​ភ្លើង​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​ប្រមាណ​១០០​រថយន្ត​

865
ចែករម្លែក

(​ភ្នំពេញ​)៖​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ត្រូវ​ភ្លើង​ឆាបឆេះ​បានកើត​ឡើង​នៅក្នុង​សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​កាលពី​វេលា​ទាបភ្លឺ​ចូល​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៧​ហើយ​រហូតមកដល់​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃ​ដដែល​នេះ​ទើប​រលត់​។​ក្នុងនោះ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក​ជាង​១០០​ជើង​។​

​មន្ត្រីនគរបាល​បានបញ្ជាក់​ឲ្យ​ដឹងថា អគ្គីភ័យ​ឆេះ​ឃ្លាំង​ទិញ​-​លក់​អេតចាយ ដែ​ស្ថិត​តាម​បណ្តោយ​ផ្លូវលំ​៣៥​ដេ​ក្រុមទី​១៤ ភូមិ​ថ្មី សង្កាត់​ដង្កោ​ខណ្ឌដង្កោ​រាជធានី​ភ្នំពេញ​នេះ​មាន​ម្ចាស់​ឃ្លាំង​ឈ្មោះ​គង់​ចាន់​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​ដោយ​មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី​។​លោក​បន្តថា ឃ្លាំង​នេះ​សង់​ពី​ដែក​ប្រក់​ស័ង្កសី ទំហំ​៤៥​ម៉ែត្រ​គុណ​២៥​ម៉ែត្រ ហើយ​គ្រោះ​អគ្គិភ័យ​នេះ មិន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ឬ​របួស​នោះទេ​។​

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា​គ្រោះ​អគ្គិភ័យ​នេះ​សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​៣០​គ្រឿង​ដែល​មកពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​,​អាវុធហត្ថ​រាជធានី​ភ្នំពេញ​,​និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុន​OCIC​របស់​អ្នកឧកញ៉ា​ពង់​ឃាវ​សែ​ផងដែរ​ដោយ​ប្រើប្រាស់​អស់​ទឹក​ជាង​១០០​ជើង ទើប​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។​

ប្រភព​ដដែល​បាន​បន្តថា​គ្រោះ​អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​នេះ គឺ​បំផ្លាញ​ទ្រព្យសម្បត្តិ​ច្រើន​ម៉ឺន​ដុល្លារ​តែ​សំណាង​ដែល​អគ្គិភ័យ​មិនបាន​រាលដាល ដល់​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ទៀត​នៅ​ជិត​នោះ បើ​មិន​ដូច្នេះ​អាច​នឹង​កើត​គ្រោះ​ធ្ងន់ធ្ងរ​ជាង​នេះ​៕S/​ដោយ​៖​ហូ​សាន់​

​ភ្លើង​ឆេះ​ឃ្លាំង​ស្តុក​អេតចាយ​មួយកន្លែង​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០០​រថយន្ត​(រូប៖វ៉េបសាយ)


#