​ភ្លៀង​ដើម​វស្សា​ធ្វើឱ្យ​ពលរដ្ឋ​ត្រងទឹក​ទុក​សម្រាប់​ប្រើ​គ្រា​ជួប​វិប្បត្តិ​ខ្វះខាត​ជាង​៤​ខែ​

716
ចែករម្លែក

អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុងៈ​ប្រជាពលរដ្ឋ​អ្នករស់នៅ​ក្នុង​ក្រុង​ខេ​ម​ភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​បង្ហាញ​ក្តី​រីករាយ​ពេល​មាន​ទឹកភ្លៀង​ដើម​វស្សា​នៅ​ថ្ងៃទី​៩​ខែឧសភា​នេះ​គ្រា​រង់ចាំ​ទឹកភ្លៀង​និង​ជួប​វិប្បត្តិ​ខ្វះខាត​ទឹក​ស្អាប​ប្រើប្រាស់​ប្រចាំថ្ងៃ​អស់​រយៈ​ជាង​៤​ខែ​មកហើយ​។​

​តាំងពី​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​រហូតមកដល់​ម៉ោង​២​រសៀល​ដំណក់ភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រាប់ពាន់​គ្រួសារ​រស់នៅ​តាម​ភូមិ​សង្កាត់​ឃុំ​ក្នុង​ក្រុង​ខេមរភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា​នាំគ្នា​ត្រងទឹក​ទុកដាក់​ធុង​និង​អាង​ខណៈ​រីងស្ងួត​ជាច្រើន​ខែ​។​

អ្នកស្រី​សួរ​ចិន្តា​ពលរដ្ឋ​នៅ​សង្កាត់​ស្មាច់មានជ័យ​និង​លោក​តាំង​សូ​នី​ពលរដ្ឋ​ឃុំ​ប៉ាក់​ខ្លង​បានលើកឡើង​ទាំង​ញញឹម​ថា​ពួកគាត់​រង់ចាំ​ទឹកភ្លៀង​នេះ​ជា​យូរ​ខែ​ហើយ​ព្រោះតែ​គ្មាន​ទឹក​ប្រើប្រាស់​ទេ​ដោយ​។​

​បច្ចុប្បន្ន​រំពឹង​ទឹកស្អាត​របស់​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទឹក​នៅក្នុង​ខេត្ត​ពុំ​អាចទៅរួច​ទេ​។​រីឯ​ប្រភព​ទឹកសាប​សំខាន់ៗ​រីងស្ងួត​អស់​ផងដែរ ដូច្នេះ មានតែ​ទឹកភ្លៀង​ដើម​វស្សា​ទេ ទើប​អាចជួយ​ដោះស្រាយបាន​។​

ពលរដ្ឋ​ក៏បាន​បញ្ជាក់ដែរថា​នៅពេល​ពុំមាន​ទឹក​ប្រើ​ពួកគាត់​ស្វែងរក​លេខ​ទូរស័ព្ទ​អាជីវករ​ដែល​ដឹក​ទឹក​តាម​រថយន្ត ដើម្បី​យកមក​បំពេញ​តាម​តម្រូវការ​។​ដោយ​១​ម៉ែត្រគុប​ថ្លៃ​ពី​៨​ម៉ឺន​ទៅ​១០​ម៉ឺន​រៀល​ឡើង​គាប់​ជួន​គេ​មិន​ដឹក​ឱ្យ​ទៀត​ក៏មានដែរ​ព្រោះ​មាន​អ្នកទិញ​ច្រើន​។​បើតាម​ពលរដ្ឋ​ឆ្នាំនេះ​អ្នក​កោះកុង​ជួប​ការខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាងខ្លាំង​ពុំ​ធ្លាប់​កើតមាន​ពីមុនមក​នោះទេ បើ​ធៀប​ឆ្នាំ​កន្លងៗ​ទៅ​។

​គួរ​រំលឹក​ដែរ​ថា​បញ្ហា​ខ្វះខាត​ទឹកសាប​គេ​សង្កេត​មាន​អាជ្ញាធរ​ឃុំ​ស្រុក​ខេត្ត​និង​មន្ទីរជំនាញ​ពាក់ព័ន្ធ​ក៏​ខិតខំ​ដោះស្រាយ​ជូន​ពលរដ្ឋ​តាមរយៈ​ដឹក​ទឹក​យក​ចែកជូន​ពលរដ្ឋ​ដល់​លំនៅដ្ឋាន​តែម្តង​។​តែ​ទឹកសាប​ដែល​អាជ្ញាធរ​ចែក​នោះ​ពុំ​អាចធ្វើឱ្យ​ពលរដ្ឋ​ប្រើ​បានយូរ​ថ្ងៃ​នោះទេ​។​ជាក់ស្តែង​ពួកគាត់​ចង់​អាជ្ញាធរ​បុក​ជា​អណ្តូង​ក្នុង​ជំរៅ​ជ្រៅ​ច្រើន​ម៉ែត្រ​ដើម្បី​ស្វែងរក​ទឹកសាប​ល្អៗ​ពីក្រោម​ដី​ជំនួស​អោយ​ការរំពឹង​តែ​ទៅលើ​ទឹក​របស់​ក្រុមហ៊ុន​។​

​លោក សាញ់ មុន្នី​រ័ត្ន​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកោះកុង បានឱ្យ​រស្មី​កម្ពុជា​ដឹងថា បរិមាណ​ភ្លៀង ធ្លាក់​ដើមរដូវ​វស្សា​នេះ ជា​សញ្ញា​វិជ្ជមាន​ដ៏​ប្រសើរ​មួយ សម្រាប់​ពលរដ្ឋ​អ្នក​កោះកុង ជាពិសេស​ពលរដ្ឋ​រស់​នៅក្នុង​ក្រុង​ខេមរភូមិន្ទ​និង​ស្រុក​មណ្ឌលសីមា​តែម្តង​។​ដូច្នេះ​លោក​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ចាំបាច់​ត្រងទឹក​រក្សាទុក​ប្រើ នៅពេល​ជួប​ការខ្វះខាត​។​

​ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តកោះកុង បន្ថែមទៀតថា ក្រៅពី​ផ្តល់​សារៈប្រយោជន៍​ពលរដ្ឋ​នៃ​ទឹកភ្លៀង ទឹកភ្លៀង​ធ្វើឱ្យ​ប្រភពទឹក​ដែល​រីងស្ងួត​អំឡុង​រដូវប្រាំង​មានទឹក​ឡើងវិញ​។​រីឯ​ការផ្តល់​ថាមពល​អគ្គិសនី​ពី​វា​រី​អគ្គិសនី​តា​តៃ​ឬ​វា​រី​អគ្គិសនី​ឬ​ស្សី​ជ្រុំ​ក៏​រឹតតែ​អាច​បង្កើន​និង​បញ្ចេញ​ថាមពល​បាន​ច្រើនជាង​ពេល​សព្វថ្ងៃ​ផងដែរ​។​

​យោងតាម​ការជូនដំណឹង​របស់​ក្រសួង​ពី​ស្ថានភាព​អាកាសធាតុ ចាប់ពី​ថ្ងៃទី​៦​ដល់​១២ ខែឧសភា ឆ្នាំ​២០១៩ កម្ពុជា នៅតែ​បន្ត​ស្ថិតក្នុង​ដំណាក់កាល​អន្ត​រ​កាល​ឆ្លង​ពី​រដូវប្រាំង​ចូល​រដូវវស្សា បង្ក​ឱ្យ​កើតមាន​ជ្រលង​សម្ពាធ​ទាប​អូសបន្លាយ​មកលើ​ប្រទេស​កម្ពុជា​។​ទន្ទឹមនឹង​ចលនា​ខ្យល់​ប្តូរ​ទិស​មករក​ភាព​វិជ្ជមាន​។​

ស្ថានភាព​ប្រែប្រួល​អាកាសធាតុ​នេះ​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ តែ​កន្លែង​ខ្លះ​មាន​ភ្លៀង​ច្រើន​។ ឯ​ភាព​រាយប៉ាយ​ពុំទាន់​បានល្អ​ប្រសើរ​នៅឡើយ​ទេ តែ​បង្ហាញថា រដូវវស្សា​ឈានចូល​មកដល់​នៅ​ដើម​សប្តាហ៍​ទី​៣​ខែឧសភា​។​ទោះយ៉ាងណា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​សូមអោយ​មានការ​ប្រុងប្រយ័ត្ន​ដែល​ចំពោះ​បា​តុ​ភូរ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕S/