​ភូមិ​ឃុំ​មាន​សុវត្ថិភាព​លុះត្រាតែ​បទល្មើស​កើតឡើង​ហើយ​បាន​បង្ក្រាប​ដោយ​ជោគជ័យ​

108
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត​បា​ន​បញ្ជាក់​អំពី​អត្ថន័យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​សំដៅលើ​រាល់​ករណី​បទល្មើស​កើតឡើង​ហើយ​គឺ​សមត្ថកិច្ច​នៃ​អាជ្ញាធរ​មូលដ្ឋាន​នោះបាន​បង្ក្រាប​ដោយ​ជោគជ័យ​។​នៅ​សាលប្រជុំ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៦​ខែមេសា​ឆ្នាំ​២០២០​រដ្ឋបាល​ខេត្តកំពត​បា​ន​ប្រារព្ធ​ពិធី​ប្រគល់​ជ័យលាភី​ជូន​ដល់​អាជ្ញាធរ​ឃុំ​សង្កាត់​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែលមាន​ស្នាដៃ​ល្អ​ប្រចាំឆ្នាំ​២០១៩​។

ថ្លែង​ក្នុងឱកាស​នោះ​លោក​ជាវ​តា​យ​អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តកំពត​បា​ន​មានប្រសាសន៍ថា​ប្រសិនបើ​មាន​បទល្មើស​កើតឡើង​នៅ​មូលដ្ឋាន​ណាមួយ​អាជ្ញាធរ​ក្នុង​ដែន​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ឱ្យបាន​ជោគជ័យ​ដើម្បី​បង្ការ​ការរីក​រាលដាល​នូវ​រាល់​ភាពអវិជ្ជមាន​ទាំងឡាយ​។​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ស្របតាម​ខ្លឹមសារ​ទាំងនេះ​មានន័យថា​មូលដ្ឋាន​នោះបាន​ឆ្លើយតប​ពេញលេញ​ទៅនឹង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល​ស្តីអំពី​ភូមិ​ឃុំ មាន​សុវត្ថិភាព​។

​លោក​អភិបាលខេត្ត​បាន​បន្តថា​កន្លងមក​នៅ​តាម​ភូមិ​ឃុំ​សង្កាត់​តែងមាន​ប្រអប់​គណនេយ្យភាព​សម្រាប់​ទ​ទួល​យក​និង​ឆ្លើយតប​ចំពោះ​ត​ម្រូ​ការ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​ប៉ុន្តែ​បច្ចុប្បន្ន​គ្រប់គ្នា​បាន​បង្វែរ​មកប្រើប្រាស់​ប្រព័ន្ធ​តេ​ឡេ​ក្រាម​វ៉​ចអាប់​ឬ​ហ្វេ​ស​ប៊ុ​ក​ដែលមាន​ប្រសិទ្ធ​ភាពប្រសើរ​ជាង​ពិសេស​បាន​ចូលដល់​ថ្នាក់ដឹកនាំ​កំពូល​តែម្តង​។

លោក​ជាវ​តា​យ​បាន​បញ្ជាក់ថា​កាលណា​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ពី​ភាព​អសកម្ម​ពាក់ព័ន្ធ​នឹង​បទល្មើស​ផ្សេងៗ​នោះ​ក្រសួងមហាផ្ទៃ​ពិតជា​ដាក់​ចូលមក​រដ្ឋបាលខេត្ត​។​ស្រប​នឹង​វិធានការ​របស់​ថ្នាក់ដឹកនាំ​នគរបាលជាតិ​ដើម្បី​មាន​ចំណាត់ការ​លើ​មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន​ជាក់​ជាមិនខាន​។​

ដូច្នេះ​ក្នុងនាម​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ក្រុង​ស្រុក​ដែលមាន​មន្ត្រី​នៃ​អធិការដ្ឋាន​និង​ប៉ុស្តិ៍​រដ្ឋបាល​ជា​សេនាធិការ​អភិបាលក្រុង​ស្រុក​ត្រូវ​ដឹកនាំ​អនុវត្ត​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ចំពោះ​កិច្ចការងារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​នេះ​៕S/​