទីក្រុងប៉េកាំងប្រទេសចិន ឲ្យកូនចៅចូលព្រៃម៉ាគីដើម្បីរំដោះប្រទេសជាតិឲ្យរួចផុតពីការត្រួតត្រារបស់បរទេស ជាពិសេសសហរដ្ឋអាមេរិក។ ការប្រកាសនេះ ត្រូវបានផ្សព្វផ្សាយបន្ត និងឮសុះសាយពាសពេញផ្ទៃប្រទេស។ ខ្ញុំគឺជាយុវជនវ័យក្មេងដែលងាយជឿទុកចិត្ត និងចាញ់បោកការឃោសនារបស់អ្នកនយោបាយដោយមិនដឹងខ្លួន។ ការឃោសនាអំពីការតស៊ូដើម្បីប្រទេសជាតិពេលនោះ បានធ្វើឲ្យខ្ញុំ និងយុវជននៅក្នុងភូមិនាំគ្នាស្ម័គ្រចូលបម្រើចលនាខ្មែរក្រហមនៅខែ៩ ឆ្នាំ១៩៧០ ដោយមិនស្ទាក់ស្ទើរឡើយ។ ការឃោសនារបស់ខ្មែរក្រហមឲ្យប្រជាជនចូលរួមជាមួយចលនារបស់ខ្លួន ស្របពេលដែលមានយន្តហោះខាងរដ្ឋាភិបាល លន់ នល់ បានហោះមកទម្លាក់គ្រាប់បែកនៅក្នុងភូមិរបស់ខ្ញុំ ទាំងយប់ទាំងថ្ងៃ។ ទោះបីការទម្លាក់នោះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ប្រជាជននៅតាមស្រុកចម្ការក៏ដោយ ក៏ប្រជាជនមានការបារម្ភ ភ័យខ្លាច និងជួបការលំបាកក្នុងការប្រកបមុខរបរធ្វើស្រែចម្ការដែរ។ ខ្ញុំបានឃើញសកម្មភាពទម្លាក់គ្រាប់នេះជាក់ស្តែងនៅក្នុងភូមិទើបធ្វើឲ្យខ្ញុំមានការឈឺចាប់កាន់តែខ្លាំងឡើង រហូតហ៊ានលះបង់ជីវិតដោយមិនស្តាយស្រណោះឡើយ។
នៅឆ្នាំ១៩៧១ ខ្ញុំបានឡើងមកធ្វើជានីរសានៅស្រុកកោះអណ្តែត ដែលកាលនោះមាន តាអ៊ន តាភន តាខឹម ជាគណៈស្រុក។ ការងារនីរសារខ្ញុំគឺនាំយកសំបុត្រពីស្រុក ទៅឲ្យថ្នាក់មូលដ្ឋាន និងឃុំជាសម្ងាត់ ព្រោះកន្លែងខ្លះខាងរដ្ឋការ លន់ នល់ នៅគ្រប់គ្រងនៅឡើយ។ មធ្យោបាយរត់សំបុត្ររបស់ខ្ញុំពេលនេះ គឺដើរថ្មើរជើង ហើយនៅពេល ប្រញាប់ខ្លាំងខ្ញុំបានជិះកង់។
នៅឆ្នាំ១៩៧៣ ខ្ញុំបានមកធ្វើជានីរសាតំបន់១៣ ដោយមានតាសោម គឺជាគណៈតំបន់។ នីរសារតំបន់ គឺមានតួនាទីយកសំបុត្រពីតំបន់ទៅប្រគល់ជូនកងពលនៅសមរភូមិផ្ទាល់។ បន្ទាប់មកទៀត ខ្ញុំបានចូលធ្វើយោធានៅកងពលទី២ ដែលមាន តាប៊ិត តាគិន តារិន ជាប្រធាន។ ពេលនោះ ខ្ញុំនៅក្នុងវរសេនាធំ១៤ ដែលមាន តាសឿន ប្រធាន ចំណុះឲ្យអនុសេនាតូច៣៦០ ដែលមាន តាបឿន ជាអ្នកដឹកនាំ។ នៅពាក់កណ្តាលឆ្នាំ១៩៧៤ ខ្ញុំបានចូលសមរភូមិវាយជាមួយកង លន់ នល់ នៅតាមបណ្តោយផ្លូវលេខ២ រហូតដល់ម្តុំព្រៃស។ ពេលនោះ ខ្ញុំត្រូវរបួសជើង និងត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យកងពល។
នៅពេលខ្ញុំបានជាពីស្នាមរបួស នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូនខ្ញុំឲ្យទៅការពារព្រំដែន នៅខាងស្រុកគិរីវង្ស។ ខ្ញុំនៅចាំថា មុនដំបូងយោធាខ្មែរក្រហមនិងកងទ័ពវៀតណាមមានទំនាក់ទំនងល្អ ហើយអង្គភាពយោធាក៏បានចាត់តាំងយោធាខ្មែរក្រហមទាំងអស់ឲ្យធ្វើស្រែ។ ចាប់ពីឆ្នាំ១៩៧៧ សង្គ្រាមបានផ្ទុះឡើងជាមួយប្រទេសវៀតណាម ដោយខ្មែរក្រហមបានជំនួយអាវុធពីប្រទេសចិន។ ខ្ញុំបានចូលប្រយុទ្ធតទល់នឹងកងទ័ពវៀតណាមបានមួយរយៈខ្លី មុខរបួសរបស់ខ្ញុំក៏ចាប់ផ្តើមរើបឡើងវិញ។ អង្គការបានបញ្ជូនខ្ញុំមកសម្រាកព្យាបាលនៅភ្នំពេញ។
ខ្ញុំបានស្នាក់នៅពេទ្យរហូតដល់មានកងទ័ពវៀតណាមវាយចូលដល់ ក្រុងភ្នំពេញ ឆ្នាំ១៩៧៩ ទើបខ្ញុំបានប្រជ្រៀតឡើងជិះរថភ្លើងជាមួយកម្មាភិបាលខ្មែរក្រហម រាប់រយនាក់ទៀតទៅខេត្តបាត់ដំបង។ បន្ទាប់មក ខ្ញុំបានចុះពីរថភ្លើង រួចហើយធ្វើដំណើរចូលទៅក្នុងព្រៃជាមួយមិត្តភក្តិស្គាល់ៗគ្នារហូតដល់ព្រំដែនខ្មែរថៃ និងបានចេញចូលទឹកដីថៃជាញឹកញាប់។ ក្រោយមក ខ្ញុំបានចូលធ្វើយោធាខ្មែរក្រហមនៅតាមបណ្តោយព្រំដែនកោះកុង និងថ្មដា ម្តងទៀត។ ខ្ញុំនៅក្នុងកងពលទី២ ដែលមាន តារ៉ែន និងតាសេង គឺជាប្រធានកងពល។
នៅឆ្នាំ១៩៧៩ យោធាខ្មែរបានប្រមូលផ្តុំគ្នាជាច្រើនកងពលវាយប្រយុទ្ធតទល់នឹងវត្តមានកងទ័ពវៀតណាម ព្រោះខ្មែរក្រហមចោទថា កងទ័ពវៀតណាមបានឈ្លានពាន រំលោភទឹកដីកម្ពុជា។ យោធាខ្មែរក្រហមក៏មានជំនួយពីប្រទេសចិនដែរ។ ខ្មែរក្រហមបានវាយប្រយុទ្ធតទល់នឹងកងទ័ពវៀតណាមរហូតដល់ឆ្នាំ១៩៨៩ ទើបកងទ័ពវៀតណាមដកចេញពីប្រទេសកម្ពុជា។ ទោះបីប្រទេសកម្ពុជាលែងមានវត្តមានកងទ័ពវៀតណាម តែសង្គ្រាមរវាងកងទ័ពខ្មែរគ្នាឯងនៅតែបន្ត។
នៅឆ្នាំ១៩៩០ ការចរចារវាងខ្មែរ និងខ្មែរដើម្បីបញ្ចប់សង្គ្រាម និងស្វែង សន្តិភាពជូនប្រជាជន ត្រូវបានផ្តួចផ្តើមឡើង រហូតឈានទៅដល់ការបោះឆ្នោតដែលរៀបចំដោយអាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ឬហៅកាត់ថា (អ៊ុនតាក់) នៅឆ្នាំ១៩៩៣។ ពេលនោះគ្រប់ភាគីនយោបាយទាំងអស់បានចូលរួមក្នុងការបោះឆ្នោត លើកលែងតែក្រុមខ្មែរក្រហមបានធ្វើពហិការ។
នៅអំឡុងពេលនោះ ខ្ញុំបានផ្លាស់មករស់នៅភូមិក្រពើពីរ ហើយក៏បានឃើញកងកម្លាំងរបស់ អ៊ុនតាក់ ចូលមកតំបន់របស់ខ្ញុំរស់នៅដែរ ប៉ុន្តែខ្ញុំមិនស្គាល់ថាអ្នកទាំងនោះមានជាតិសាសន៍អ្វីខ្លះទេ។ បន្ទាប់មកសង្គ្រាមក៏ចាប់ផ្តើមផ្ទុះឡើងម្តងទៀត ហើយខ្មែរក្រហមក៏ប្រកាសឲ្យយោធាចេញទៅកាន់កងពលរៀងៗខ្លួនវិញ។ នៅពេលនោះ ប្រទេសចិនឈប់ផ្តល់ជំនួយឲ្យខ្មែរក្រហមហើយ ដូច្នេះខ្មែរក្រហមក៏បានចាប់កាប់ឈើហ៊ុបធំៗលក់ទៅឲ្យឈ្មួញថៃដើម្បីយកលុយធ្វើសង្គ្រាមបន្តទៀត។
រហូតដល់ឆ្នាំ១៩៩៦ មេកងពលរបស់ខ្មែរក្រហមជាច្រើនបានធ្វើសមាហរណកម្មចុះចូលជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយតំបន់វាលវែងក៏មានសន្តិភាពចាប់តាំងពី ពេលនោះមក៕ ល