​ភ្លើង​ឆេះ​សិប្បកម្ម​ផលិត​ពូក​បណ្តាលឱ្យ​ខូ​ច​ខាត​គិត​ជា​ទឹកប្រាក់​ខ្ទង់លាន​ដុល្លារ​

214
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​ភ្លើង​ឆេះ​សិប្បកម្ម​ផលិត​ពូក​កាលពី​រសៀល​ថ្ងៃទី​២៣​សីហា​រហូតដល់​ម៉ោង​៥​ទាបភ្លឺ​ចូល​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០១៩​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​អគ្គិភ័យ​នេះ​បានសម្រេច​ហើយ​។​តែ​ចំពោះ​អគារ​កម្ពស់​៤​ជាន់​សមត្ថកិច្ច​បាន​ផ្តួលរំលំ​អគារ​នោះ​តែម្តង​ព្រោះ​ខ្លាច​រលំ​បាក់ស្រុត​មកលើ​ផ្ទះ​ពលរដ្ឋ​ជិតខាង​។​ភ្លើង​ឆេះ​នេះ​តាម​ការសន្និដ្ឋាន​របស់​សមត្ថកិច្ច​គឺ​មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី ។

​សម្ភារៈ​ដែល​នៅ​ខាងក្នុង​សិប្បកម្ម​ដ៏​ធំ​នោះ​រួមទាំង​អគារ​ស្នាក់នៅ​និង​អគារ​ស្តុក​ពូក​ពេញ​ត្រូវបាន​ភ្លើង​លេប​ត្របាក់​អគារ​ទាំងមូល​ធ្វើឱ្យ​ប្រេះស្រាំ​គ្រប់កន្លែង​ប្រឈម​នឹង​ការបាក់​ស្រុត​។​ទោះបីជា​ក្រុម​ពន្លត់​អគ្គិភ័យ​និង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​ខ្នះខ្នែង​ប្រឹងប្រែង​ពន្លត់​យ៉ាងណា​និង​ប្រើប្រាស់​ឡានទឹក​គ្រប់​ប្រភេទ​រាប់រយ​គ្រឿង​។​ចំពោះ​ទំហំ​នៃ​ការ​ខូ​ត​ខាត បើ​គិត​ជា​ទឹកប្រាក់​អាច​ចូលដល់​ខ្ទង់លាន​ដុល្លារ​។​

​នៅ​ព្រឹក​នេះដែរ លោក​ទេសរដ្ឋមន្ត្រី គន់គីម​ជា​អនុប្រធាន​ទី​១​នៃ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​ស​ថេត​ស្នងការ​រាជធានី​ភ្នំពេញ ព្រមទាំង​អាជ្ញាធរ​រាជធានី​និង​អាជ្ញាធរ​ខណ្ឌមានជ័យ​បាន​ចុះមក​ពិនិត្យមើល​ទីតាំង​កន្លែង​ដែល​ឆេះ​នេះ​។ ដើម្បី​វាយកម្ទេច​ចោល​នូវ​អគារ ដែល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​នេះ​។

​ការ​វាយកម្ទេច​នេះ​បន្ទាប់ពី​លោក​ទេសរដ្ឋមន្ត្រី​បាន​ដឹកនាំ​ក្រុមការងារ​និង​វិស្វករ​ជំនាញ​ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នានា​ជុំវិញ​បញ្ហា​ឆាបឆេះ​អគារ​ផលិត​ពូក​នេះ​ផងដែរ​។​មកដល់​រសៀល​ថ្ងៃ​ដដែល​អគារ​កំពស់​៤​ជាន់​ដែល​រង​ផលប៉ះពាល់​ពី​អគ្គិភ័យ​ដ៏​ធំ​នេះ​ត្រូវបាន​វាយកម្ទេច​បានសម្រេច​ដោ​យ​ជោគជ័យ​និង​មិនមាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិតខាង​ឡើយ​។​

​តាម​របាយការណ៍​បានឱ្យដឹងថា​ម្ចាស់​ឈ្មោះ​កាន់​ចន្ថា​ភេទ​ប្រុស​អាយុ​៦៣​ឆ្នាំមាន​មុខរបរ​ម្ចាស់​សិប្បកម្ម​,​សំណង់​សង់​ពី​ថ្ម​បេតុង​ប្រក់​ស័ង្កសី​ទំហំ​២០០​ម៉ែត្រ​គុណ​២០០​ម៉ែត្រ​កម្ពស់​៤​ជាន់​។​ប្រភព​ដដែល​បានឱ្យដឹង​ទៀតថា ការ ឆាបឆេះ​នេះ បណ្តាលឱ្យ​ខូចខាត​ឧបករណ៍ សម្ភារ បម្រើឱ្យ​ការ ផលិត ពូក​មានដូចជា ឆេះ​ម៉ាស៊ីនដេរ​ចំនួន​១៨​គ្រឿង​,​ឆេះ​ម៉ាស៊ីន​កាត់​ពូក​ចំនួន​៧​គ្រឿង​,​ឆេះ​ម៉ាស៊ីន​ជាក់​ពូក​ចំនួន​១​គ្រឿង​៕S/​

#