ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ​តាម​របាយការណ៍​សកម្ម​ភាព​ការងារ​របស់​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ប្រចាំត្រីមាស​ទី​១​ក្នុង​ឆ្នាំ​២០១៩​បាន​បង្ហាញថា​ក្រុមការងារ​ជួយសង្គ្រោះ​ភ្ញៀវទេសចរ​ដែល​រងរបួស​ដោយ​រអិល​ឬ​ជំពប់ជើង​ដួល​គ្រិច​ថ្លោះ​ដៃជើង​ខ្យល់គរ​វិលមុខ​ចុកពោះ​សត្វ​ស្វា​ខាំ​និង​ពុល​អាហារ​ជាដើម​បាន​១១៣​ករណី​។​នេះ​គឺជា​ការបញ្ជាក់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា​បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០១៩​នេះ ។​

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បានបញ្ជាក់​ឱ្យដឹងថា​បញ្ហា​ទាំងនេះ​ត្រូវបាន​ភ្នាក់ងារទេសចរណ៍​ដែលមាន​ជំនាញ​សង្គ្រោះ​បឋម​និង​មាន​បរិក្ខារ​សង្គ្រោះ​បឋម​នៅជាប់​ខ្លួន​ជួយសង្គ្រោះ​បឋម​ទាន់ពេលវេលា​នៅ​កន្លែងកើតហេតុ​ក្នុងករណី​ស្រាលៗ​និង​សហការ​ជាមួយ​នគរបាល​ទេសចរ និង​នគរបាល​ការពារ​បេតិកភណ្ឌ បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងរ​កណីរ​បួស​ធ្ងន់ធ្ង​រ​។

​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បន្តថា​ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏បាន​រើស​របស់របរ​ភ្ញៀវ​ដែល​ភ្លេច​ឬ​ជ្រុះ​នៅតាម​ប្រាសាទ​ចំនួន​៩៣​ករណី ដោយ​ក្នុងនោះ សម្ភារៈ​ចំនួន ៨៥​ករណី​ត្រូវបាន​រកឃើញ​រួមមាន​៖ ទូរ​សព្ទ​ដៃ អាយ​ផេ​ត កាបូបស្ពាយ កាបូប​យួរដៃ កាបូប​លុយ កាត​វី​សារ និង​ម៉ាស៊ីន​ថត​ជាដើម ហើយ​បាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​។​

​ក្រៅពី​សកម្មភាព​សង្គ្រោះ​និង​ការ​រើស​ប្រគល់​វត្ថុ​ដែល​ភ្ញៀវ​បាត់​ឬ​ភ្លេច​ក្រុម​ភ្នាក់ងារទេសចរណ៍​ក៏បាន​ហាមឃាត់​ភ្ញៀវ​ដែល​ប្រព្រឹត្តិ​មិន​សមរម្យ​បាន​ចំនួន​១៦៥​ករណី​រួមមាន​៖ ការ​បង្ហោះ​ត្រូ​ន (Drone) ការ​បន្ទោបង់​ក្នុង​បរិវេណ​ប្រាសាទ​។ ជនបរទេស​ថតរូប​អាពាហ៍ពិពាហ៍​ដោយ​គ្មាន​ការអនុញ្ញាត ការថតរូប​បញ្ចេញ​កាយវិការ​មិន​សមរម្យ​(​ថត​បង្ហាញ​ម៉ូត​ថតរូប​ភាពមិន​សមរ​ម្យ​)​។​

​ស្លៀកពាក់​មិន​សមរម្យ​សម្តែង​សៀក​នៅក្នុង​ប្រាសាទ​រៀបចំ​ពិធី​ទទួលទាន​អាហារ​នៅក្នុង​ប្រាសាទ​ប្រើប្រាស់​ម៉ាស៊ីន​ថត​ខ្នាត​ធំ​ធ្វើ​ពិធី​សាសនា​ដោយ​គ្នាន​ការអនុញ្ញាត​ថតរូប​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​និង​គូរគំនូរ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដោយ​មិនមាន​ការអនុញ្ញាត​៕S/

​រូបភាពៈ សកម្មភាព​ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយសង្គ្រោះ​ភ្ញៀវ និង​ប្រគល់​របស់​ជូន​ភ្ញៀវទេសចរ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​២០១៩៕​អាជ្ញាធរ​អប្សរា​