​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ទទួលបាន​ការលើកទឹកចិត្ត​ទាក់ទង​ការងារ​អភិវឌ្ឍ​ស្រុក​អន្លង់វែង​

678

អស់​រយៈពេល​ប្រាំពីរ​ឆ្នាំ​មកហើយ ដែល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ជា​គម្រោង​មួយ​របស់​មជ្ឈមណ្ឌល​ឯក​កម្ពុជា បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍​តាមរយៈ​អនុ​ក្រឹ​ត​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ចងក្រង និង​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្នុង​សហគមន៍​អន្លង់វែង​។ តាមរយៈ​អនុ​ក្រឹ​ត​នេះ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏មាន​តួនាទី​រួមចំណែក​ក្នុង​អភិវឌ្ឍន៍ និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង នៅ​ស្រុក​អន្លង់វែង ដែលជា​តំបន់​តស៊ូ​ចុងក្រោយ​របស់​ខ្មែរក្រហម​ដែរ​។​

​ជាមួយ​កិច្ច​ការដែល​បានធ្វើ​កន្លងមក ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង បាន​ចុះ​ជួប​អ្នកភូមិ​ក្នុង​សហគមន៍ និង​បានធ្វើ​ការសម្ភាស​ប្រជាជន​ពីបទ​ពិសោធន៍​ផ្ទាល់ខ្លួន រឿងរ៉ាវ​នៅ​ដែល​បាន​កើតឡើង​នៅក្នុង​តំបន់​អន្លង់វែង​។ ក្រុមការងារ​ក៏បាន​ធ្វើការ​សម្ភាស​អតីត​យោធា កម្មាភិបាល​ខ្មែរក្រហម​ពី​ជីវិត តួនាទី ការងារ​ក្នុងអំឡុងពេល​របប​ខ្មែរក្រហម​គ្រប់គ្រង និង​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​សម្រាប់​មគ្គុទ្ទេសក៍​ទេសចរណ៍ ដែលមាន​ចំណងជើង​ថា “​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​” តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម​។ ក្រៅពី​កិច្ចការ​សរសេរ​សៀវភៅ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏បាន​ធ្វើការ​ជួសជុល​អតីត​ទីបញ្ជាការ​រប​ស់ តា​ម៉ុក នៅលើ​ភ្នំ​ដងរែក ដែល​ត្រូវ​ភ្លើង​ឆេះ ការសាងសង់​តូប​យាម​នៅ​ផ្នូរ ប៉ុល ពត ការដាក់​តាំង​ពិ​ព័ណ៌​រូបថត និង​កាល​ប្បវត្តិ​ខ្មែរក្រហម​នៅ​អតីត​ផ្ទះ តា​ម៉ុក និង​ការដំឡើង​ស្លាក​សញ្ញា​សម្គាល់​នៅ​ទីតាំង​ប្រវត្តិសាស្ត្រ​ទាំង​១៤​កន្លែង​ក្នុងស្រុក​អន្លង់វែង ដែលមាន​ដូចជា កន្លែង​ដុត​ខ្មោច ប៉ុល ពត​, កន្លែង​កាត់ទោស ប៉ុល ពត​, ផ្ទះ​កណ្តាល​លើ​ភ្នំ​ដងរែក​, កន្លែង​កែច្នៃ​គ្រាប់​លើ​ភ្នំ​២០០, ផ្ទះ ប៉ុល ពត និង ខៀវ សំផន​, ឃ្លាំង​ដាក់​សម្ភារ​នៅ​ជើងភ្នំ​, កន្លែង​ដុត​ខ្មោច សុន សេន​, ស្រែ​គំរូ​, ទីតាំង​ការដ្ឋាន​ដឹកជញ្ជូន​របស់ តា​ម៉ុក​, បឹង​អន្លង់វែង​, សារមន្ទីរ តា​ម៉ុក​, អតីត​ទីតាំង​មន្ទីរពេទ្យ តា​ម៉ុក​, អតីត​ទីតាំង​សាលារៀន តា​ម៉ុក​។

​ជាមួយ​ផែនការ និង​ទស្សនវិស័យ​របស់​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ដែល​បានធ្វើ មិន​ត្រឹមតែ​ចូលរួម​ថែរក្សា និង​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​មជ្ឈមណ្ឌល​នេះ ក៏បាន​រៀបចំ​ឲ្យ​មានដំណើរ​ទស្ស​កិច្ច​សិក្សា​ស្តីពី​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​តំបន់​អន្លង់វែង​។ ដោយសារ​តំបន់​អន្លង់វែង ជា​តំបន់​ដែល​ធ្លាប់តែ​មានការ​ប្រយុទ្ធ​គ្នា អំពើហិង្សា ការឈឺចាប់ និង​គ្រប់គ្រង​ដោយ​អតីត​យោធា​ខ្មែរក្រហម ទើប​ធ្វើ​ឲ្យ​ប្រជាជនមាន​ទស្សន​យល់ឃើញ​ផ្សេងគ្នា​លើ​ប្រវត្តិសាស្ត្រ​ក្នុង​តំបន់​នេះ និង​ធ្វើ​ឲ្យ​មាន​គម្លាត​គ្នា​កាន់តែ​ឆ្ងាយ​រវាង​អតីត​ខ្មែរក្រហម និង​ជនរងគ្រោះ​ពី​របប​នេះ​។ ដើម្បី​បង្កើត​ឲ្យ​មានការ​សន្ទនា​កិច្ច​គ្នា​ក្នុងចំណោម​ប្រជាជន និង​ស្វែងយល់​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ពី​តំបន់​អន្លង់វែង​នេះ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ដំណើរ​ទស្ស​កិច្ច​សិក្សា​សម្រាប់​សិស្ស និស្សិត មកពី​សាកលវិទ្យាល័យ​នានា​នៅ​ទូទាំងប្រទេស​កម្ពុជា ឲ្យ​មក​ទស្ស​កិច្ច​សិក្សា​នៅ​ស្រុក​អន្លង់វែង ជា​រៀងរាល់ខែ​។ ក្នុងចំណោម​សិស្ស និស្សិត​ទាំងនោះ​ក៏មាន​កូន​របស់​អតីតជន​ដៃដល់ និង​កូនរង​គ្រោះ​ពី​របប​ខ្មែរក្រហម​ដែរ​។ បន្ទាប់ពី​ស្តាប់​វាគ្មិន​ធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​ពី​តំបន់​អន្លង់វែង សិស្ស​និស្សិត​ទាំងនោះ បាន​ចុះទៅ​ជួប និង​សួរនាំ​ប្រជាជន​ក្នុង​សហគមន៍​អន្លង់វែង ពីបទ​ពិសោធន៍​របស់​ប្រជាជន​ទាំងនោះ​ក្នុង​របប​ខ្មែរក្រហម​។ សិស្ស​និស្សិត​មិន​ត្រឹម​ដឹង​រ៉ាវ​ផ្ទាល់ខ្លួន​របស់​មនុស្សម្នា​ក់ៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​ដឹង​ពី​ប្រវត្តិ​អន្លង់​ដែរ​។ ចំណេះដឹង​ទាំងនេះ មាន​សារសំខាន់​ណាស់​សម្រាប់​សិស្ស និស្សិត ក្នុងការ​ចូលរួម​ថែរក្សា​ប្រវត្តិសាស្ត្រ​ក្នុង​សហគមន៍​អន្លង់វែង និង​ក្នុង​ដំណើរការ​ផ្សះផ្សា​ជាតិ​ទាំងមូល​។​

​ភ្ជាប់​ជាមួយ​កិច្ច​ខាងលើ មក​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏បាន​សហការ​ជាមួយ​ក្រសួងទេសចរណ៍ បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ពី​តំបន់​អន្លង់វែង​។ វគ្គ​បណ្តុះបណ្តាល​នេះ បាន​ជួយ​ពង្រឹងសមត្ថភាព​ដល់​ម​គ្គុ​ទ្ទេស​ទេសចរណ៍​ឲ្យ​យល់ដឹង​កាន់តែ​ស៊ីជម្រៅ​ពី​តំបន់​អន្លង់វែង ដោយ​ធានាថា​ព័ត៌មាន​ដែល​បានផ្តល់​ទៅដល់​ភ្ញៀវ​ដែល​បានមក​ទស្សនា​តំបន់​នេះ​មាន​ភាពច្បាស់លាស់ និង​អាច​ជឿទុកចិត្ត​បាន​។ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ក៏បាន​បង្កើត​គេហទំព័រ​របស់ខ្លួន​ដើម្បី​ផ្តល់ព័ត៌មាន និង​បង្ហាញ​ពី​កិច្ចការ​ប្រចាំថ្ងៃ​របស់ខ្លួន​ទៅដល់​សារ​ធា​រណ​ជន​ដែលមាន​ចំណាប់អារម្មណ៍​តំបន់​អន្លង់វែង​នេះ​។ ទន្ទឹមនេះ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ក៏បាន​បង្កើត​ប្លង់គោល​ដែល​គូរ​ដោយ​អ្នក​រចនា​ប្លង់ ដេ​វ៉ា កាង នៃ​ក្រុមហ៊ុន ហ្សា​ហា ហា​ឌី​ត ជា​ក្រុមហ៊ុន​ដ៏​ល្បី​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស​។ ប្លង់គោល​នេះ បាន​គូស​យ៉ាង​លម្អិត​ទាក់ទង​នឹង​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅក្នុង​តំបន់​អន្លង់វែង ជាមួយ​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ​ថ្មី រួមមាន ៖ តំបន់​រមណីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ តំបន់​រោងចក្រ និង​តំបន់​ព្រៃ​ធម្មជាតិ​។​

​ជាមួយ​កិច្ច​ការដែល​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​បានសម្រេច​កន្លងមក នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៧ ក្រសួងទេសចរណ៍ បាន​អញ្ជើញលោក​បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង និង​ជា​តំណាង​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចូលរួម​ជា​វាគ្មិន​លើ​ប្រធានបទ “​បទពិសោធន៍​នៃ​ការអភិវឌ្ឍន៍​រមណីយ​ដ្ឋា​ន​ទេសចរណ៍​ប្រវត្តិសាស្ត្រ​អន្លង់វែង​” ក្នុង​សិក្ខាសាលា​បូកសរុប​ការងារ​ស្តីពី “​ការប្រឡងប្រណាំង​រម​ណី​យ​ដ្ឋា​នទី​ក្រុង​គំរូ​” ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍ រួមជាមួយ​ផ្នែក​សាធារណ និង​វិស័យ​ឯកជន​មួយចំនួន ក្រោម​អធិប​ភាព​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន នៅ​សណ្ឋាគារ​ភ្នំពេញ​។

​ជាការ​កត់សម្គាល់​នៅក្នុង​សិក្ខាសាលា​នេះ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ជា​វិស័យ​អទិភាព ដែល​ជួយ​កាត់បន្ថយ​ភាពក្រីក្រ ភាព​អត់​ការងារ​ធ្វើ និង​ជួយ​ដល់​ផ្នែក​បរិស្ថាន ជាពិសេស បម្រែបម្រួល​អាកាសធាតុ​។ ទន្ទឹមនេះ ភ្ញៀវ​ទេសចរណ៍​បាន​កើន​ឡើងជា​បន្តបន្ទាប់ ដោយ​ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ភ្ញៀវ​អន្តរជាតិ​១.៦​លាន​នាក់ ហើយ​អាច​នឹង​កើនឡើង​ជាង​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ខាងមុខ​។ ឯកឧត្តម​បន្តថា សព្វថ្ងៃនេះ ប្រទេស​កម្ពុ​ជាមាន​រម​ណី​យ​ដ្ឋា​ន ប្រមាណ​៤០០​កន្លែង រួមមាន រមណីយដ្ឋាន​បែប​សណ្ឋាគារ រមណីយដ្ឋាន​បែប​ធម្មជាតិ និង​រមណី​ដ្ឋា​ន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ ដែលមាន​តម្លៃ​មិនអាច​កាត់​បាន​។ ឯកឧត្តម ថោង ខុន បាន​ជំរុញ​ឲ្យ​មាន​ការខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ដែលមាន​ធនធាន​ដ៏​សម្បូរបែប​ស្រាប់ រួមទាំង ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​ធនធានមនុស្ស​វ័យក្មេងៗ​។ ឯកឧត្តម ក៏បាន​អំពាវនាវ​ឲ្យ​មានការ​សហការ និង​វិ​និ​យោ​លើ​វិស័យ​ទេសចរណ៍​នេះ ពី​ផ្នែក​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដែរ​។​

​បន្ទាប់មក​បណ្ឌិត លី សុខ​ឃាង បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប ដល់​អង្គសិក្ខាសាលា​ទាំងមូល​ស្តីពី​ប្រវត្តិសាស្ត្រ​តំបន់​អន្លង់វែង ដែលជា​តំបន់​តស៊ូ និង​ជា​តំបន់ស​មា​ហរ​ណ​ក​ម្មចុ​ង​ក្រោយ​របស់​អតីត​ខ្មែរក្រហម នៅ​ឆ្នាំ​១៩៩៩​។ លោក​បាន​បន្ត រយៈពេល​បី​ឆ្នាំ​បន្ទាប់ពី​ការ​សមាហរណកម្ម រាជរដ្ឋាភិបាល​កម្ពុជា បានចេញ​អនុ​ក្រឹ​ត​ប្រែក្លាយ​តំបន់​អន្លង់វែង​ទៅជា​តំបន់​ប្រវត្តិសាស្ត្រ ហើយ​ក្រោយមក​បានកំណត់​ទីតាំង​ប្រវត្តិសាស្ត្រ​សំខាន់ៗ​នៅក្នុង​តំបន់​នេះ​ដើម្បី​អភិរក្ស​។ ដោយសារ​តំបន់​អន្លង់វែង​មាន​សក្តានុពល​ផ្នែក​ប្រវត្តិសាស្ត្រ នៅ​ឆ្នាំ​២០១០ ឯកឧត្តម ថោង ខុន បាន​បង្កើត​គណៈកម្មាធិកា​រ​អន្តរក្រសួង​មួយ ហើយ​ក្នុងនាម​មជ្ឈមណ្ឌល​ឯកសារ​ជា​សមាជិក បានធ្វើការ​ចងក្រង​សៀវភៅ “​ប្រវត្តិសាស្ត្រ​សហគមន៍​អន្លង់វែង​” តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម និង​បាន​បង្កើតជា​សៀវភៅ​សម្រាប់​បង្រៀន​មគ្គុទ្ទេសក៍​ទេសចរណ៍​។ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ក៏បាន​កែប្រែ​អតីត​ទីបញ្ជាការ​របស់ តា​ម៉ុក នៅលើ​ភ្នំ​ដងរែក​ធ្វើ​ជាកា​រិ​ល័យ​ធ្វើការ​របស់ខ្លួន​ដែល​ដាក់ឈ្មោះថា “​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​” ដើម្បី​ធ្វើ​ការងារ​ជួយ​ដល់​សហគមន៍​ក្នុង​តំបន់​អន្លង់វែង​។ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​សន្តិភាព​អន្លង់វែង ក៏បាន​ធ្វើ​ការងារ​ជាមួយ​និស្សិត​ស្ថាបត្យកម្ម​ដើម្បី​រចនា​ប្លង់​អន្លង់វែង​តាម​គំរូ​ដើម និង​សាង់សង់​ខ្យូ​ស​សម្រាប់​ផ្តល់ព័ត៌មាន​ដល់​ភ្ញៀវ​ទេសចរណ៍ ដំឡើង​ស្លាក​សញ្ញា​សម្គាល់​ទីតាំង​ប្រវត្តិសាស្ត្រ និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន ហ្សា​ហា ហា​ឌី​ត ដើម្បី​គូរ​ប្លង់គោល​សម្រាប់​ស្រុក​អន្លង់វែង​ទាំង​។ នៅ​ថ្ងៃ​ខាងមុខ មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង នឹងធ្វើ​ការ​ជាមួយ​ក្រុម​ស្ថាបត្យកម្ម​ដើម្បី​សិក្សា​បន្ត​លើ​ប្លង់​អភិវឌ្ឍន៍​ពី​ស្រុក​អន្លង់ រហូត​ទៅដល់​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ បន្ទាប់មក លោក លី សុខ​ឃាង បានបង្ហាញ​វីដេអូ​ខ្លី​អំពី​ប្លង់គោល​ស្រុក​អន្លង់វែង​។
​នៅក្នុង​អំឡុង​ចូលរួម​សិក្ខាសាលា​នេះ លោក លី សុខ​ឃាង ក៏បាន​ដាក់តាំង​បង្ហាញ​ប្លង់គោល​សម្រាប់​អភិវឌ្ឍន៍​សម្រាប់​ស្រុក​អន្លង់វែង​ដល់​ភ្ញៀវ​ទស្សនា​ដែរ​។​

​លោក ឈាង សុខ​ហេង ប្រធានការិយាល័យ​ទេសចរណ៍​ស្រុក​អន្លង់វែង ដែល​បាន​ចូលរួម​សិក្ខាសាលា​បូកសរុប​ការងារ​ស្តីពី “​ការប្រឡងប្រណាំង​រម​ណី​យ​ដ្ឋា​នទី​ក្រុង​គំរូ​” បាន​មានប្រសាសន៍ថា កន្លងមក មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បាន​ជួយ​ដល់​សារមន្ទីរ​របស់គាត់ ដូចជា ជួយ​ជុល​ផ្ទះ​ដែល​រង​ការខូចខាត បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍ និង​ដាក់តាំង​ពិ​ព័រ​ណ៌​រូបថត​មួយចំនួន​។ លោក​បាន​បន្តថា ជា​រៀងរាល់ខែ សារមន្ទីរ​របស់គាត់​បានទទួល​ទេសចរណ៍​ជាតិប្រមាណ​ជិត​មួយ​ពាន់​នាក់ ចំណែក​ភ្ញៀវ​អន្តរជាតិ​ជាង​១០០​នាក់​។ ថ្ងៃ​ទៅខាង​មុខ លោក​សំណូមពរ​ឲ្យ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដាក់តាំង​ពិព័រណ៍​ទៀត​បន្ថែម ជាពិសេស ទាក់ទង​នឹង​រូបថត​មេដឹកនាំ​ខ្មែរក្រហម​។​

​អ្នកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​បាន​ចូលរួម​សិក្ខាសាលា​បូកសរុប​ការងារ​ស្តីពី “​ការប្រឡងប្រណាំង​រម​ណី​យ​ដ្ឋា​នទី​ក្រុង​គំរូ​” បាន​មានប្រសាសន៍ថា មន្ទីរ​របស់ខ្លួន បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង ដើម្បី​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ​អន្លង់វែង​ទាំង​១៤​កន្លែង តែ​រហូតមក​ដល់ពេលនេះ​យើង​ធ្វើបាន​បី​កន្លែង​ហើយ​។ អ្នកស្រី​បន្តថា មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង បានធ្វើ​ការជួល​ជួល​ផ្ទះ​របស់ តា​ម៉ុក លើ​ភ្នំ​ដងរែក​ដើម្បី​ធ្វើជា​ការិយាល័យ​ធ្វើការ​ងារ ដាក់តាំង​ពិព័រណ៍​រូបថត និង​បណ្តុះបណ្តាល​មគ្គុទ្ទេសក៍​ទេសចរណ៍​។ កន្លងមក ដោយសារ មន្ទីរ​ខ្វះខាត​ឯកសារ​ពី​តំបន់​នេះ ដូ​ចេះ្ន​យើង​ក៏បាន​ស្នើសុំ​មជ្ឈមណ្ឌល​នេះ​ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង​បាន​សរសេរ​សៀវភៅ​ប្រវត្តិសាស្ត្រ​មួយ​ក្បាល​សម្រាប់​មគ្គុទ្ទេសក៍​ទេស​ក៍ រួមទាំង ស្នើ​រូបថត​មេដឹកនាំ​ខ្មែរក្រហម​មួយចំនួន​។ នៅ​ខែធ្នូ ខាងមុខនេះ ក្រសួង និង​មន្ទីរ​ទេសចរណ៍​ខេត្ត នឹង​រៀបចំ​សម្ពោធ​ពិព័រណ៍​នេះ​។ លោកស្រី​បន្តថា ដោយសារ​តំបន់​អន្លង់វែង ជា​អតីត​តំបន់ ដូច្នេះ​ការរៀបចំ​ត្រូវ​ឲ្យ​ស្របទៅនឹង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​លោកស្រី​ក៏​សប្បាយរីករាយ​ដែរ​ដែល​បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​។ លោកស្រី​បាន​បញ្ជាក់ថា មន្ទីរ​ទេសចរណ៍​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានស្នើ​ដាក់​រមណីយដ្ឋាន ផ្ទះ​តា​ម៉ុក ជា​រមណី​ដ្ឋា​ន​គំរូ​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ ហើយ​នៅថ្ងៃនេះ​បានទទួល​លិខិត​សរសើរ​ពី​ក្រសួងទេសចរណ៍​។ នៅ​ថ្ងៃ​ខាងមុខ លោកស្រី នឹង​រៀបចំ​បន្ទប់ទឹក និង​អនាម័យ​នៅតាម​រមណីយដ្ឋាន​នីមួយៗ និង​សំណូមពរ​ឲ្យ​មជ្ឈមណ្ឌល​សន្តិភាព​អន្លង់វែង​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​ថែមទៀត​៕L ដោយ​: សោម ប៊ុនថន បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

ពីឆ្វេង​ទៅ​ស្តាំ​អ្នកស្រី ធិ​ន​នី មុនី​រស្មី ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្ត​ឧ​ត្ត​រ​មានជ័យ​, បណ្ឌិត លី សុខ​ឃាង និង​លោក ឈាង សុខ​ហេង ប្រធានការិយាល័យ​ទេសចរណ៍​ស្រុក​អន្លង់វែង​