​ភ្ញៀវ​ទេសចរណ៍​បរទេស​ចាប់អារម្មណ៍​សារមន្ទីរ​ខេត្តកំពត​ក្នុង​ការចូល​ទស្សនា​និង​ស្រាវជ្រាវ​

457

(​កំពត​)​សារមន្ទីរ​ដែលជា​សំណង់​អគារ​បែប​រចនាបទ​កេរដំណែល​បន្សល់ទុក​ដោយ​អាណានិគមនិយម​បារាំង​មាន​ទីតាំង​ស្ថិតក្នុង​បរិវេណ​សាលា​ខេត្តកំពត​បានដាក់​តាំង​រូបថត​រូបសំណាក​និង​ឯកសារ​សំខាន់ៗ​ជាច្រើន​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ពិសេស​ជា​ប្រយោជន៍​ក្នុងការ​សិក្សា​ស្រាវជ្រាវ​នូវ​ប្រវត្តិ​នានា​។ ទីនេះ​ទទួលបាន​ការនិយម​ចូលចិត្ត​ខ្លាំង​ពី​ទេសចរណ៍​បរទេស​។ ប៉ុន្តែ ពលរដ្ឋ​ខ្មែរ​ហាក់​ចាប់អារម្មណ៍​តិចតួច​បំផុត​។​

​លោក​ញ៉ូ​វ សា​ឯម សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពត និង​ជានា​យក​គ្រប់គ្រង​សារមន្ទីរ​បាន​មានប្រសាសន៍ថា ក្នុង​សារមន្ទីរ​មាន​រូបថត​មនុស្ស​ល្បីៗ​ពី​បុរាណកាល រូបសំណាក់​កេរដំណែល​វប្បធម៌​ខ្មែរ ឯកសារ​សំខាន់ៗ​ដែល​បានមកពី​ការ​បន្សល់ទុក ការប្រគល់​ឱ្យ​ដោយ​ប្រជាពលរដ្ឋ​និង​ការប្រមូល​បាន​ពី​ភូមិសាស្ត្រ​នានា​ទូទាំង​ខេត្ត​។​

របស់​ទាំងនេះ​មាន​សារសំខាន់​សម្រាប់​ការស្រាវជ្រាវ​អំពី​ប្រវត្តិ​នៃ​អ្នកដឹកនាំ ទីតាំង​ប្រវត្តិសាស្ត្រ ក៏ដូចជា​ការកកើត​នូវ​កន្លែង​សំខាន់ៗ​ក្នុង​ខេត្តកំពត​។ប៉ុន្តែ​អ្វីដែល​គួរឱ្យ​សោកស្តាយ​នោះ គឺ​ពលរដ្ឋ​ខ្មែរ​ហាក់ដូចជា​មិនសូវ​ចាប់អារម្មណ៍​ក្នុង​ការចូល​កមក​ទស្ស​នា​ដូច​ជនបរទេស​ឡើយ​។

លោកនាយ​កបាន​មានប្រសាសន៍​ទៀតថា​កាល​ចាប់ផ្តើម​បើក​ដំណើរការ​ដំបូង​ភ្ញៀវ​អន្តរជាតិ​ចូលមក​ទស្សនា​ក៏​តិចតួច​ដែរ​ព្រោះ​ពួកគេ​មិនទាន់​បានដឹង​។ លុះ​ក្រោយពេល​បាន​ផ្សព្វផ្សាយ​តាមរយៈ​បណ្តាញ​ព័ត៌មាន​ផ្សេងៗ សព្វថ្ងៃនេះ​ភ្ញៀវ​បរទេស​ចម្រុះ​ជាតិ​សាសន៍​មានការ​កើនឡើង ដោយ​ពួកគេ​មក​សិក្សា​ស្វែងយល់​ប្រវត្តិ​ផ្សេងៗ​តាមរយៈ​ការបញ្ជាក់​ប្រាប់​នៅ​ផ្នែក​ខាងក្រោម​រូបថត និង​ឯកសារ​ទាំងនោះ​ជា​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​។

ជុំវិញ​ការមិន​សូវ​ចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ លោក​ញ៉ូ​វ សា​ឯម​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ពិសេស​សិស្ស និស្សិត​គួរ​នាំគ្នា​ចូលមក​ទស្សនា​នៅ​សារមន្ទីរ​ខេត្តកំពត​ដើម្បី​បាន​សិក្សា​ស្រាវជ្រាវ​នូវ​ប្រវត្តិ​សំខាន់ៗ​ដើម្បី​ទុកជា​ចំណេះដឹង​ទៅ​ថ្ងៃក្រោយ​។

​ជាមួយគ្នានេះដែរ​លោក​ក៏បាន​សំណូមពរ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​បាន​រក្សាទុក​ឬ​ប្រទះឃើញ​វត្ថុ​បុរាណ​ឯកសារ​ប្រវត្តិសាស្ត្រ​ផ្សេងៗ​សូម​ប្រគល់​មកឱ្យ​សារមន្ទីរ​ខេត្តកំពត​ដើម្បី​បានការ​ថែទាំ​ក្នុងនាម​ជា​កេរដំណែល​វប្បធម៌​ដ៏​មានតម្លៃ​សម្រាប់​ជាតិ​ហើយ​អាជ្ញាធរ​នឹងមាន​ការប្រគល់​រង្វាន់​លើកទឹកចិត្ត​ជូន​ផងដែរ​។

​កញ្ញា​ទឹម​ច​ន្នី​អ្នក​បដិសណ្ឋារកិច្ច​បាន​រៀបរាប់ថា​គិត​ជា​មធ្យម​ក្នុង​មួយខែ​ភ្ញៀវ​បរទេស​ចូលមក​ទស្សនា​នៅ​សារមន្ទីរ​ពី​៧០​នាក់​ទៅ​៨០​នាក់​។ ចំណែក​ភ្ញៀវ​ជាតិ​យូរៗ​ម្តង​ទើប​ឃើញ​សិស្ស និស្សិត​នាំគ្នា​មកជា​ក្រុម តែ​ចំនួន​តិចតួច​នៅឡើយ​។

តាម​ការកត់សម្គាល់​ភ្ញៀវ​បរទេស​ដែល​មក​ច្រើន​គឺ​នៅ​ដើមឆ្នាំ រវាង​ពី​ខែមករា​ទៅ​ខែមីនា​ដោយ​បរិមាណ​អាច​ឡើងរ​ហូ​យ​ដល់​១០០​នាក់ ឬ​លើស​នេះ​ផង​ក្នុង​ខែ​នីមួយៗ​។ កញ្ញា​បញ្ជាក់ទៀតថា ទេសចរណ៍​បរទេស​ម្នាក់​ត្រូវ​បង់​ពីរ​ដុល្លារ​ក្នុង​ការចូល​ទស្សនា​ម្តង ប៉ុន្តែ​ភ្ញៀវ​ខ្មែរ​មិន​តម្រូវឱ្យ​បង់លុយ​ទេ​៕S/ ដោយ​៖ បូកគោ​

ភ្ញៀវ​ទេសចរណ៍​បរទេស​ចាប់អារម្មណ៍​សារមន្ទីរ​ខេត្តកំពត​ក្នុង​ការចូល​ទស្សនា​និង​ស្រាវជ្រាវ​