​ភ្ញៀវ​មក​កម្សាន្ត​សហគមន៍​ត្រពាំង​សង្កែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ដាំ​កោង​កាង​

263

(​កំពត​)៖​ព្រោះតែ​ក្តី​ស្រឡាញ់​សម្រស់​ដ៏​ស្រស់ត្រកាល​នៃ​ព្រៃ​លិច​ទឹក​ដែល​ពោរពេញ​ដោយ​ភាព​ទាក់ទាញ ភ្ញៀវ​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ធម្មជាតិ​សហគមន៍​ត្រពាំង​សង្កែ​បាន​អំពាវនាវ​ចំពោះ​ពលរដ្ឋ​ទូទៅ​ឱ្យ​ចូលរួម​ថែរក្សា និង​ដាំ​កូន​កោង​កាង​បន្ថែម​ដើម្បី​និរន្តរភាព​បរិស្ថាន និង​អភិរក្ស​ធនា​ធាន​ធម្មជាតិ​សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នកជំនាន់ក្រោយ​។​

​លោក​ហុង​សុវណ្ណ ប្រធាន​ផ្នែក​បណ្តុះបណ្តាល​នៃ​ក្រុមហ៊ុន​ទឹកបរិសុទ្ធ​វី​តា​ល់​ដែល​នាំ​សហការី​មក​កម្សាន្ត និង​ដាំ​ដើម​កោង​កាង​ក្នុង​ដែនសមុទ្រ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​កាលពី​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០១៨ បាន​រៀបរាប់ថា​ឆ្លៀតពេល​សម្រាក​ពី​ការងារ ថ្ងៃនេះ​លោក បាន​នាំ​បុគ្គលិក​ជាង​៣០​នាក់​មកពី​ភ្នំពេញ​ដើម្បី​ធ្វើដំណើរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​កែប​។

ជា​ទម្លាប់​របស់​ក្រុមហ៊ុន ពេល​សហការី​ទៅណា​មក​ណា​ចាំបាច់​ត្រូវតែ​ធ្វើ​អ្វីមួយ​ដើម្បី​ជា​ប្រយោជន៍​សម្រាប់​សង្គម​។ ផ្តើមចេញពី​លក្ខ ខណ្ឌ​នេះ​ទើប​នៅលើ​កំណាត់​ផ្លូវ​មុននឹង​ដល់​ខេត្ត​កែប លោក​ឆ្លៀត​នាំ​បុគ្គលិក​ឈាង​ចូល​កម្សាន្ត និង​ដាំ​ដើម​កោង​កាង​ក្នុង​ដែន​សហគមន៍​ត្រពាំង​សង្កែ​បំណង​ធ្វើឱ្យ​បរិស្ថាន និង​ធនធានធម្មជាតិ​មាន​និរន្តរភាព​ដើម្បី​កូនចៅ​ជំនាន់​ក្រោយ​បាន​ប្រើប្រាស់​។

លោក​ប្រធាន​ផ្នែក​បាន​បន្តថា​ការដាំ​ដើម​កោង​កាង​ជា​រឿង​មួយ​ល្អ​បំផុត​។ បើ​យើង​ព្យាយាម​ស្វែងយល់​ពី​ធម្មជាតិ​វិញ​ឃើញថា ព្រៃឈើ​មាន​សារសំខាន់​សម្រាប់​អាយុជីវិត វា​បង្កើត​អុកស៊ីសែន បង្កើតឱ្យមាន​ធម្មជាតិ​សម្រាប់​ទ្រទ្រង់​ជីវិត​មនុស្ស សត្វ​ទាំងអស់​។ ដូច្នេះ​បើ​បងប្អូន​បានមក​លេង​ទីនេះ ឬ​មិនទាន់​បានមក​គួរតែ​មក​ព្រោះ​មាន​ទេសភាព​ស្អាត ហើយ​ជួយ​ដាំ​ដើម​កោង​កាង​ផង​។​អំពាវនាវ​ស្រដៀង​គ្នា​នេះដែរ​លោក ហ៊ៅ វិបុល មាន​ទីលំនៅ​រាជធានី​ភ្នំពេញ ជា​ទេសចរ​មក​កម្សាន្ត​លក្ខណៈ​ក្រុមគ្រួសារ ‘]​និង​មិត្តភក្តិ​បាន​រៀបរាប់ថា​លោក​ធ្លាប់​ឮ​

​គេ​ផ្សព្វផ្សាយ​ថា​សហគមន៍ ត្រពាំង​សង្កែ​មាន​ព្រៃកោងកាង​ពោរពេញ​ដោយ​ទេស​ភាពល្អ​ស្អាត​។ លុះ​មកដល់​ឃើញ​មានការ​ថែរក្សា និង​ដាំ កោង​កាង​ដែល​ធ្វើឱ្យ​អ្នក​សហគមន៍​អាច​ប្រកប​របរ​ផ្សេងៗ​តាមរយៈ​សកម្មភាព​ទេសចរណ៍​បែប​ធម្មជាតិ​នេះ​។ អ្នក​ដែល បាន​មកដល់​ពិតជា​ស្រឡះ​មុខមាត់​ជាមួយនឹង​ខ្យល់អាកាស​ធម្មជាតិ​បរិសុទ្ធ​។ ដូច្នេះ​បើ​បានជា​មកដល់​ហើយ​គួរ​នាំគ្នា​ដាំ​កូន​កោង​កាង​ម្នា​ក់មួយ​ដើមៗ ហើយ​យូរៗ​ទៅ​វា​នឹង​ក្លាយជា​ព្រៃធំ​ដែល​ធ្វើឱ្យ​ទេសភាព​កាន់តែ​ល្អ​ស្អាត និង​ជួយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​មានមុខ​របរ​គ្រាន់​នឹង​ចិញ្ចឹមជីវិត​ផងដែរ​។​

លោក​សឹម ហ៊ីម ប្រធាន​សហគមន៍​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​បាន​រៀបរាប់ថា​ចាប់តាំងពី​បង្កើត ឡើង​ក្នុង​ឆ្នាំ​២០០៩ ក្រោម​ការគាំទ្រ​ដោយ​អង្គការ​អភិវឌ្ឍន៍​កុមារ និង​ស្ត្រី​នៅ​កម្ពុជា ព្រមទាំង​អង្គការ សម្ព័ន្ធភាព​ដើម្បី​អភិរក្ស​ជលផល សហគមន៍​ត្រពាំង​សង្កែ​បាន​បង្កើត​សមិទ្ធផល​ជាច្រើន ពិសេស​ការថែរក្សា និង​ដាំ​កោង​ក្នុង​ដែនសមុទ្រ​លើ​ផ្ទៃ​ទឹក​រាក់​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សហគមន៍​ផ្ទាល់​។

លោក​ប្រធាន សហគមន៍​បានបញ្ជាក់​ទៀតថា រហូតមកដល់​បច្ចុប្បន្ន ទាំង​ការដាំ​ដោយ​សមាជិក​សហគមន៍ ទាំង​មន្ត្រី​អាជ្ញាធរ ពាក់ព័ន្ធ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូលរួម​ដាំ​ពេល​មក​លម្ហែ​កម្សាន្ត កោង​កាង​ប្រមាណ​ជាង​២២​ម៉ឺន​ដើម​មកហើយ​ដែល​បាន​ដាំ​ដុះ និង​កំពុង​លូតលាស់​យ៉ាង​ស្រស់បំព្រង​គួរឱ្យ​ស្រឡាញ់​នោះ​។​

សូមបញ្ជាក់ថា​សហគម​ន៍​ទេសចរណ៍ធម្មជាតិ​ត្រពាំង​សង្កែ​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ត្រពាំង​សង្កែ ឃុំ​ត្រពាំង​សង្កែ ស្រុក​ទឹកឈូ ចម្ងាយ​ប្រមាណ​ប្រាំមួយ​គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។ ដើម្បី​បាន​ដល់​មណ្ឌល​កម្សាន្ត​មួយ​នេះ ភ្ញៀវ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៣៣ កំពត​-​កែប ត្រូវ​បត់​ទៅ​ផ្នែក​ខាងស្តាំ​ខណៈពេល​ឆ្លង​ផុត​សាលាឃុំ​ត្រពាំង​សង្កែ​ប្រហែល​៤០០​ម៉ែត្រ រួច​បន្ត​តាម​ផ្លូវលំ​ប្រហែល​៣០០​ម៉ែត្រ​ទៀត​៕S/​ដោយ​៖​បូកគោ​

ភ្ញៀវ​មក​កម្សាន្ត​សហគមន៍​ត្រពាំង​សង្កែ​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់រូប​ចូលរួម​ដាំ​កោង​កាង​