​ភ្លើង​ឆេះ​ផ្ទះ​ជាង​ធ្វើ​រថយន្ត​មួយ​ខ្នង​និង​បន្ត​ឆេះ​បន្ទប់​ជួល​ចំនួន​ប្រាំ​បន្ទប់​ទៀត​

226

(​សៀមរាប​)៖​ផ្ទះ​ជាង​ជួសជុល​រថយន្ត​មួយ​ខ្នង រួមទាំង​បន្ទប់​ជួល​ចំនួន​ប្រាំ​បន្ទប់​ទៀត បាន​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ដែល​ករណីនេះ​សមត្ថកិច្ច​អះអាងថា​មកពី ទុស្សេ​ខ្សែភ្លើង​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នា​ម៉ោង​១១​និង​៣០ នាទី​យប់​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រុមទី​១​ភូម​ធ្លក​អណ្តូង សង្កាត់​ស្លក្រាម​។

​ម្ចាស់ផ្ទះ​រងគ្រោះ​ខាងលើ​មានឈ្មោះ​ដុស ហឿ​ប ប្រុស​អាយុ​៥៨​ឆ្នាំ​ដែល​ផ្ទះ​រង​ការឆាបឆេះ​មាន​ទំ​ហ៊ំ​៦​គុណ​១៥​ម៉ែត្រ​។​ចំណែក​បន្ទប់​ជួល​ទាំង​៥​មាន​ទំ​ហ៊ំ​៤,៥០​គុណ​៥​ម៉ែត្រ​ដូចគ្នា ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។​

​ស្ត្រី​ម្នាក់​ដែល​ស្នាក់នៅ​បន្ទប់​ជួល​ខាងលើ​បាន​បរិយាយ​ថា នៅ​មុនពេល​កើតហេតុ​ម្ចាស់ផ្ទះ​បានចេញ ទៅធ្វើ​ឡាន​ឱ្យគេ​។ លុះ​ម៉ោង​កើតហេតុ​ក៏​ស្រាប់តែ​ឃើញ​បែក​ផ្កាភ្លើង​នៅលើ​ដំបូលផ្ទះ​ហើយក៏​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​តែម្តង​។​បន្ទាប់ពី​អ្នក​ក្បែរ​ខាង​ជួយ​ជះ​ទឹក​ពន្លត់​ជាបឋម ក៏​បានឃើញ​ឡានទឹក​ប៉ូលិស​មក​ដក់​ផងដែរ​តែ​មិនទាន់​បាញ់​ពន្លត់​ភ្លាម​នោះទេ​។​

ប្រភព​បន្តថា ការដែល​ឡាន​មកដល់​ហើយ​មិន​ព្រម​បាញ់​ទឹក​ពន្លត់​ភ្លាមៗ​នោះ គេ​មិនដឹងថា​សមត្ថកិច្ច​រង​ចាំ​អ្វី​ឬ​ទាមទារ​អ្វី​នោះទេ តែ​គ្រាន់តែ​ដឹងថា ក្នុងពេលនោះ​ម្ចាស់ផ្ទះ​មិនបាន​នៅ​កន្លែងកើតហេតុ​ឡើយ​។ លុះ​ពេល​អណ្តាតភ្លើង​បន្ត​វាយលុក​លេប​ត្របាក់​យក​បន្ទប់​ជួល​ចំនួន​៥​ទៀត​ទើប​មាន​ការបាញ់ទឹក​ពន្លត់ តែ​គ្រប់យ៉ាង បាន​ហួសពេល​ទៅហើយ​។

ស្ត្រី​ដដែល​បន្ថែមថា ទោះបី​អណ្តាតភ្លើង​ដ៏​កាច​សាហាវ​នេះ មិនបាន​ឆក់យក​ជីវិត​មនុស្ស តែ​វា​បាន​បំផ្លាញ​ម៉ូតូ​មួយគ្រឿង ប្លង់ដី និង​សម្ភារៈ​ជា​ច្រឿ​ន​ទៀត ដែល​សរុបទៅ​មិន​ក្រោម​ម៉ឺន​ដុល្លារ​នោះឡើយ​។​

​ក្នុង​ហេតុការណ៍​នេះ​លោក​វរសេនីយ៍ទោ​ភឹង សម្បត្តិ ស្នងការ​ង​ទទួល​ការងារ​អគ្គិភ័យ​បាន​ថ្លែងថា ក្នុង​ហេតុ ការណ៍​នោះ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង​បានចេញ​ជួយ​អន្តរាគមន៍​។ ពេលទៅដល់​ភ្លាម កម្លាំង​ទាំងអស់​បាន​បាញ់​ទឹក​ពន្លត់​ភ្លាមៗ មិន​ពន្យា​ពេលនោះ​ឡើយ​។ តែ​ដោយ​ផ្លូវ​មាន​ភាព​តូចចង្អៀតទើប​មានការ​យឺតយ៉ាវ​តិចតួច តែ​លទ្ធផល​គឺ​បាន​រលត់​ទាំងស្រុង​នៅ​ម៉​ង​១២​និង​៣០​នាទី​យប់​ដដែល​។

​លោក​បន្តថា គ្រប់យ៉ាង​គឺ​មិនមែន​ដូច​ការអះអាង ចោទប្រកាន់​ដូច​ពលរ​ដ្ខ​បរិយាយ​នោះឡើយ​។​ពេលខ្លះ​ដោយសារ​ខូចខាត​ផ្ទះសំបែង ទ្រព្យសម្បត្តិ ពួកគាត់​អាចមាន​ហេតុផល​មិនល្អ​មកលើ​ក្រុម​សមត្ថកិច្ច ក៏​ថា​បាន តែ​ធាតុពិត​យើង​ចេញ​រថយន្ត​គឺ​ទៅ​ជួយ​អន្តរាគមន៍ ពុំមែន​ទៅ​ឈរ​មើល​នោះឡើយ​៕S/​ដោយ​:​អង្គរតូច​

​ភ្លើង​ឆេះ​ផ្ទះ​ជាង​ធ្វើ​រថយន្ត​មួយ​ខ្នង​និង​បន្ត​ឆេះ​បន្ទប់​ជួល​ចំនួន​ប្រាំ​បន្ទប់​ទៀត​