​ភួង ណាំ​ហង អាច​នឹង​ឆ្លង​ផុត​ជុំ​ទី​១ ជាមួយ ស៊ឹម ប៊ុនឆៃ ឬទេ​?

261
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement សម្រាប់​ថ្ងៃទី​១៧ សីហា អ្នក​ប្រដាល់ ភួង ណាំ​ហង ក្លិប​រស្មី​កូនកំព្រា ត្រូវ​ជួប​ប្រកួត​ជាមួយ ស៊ឹម ប៊ុនឆៃ ក្លិប​ព្រៃទទឹង​កីឡា ខេត្តបាត់ដំបង ដែល​ការប្រកួត​នេះ ជាការ​ប្រកួត​ជុំ​ទី​១ នៃ​វគ្គ​ជម្រុះ​។​

​ប៊ុនឆៃ គេ​ជា​អ្នក​ប្រដាល់​ជើងចាស់ មួយរូប ដែល​មិនសូវ​មានឈ្មោះ បោះ​សម្លេង​ឡើយ ។ ទោះជា​យ៉ាង​ដូច្នោះ​ក្ដី ក៏​អ្នក​ប្រដាល់ មកពី​ខេត្តបាត់ដំបង​រូបនេះ គេ​តែងតែ​ប្រកួត​គ្រប់ទឹក​ជានិច្ច ។ ចំពោះ ភួង ណាំ​ហង វិញ មិនសូវមាន​នរណា​ស្គាល់​ទេ តែ​គេ​ហ៊ាន​ចុះឈ្មោះ​ចូលរួម​ប្រកួត ដណ្ដើមពាន រង្វាន់​បែបនេះ ទំនងជា​មិន​ខ្សោយ​ឡើយ ។ ការប្រកួត អ្នកឈ្នះ នឹង​បាន​ឡើងទៅ​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ឯ​អ្នកចាញ់ គឺ​ហាលអាវ ត្រឹមនេះ​តែម្ដង ។ ស៊ឹម ប៊ុនឆៃ និង ភួង ណាំ​ហង នរណា​មាន​សមត្ថភាព ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១ នេះ ?​។​

​ប្រកួត​ជម្រុះ ក្នុង​ជុំ​ទី​១ នៃ​ព្រឹ​ត្តិ្ក​ការណ៍​នេះដែរ អ្នក​ប្រដាល់ ពុទ្ធ សំបូរ ក្លិប​ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ស៊ន រ៉ា​គីម មកពី​ក្លិប​រា​ហ៊ូ​កីឡា ខេត្តបាត់ដំបង ។ សំបូរ ជា​អ្នក​ប្រដាល់ ដែលមាន​កណ្ដាប់ដៃ រហ័ស​ធ្ងន់ កែង​ល្អ តែ​ជង្គង់ និង​ទាត់ មិនសូវ​ជា​ច្បាស់​ប៉ុន្មាន​ទេ​។ ពួកគេ​ពុំ​ធ្លាប់​ជួប​ប្រកួត​គ្នា ពីមុនមក​ឡើយ តែ​មន្ត្រី​គ្រប់គ្រង​ការប្រកួត បាន​ប្រាប់​ឲ្យ​ដឹងថា ពួកគេ​មាន​សមត្ថភាព មិន​លើសខ្វះ គេ​នឹង​ប្រកួត​គ្នា បានល្អ​មើល​។ សមត្ថភាព​ប៉ុនគ្នា​បែបនេះ តើ ពុទ្ធ សំបូរ ឬ ស៊ន រ៉ា​គីម ជា​អ្នក​ដណ្ដើមបាន​កៅអី សម្រាប់​វគ្គ​ជម្រុះ​ជុំ​ទី​២ បន្តទៀត ?​។​

វង្ស ណ​យ និង ក្វាន់ អេក ស័​រ សុ​ផាប

​ការប្រកួត​ជា​មិត្តភាព ជាមួយ​អ្នក​ប្រដាល់​ថៃ វិញ​នោះ អ្នក​ប្រដាល់ វង្ស ណ​យ ក្លិប​កុលបុត្រ​គុន​ខ្មែរ ជួប​ជាមួយ អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ ក្វាន់ អេក ស័​រ សុ​ផាប (Kwan Ek Sor Sophap) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ញឹកញាប់​ដែរ ទើបតែ​មួយរយៈ​នេះ ដែល​គេ​ខាន​បង្ហាញមុខ​នៅ​ស្រុក​ខ្មែរ ។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ដែល​កណ្ដាប់ដៃ វ៉ៃ​ចេញ​រហ័ស ជើង​ធ្ងន់ និង​ការពារ​បាន​រឹងមាំ​ល្អ ។ ចំពោះ វង្ស ណ​យ វិញ គេ​ជា​អ្នក​ប្រដាល់ ដែល​ចូលចិត្ត​ប្រើ​ជង្គង់ និង កែង ផ្ដួល​គូប្រកួត ហើយ​អាវុធ​ទាំង​ទ្វេ របស់គេ​នេះ វ៉ៃ​ចេញ​មាន​ប្រសិទ្ធភាព​ណាស់ ។ ជំនួប​មួយ​នេះ មិនដឹងថា វង្ស ណ​យ ជា​អ្នកឈ្នះ ឬ ក៏​ក្វាន់ អេក ស័​រ​សុ​ផាប ជា​អ្នកឈ្នះ​នោះឡើយ ។ ពួកគេ​ទាំង ២ រូប សុទ្ធតែ​មានឱកាស​ឈ្នះ ដូចគ្នា តែ​មិនដឹងថា នរណា ជួប​សំណាងល្អ​នោះទេ​? ។​

​ជំនួប​រវាង អ្នក​ប្រដាល់​រួម​ជាតិ ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់ វិញ​នោះ ឌុន រ៉ៃ​យ៉ា ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ ឡុង ពិសិដ្ឋ ក្លិប​សាល​វ័​ន្ដ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ ភី សុភា ក្លិប​សែន​សុខ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សាន់ វាសនា ក្លិប​អា​រុណ​រះ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៦ គីឡូក្រាម ៕v