​ភ្ញៀវទេសចរ​ងាក​មក​កម្សាន្ត​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន ​មាន​សន្ទុះ​កើន​ខ្លាំង

518
ចែករម្លែក

ដោយៈ​សុខុម​/​ស្ទឹងត្រែងៈ​ នាឱកាស​បុណ្យចូលឆ្នាំ​ប៉ុន្មាន​ថ្ងៃនេះ​ តួលេខ​បណ្តា​ខេត្ត​ភាគ​ឦសាន​ប្រទេស​កម្ពុជា​មានដូចជា​ខេត្តក្រចេះ ​ខេត្តមណ្ឌលគិរី​ខេត្តរតនគិរី​និង​ស្ទឹងត្រែង ​សុទ្ធតែ​សន្ទុះ​ភ្ញៀវទេសចរ​កើនឡើង​ខ្លាំង​ខុសពី​ឆ្នាំមុន​។​នៅតាម​បណ្តា​ខេត្ត​នីមួយៗ​ភាគ​ឦសាន​សុទ្ធ​តែមាន​សក្តានុពល​ទេសចរណ៍ធម្មជាតិ​និង​វប្បធម៌​ពិសេស​ដោយឡែក​ពីគ្នា​។​

​ដោយសារតែ​ហេតុផល​នេះហើយ​ ទើប​ធ្វើឱ្យមាន​កំណើន​ភ្ញៀវទេសចរ​កាន់​តែច្រើន​។​ម្យ៉ាងទៀត​ខេត្ត​ដែល​រៀបចំ​បានល្អ​ក៏មាន​ភ្ញៀវ​ទៅលេង​ក៏​ច្រើន​ដែរ​។​គេ​រំពឹងថា​ឆ្នាំ​ខាងមុខៗ​ខេត្ត​ដែលមាន​សក្តានុពល​នឹងមាន​ការប្រកួតប្រជែង​រៀបចំ​ខេត្ត​របស់ខ្លួន​ដើម្បីស្រូបយក​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សែងមួយ​នេះ​កាន់តែ​អស្ចារ្យ​បន្ថែមទៀត​។


ងាក​មក​មើល​ខេត្តស្ទឹងត្រែង​មាន​ព្រំដែន​ជាប់​ប្រទេស​ឡាវ ​ឃើញថា​ សក្តានុពល​ទេសចរណ៍​បែប​ធម្មជាតិ​មាន​ច្រើនណាស់​។​ហើយ​ខេត្ត​ដែល​ទើបនឹង​ល្បីឈ្មោះ​កំពុងតែ​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ក្នុង​ដំណើរ​កម្សាន្ត គ្រប់​រដូវ​កាល ​ពិសេស​ក្នុងពេល​បុណ្យចូលឆ្នាំ​ទើបនឹង​បញ្ចប់​ទៅនេះ​។

​គេ​សង្កេតឃើញថា​ យុវវ័យ​ លោកគ្រូ​អ្នកគ្រូ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​រួមគ្នា​បង្កើត​កម្មវិធី​កម្សាន្ត​សប្បាយ​ច្រើន​កន្លែង​តាំង​ពីមុន​ថ្ងៃបុណ្យ​ចូលឆ្នាំ​មានដូចជា​ស​ង្ក្រា​ន្ដនៅតាម​សាលារៀន​និង​តាម​បណ្តា​ស្រុក​។​ថ្ងៃ​ចូលឆ្នាំ​ស​ង្ក្រា​ន្ដ​ធំ​បានរៀបចំ​នៅក្បែរ​ដង​ទន្លេសេកុង​ ដោយមាន​ការសម្តែង​សិល្បៈ​ជាច្រើន ​ព្រមទាំង​បានបង្ហាញ​ពី​វប្បធម៌​ទាក់ទង​នឹង​ខេត្តស្ទឹងត្រែង​ទៀតផង​។​រីឯ​ផ្នែក​សន្តិសុខ​វិញ​ឃើញថា​មាន​សភាព​ស្ងប់ស្ងាត់​ល្អ​ណាស់ ដោយ​អាជ្ញាធរបាន​ត្រៀម​ទុកជាមុន​រួចស្រេច​។

​តាម​របាយការណ៍​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បានបង្ហាញ​ថា ​ខេត្ត​មួយ​នេះ​មាន​សហគមន៍​និង​រមណីយដ្ឋាន​សរុប​ចំនួន​២៥​កន្លែង​ទទួលបាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​ឱកាស​បុណ្យចូលឆ្នាំ​រយះពេល​បី​ថ្ងៃ​ឆ្នាំ​២០១៩​នេះ​មាន​ចំនួន​៧២.៦៨៦​នាក់​មានការ​កើនឡើង​៧៧,៧៧​ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៨​។


​លោក​អ៊​ន់​ ប៉ោ​សឿន​​ ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង​បាន​ពន្យល់ថា​ មាន​ហេតុផល​ជាច្រើន​ដែល​ធ្វើឱ្យ​ភ្ញៀវ​មានការ​ចាប់អារម្មណ៍​មក​កម្សាន្ត​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​។​បច្ចុប្បន្ន​ខេត្ត​មួយ​នេះ មាន​ហេ​ដ្ឋា​រចនាសម្ព័ន​ទេសចរណ៍​ត​ភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​និង​មាន​ស្ពាន​ចំនួន​២​កាត់​ទន្លេ​បានល្អ​។​មាន​ផលិតផល​ទេសចរណ៍​ខេត្ត​កាន់តែច្រើន ​ទើប​ធ្វើឱ្យមាន​ភាព​ទាក់ទាញ​ដល់​អ្នក​ទេសចរណ៍​។
​ការផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​ខេត្ត​កាន់តែ​ទូលំ​ទៅ​លាយ​។​និន្នាការ​ទេសចរ​ក្នុងស្រុក​មានការ​ចាប់អារម្មណ៍​ក្នុង​ដំណើរ​កម្សាន្ត​ងាក​មក​បែក​ឦសាន​កម្ពុជា​។​សន្តិសុខ​និង​ការអភិវឌ្ឍន៍​ទៅមុខ​ក្រោម​ការដឹកនាំ​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា​៕S/​Ha