​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​

178

(​ភ្នំពេញ​)៖ មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ត្រូវបាន​រៀបចំ​បង្កើត​ឡើង​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង ក្រោម​កិច្ចសហការ​រវាង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែលមាន​ជំនួយ​ទ្រទ្រង់​ពី​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​។​

​គោលបំណង​សំខាន់​ក្នុង​ការបង្កើត​មជ្ឈមណ្ឌល​ឯកសារ​នេះ​គឺ​មិន​ត្រឹមតែ​ជួយ​បង្កើន​ឲ្យ​មានការ​ទទួលបាន​ព័ត៌មាន​ស្តីអំពី​របប​ខ្មែរក្រហម​តែប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​សម្រេចបាន​នូវ​បណ្តាញ​មូលដ្ឋាន​ដែលមាន​និរន្តរភាព​ក្នុងការ​ចែករំលែក​ព័ត៌មាន​ដល់​អ្នក​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម និង​ក្រុមគ្រួសារ​។

​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ ក្រុមការងារ​របស់​ម​ជ្ឈ​មណ្ឌល​ឯកសារ​កម្ពុជា ដឹកនាំ​ដោយ​លោក ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា បាន​ចូលរួម​កិច្ចប្រជុំ​មួយ​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​និង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្រោម​អធិបតីភាព​របស់លោក​ស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​សម្រេច និង​ពិនិត្យមើល​ទីតាំង​បន្ទប់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង ដែលជា​ការប្រគល់​ជា​ផ្លូវការ​ពី​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង ក្រោម​ការឯកភាព​រប​ស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ កិច្ច​ប្រជុំបាន​ពិភាក្សា​ជា​ចម្បង​លើ​ការរៀបចំ រចនា​បន្ទប់ និង​បំពាក់​ឧបករណ៍​ការិយាល័យ​មួយចំនួន ដែល​បម្រើ​ដល់​ប្រយោជន៍ នៃ​ការចែករំលែក​ព័ត៌មាន ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​សាធារណជន រួមទាំង​ប្រជាជន​ក្នុង​ខេត្តព្រៃវែង ស្វាយរៀង និង​ជនពិការ​ផង​។

​ក្នុងនោះ​ឯកសារ ដែលមាន​តម្កល់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ចំនួន​ប្រមាណ​ជាង​១​លាន​ឯកសារ រួមមាន ឯកសារ​ជា​ក្រដាស រូបថត ខ្សែ ភាពយន្ត ខ្សែអាត់​សំឡេង និង​ឯកសារ​ភ័ស្តុតាង​ជាក់ស្តែង (​ឯកសារ​រណ្តៅ​សាកសព​) នឹងត្រូវ​យកមក​ដាក់​នៅក្នុង​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង​។ ឯកសារ​ទាំងនេះ នឹង​ផ្តល់នូវ​ព័ត៌មាន​ស្តីអំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​យ៉ាង​សម្បូរ​ណ៍​បែប​ក្នុងការ​បម្រើ​ដល់​គ្រូបង្រៀន មន្ត្រីរាជការ សិស្សានុសិស្ស និង​អ្នក​រស់នៅក្នុង​ខេត្តព្រៃវែង និង​សាធារណៈ​ដែលមាន​ទីតាំង​ស្ថិតនៅ​ជាប់​នឹង​ខេត្ត​នេះ​ទៀតផង​។ តាមរយៈ​ការបង្កើត​បន្ទប់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង វេទិកា​អប់រំ​ចល័ត ក៏​នឹង​លេចចេញ​រូបរាង​ឡើង​នាពេល​ដ៏​ខ្លី​ខាងមុខ​នេះដែរ​។

​លោក ប៊ុ​យ វុទ្ធី នាយក​មជ្ឈមណ្ឌល​គរុ​កោសល្យ​ភូមិភាគ​ខេត្តព្រៃវែង បាន​ស្វាគមន៍​អបអរសាទរ និង​រីករាយ​ចំពោះ​ការបង្កើត​បន្ទប់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​នេះ នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង ព្រមទាំង​បានបង្ហាញ​ពី​ឧ​ត្ត​ម​គតិ​យ៉ាង​មោះមុត​ក្នុងការ​ថែរក្សា និង​ការពារ​ដំណើរការ នៃ​ការអនុវត្ត​ការងារ​នៃ​មជ្ឈមណ្ឌល​ឯកសារ​ថ្មី​នេះ ឲ្យ​ស្ថិតស្ថេរ​គង់វង្ស​រហូត ដើម្បី​ជា​ប្រយោជន៍​មិន​ត្រឹមតែ​គ្រូបង្រៀន គរុ​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ទី​រួម​ខេត្តព្រៃវែង​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​ប្រជាជន​ទាំងឡាយ​ដែល​កំពុង​រស់នៅក្នុង​ទីជនបទ​នៃ​ខេត្តព្រៃវែង​ទៀតផង​។​

​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ដដែល លោក ប៊ួ​យ វុទ្ធី បាន​ថ្លែងថា “​កុំថាឡើយ​ប្រជាជន​ដែល​រស់នៅក្នុង​ទីជនបទ​ក្នុង​ខេត្ត សូម្បីតែ​អ្នករស់នៅ​ក្នុង​ក្រុង​ព្រៃវែង​មួយចំនួន ក៏​មិន​ស្គាល់​ទីតាំង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​នេះ​ផង​។ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​ស្គាល់ និង​ស្វែងយល់​ពី​កិច្ច​ការដែល​យើង​កំពុង​ធ្វើ និង​បង្រៀន​។ នេះ​ជា​ឱកាសល្អ​មួយ​ដែល​ខ្ញុំ​អាច​និយាយ​ទៅកាន់​អ្នក​ទាំងនេះ (​អ្នកក្រុង​) និង​ប្រជាជន​ដែល​រស់​នៅតាម​ជនបទ​ថា ខ្ញុំ​មាន​បន្ទប់​បណ្ណាល័យ​មួយ​ដែល​សម្បូរ​ណ៍​ទៅដោយ​ឯកសារ​ប្រវត្តិសាស្ត្រ ជាពិសេស​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​តែម្តង​។ ខ្ញុំ​ចង់​ឲ្យ​ពួកគាត់​មក​មើល និង​រៀនសូត្រ​បន្ថែម​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​នា​របប​ខ្មែរក្រហម ហើយ​ចង់​ឲ្យ​គាត់​ចែករំលែក​រឿងរ៉ាវ​រប​ស់​គាត់​មកកាន់​យើង ដើម្បី​យើង​ថែរក្សា​ប្រវត្តិ​របស់គាត់​”​។​

​បន្ថែម​លើ​អ្វីដែល​លោក ប៊ួ​យ វុទ្ធី បាន​និយាយ​កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨ លោក​បានបង្ហាញ​ពី​គំនិត​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២៥ ខែ​ឆ្នាំ​ដដែល​ប្រាប់​ដល់​ក្រុមការងារ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ថា លោក​ចង់​ឲ្យ​មានកម្ម​វិធី​វេទិកា​ពិភាក្សា​ដាច់ដោយឡែក​ពីគ្នា​ជាច្រើន​ដង​រាប់​ចាប់តាំងពី​មន្ត្រីរាជការ​ក្នុង​ខេត្ត ស្រុក ឃុំ ភូមិ និង​ប្រជាជន ដោយ​អញ្ជើញ​អ្នក​ទាំង​នោះមក​ចូល​ទស្សនា​បន្ទប់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង និង​ចូលរួម​ពិភាក្សា​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដែល​បាន​កើតឡើង​ក្នុង​ទូទាំងប្រទេស និង​ចែករំលែក​រឿងរ៉ាវ​ផ្ទាល់ខ្លួន​ដើម្បី​បំពេញបន្ថែម​ទំព័រ​ប្រវត្តិសាស្ត្រ​នេះ​ឲ្យ​មាន​ទំព័រ​កាន់តែ​ច្រើនឡើង​ថែមទៀត ក្នុងន័យ​បង្កើតជា​មេរៀន​ប្រវត្តិសាស្ត្រ​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ​ធ្វើការ​សិក្សា​និង​ស្រាវជ្រាវ​។​

​លោកស្រី ទន់ សា​អ៊ី​ម អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថា លោកជំទាវ​មាន​មោទនភាព​ខ្ពស់​ណាស់​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក្នុងការ​បង្កើត​បន្ទប់​ការិយាល័យ​មជ្ឈមណ្ឌល​ឯកសារ​ក្នុង​ខេត្តព្រៃវែង​។ លោកជំទាវ បាន​សម្តែង​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ​កិច្ចការ​នេះ ហើយ​បាន​មានមតិ​ផ្តាំផ្ញើ​មួយចំនួន​ទាក់ទង​នឹង​ការផ្សព្វផ្សាយ​ព័ត៌មាន ស្តីពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម ការចូលរួម​ថែរក្សា​ធ្វើយ៉ាងណា​ឲ្យ​បន្ទប់​ការិយាល័យ​នេះ​ស្ថិតនៅ​ជានិច្ច​និរន្ត និង​បើកទ្វារ​បម្រើ​ដល់​មហាជន​ទូទៅ​ដើម្បី​ពង្រីក​ការយល់ដឹង​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម និង​ព្យាយាម​ប្រមូល​សាច់រឿង​ដែល​បាន​កើតឡើង​ក្នុងភូមិ​ឃុំ​នីមួយៗ​ជុំវិញ​ខេត្ត​។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​លោកជំទាវ​បាន​សម្តែង​នូវ​ការព្រួយបារម្ភ​ខ្លះៗ​ទាក់ទង​នឹង​ការថែរក្សា​បន្ទប់​ការិយាល័យ និង​របៀប​នៃ​ការ​ទុកដាក់ និង​ប្រមូល​ឯកសារ​ប្រវត្តិសាស្ត្រ​ឲ្យ​នៅ​គង់វង្ស​ជា​រៀងរហូត​។

​លោកជំទាវ​បាន​លើក​ឧទាហរណ៍​មួយចំនួន​ដែល​បង្ហាញ​ពី​ការខ្វះ​ការយកចិត្តទុកដាក់ និង​ថែរក្សា​នូវ​អ្វីដែល​ក្រសួង​អប់រំ យុវជន និង​កីឡា បានប្រគល់​ទៅ​ឲ្យ​សាលារៀន​ជា​អ្នកគ្រប់គ្រង បន្ទាប់ពី​មានការ​ប្រគល់​ជា​ផ្លូវការ​រួចមក តួយ៉ាង​ដូចជា​ម៉ាស៊ីនដេរ​សម្រាប់​មុខវិជ្ជា​គេហវិទ្យា​ជាដើម​។ មុននឹង​បញ្ចប់​សុន្ទរកថា លោកជំទាវ​បាន​មានប្រសាសន៍ថា ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា មិន​ត្រឹមតែ​បង្កើត​បន្ទប់​ការិយាល័យ​តែមួយ​នៅក្នុង​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ខេត្តព្រៃវែង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កើត​មជ្ឈមណ្ឌល​ឯកសារ​ដូចគ្នានេះ​នៅ​គ្រប់​មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ​ទាំង​៦ ហើយ​ដំណើរការ​នេះ​នឹងត្រូវ​ធ្វើ​ឡើងជា​បន្តបន្ទាប់​ទៀត​។​

​សូមបញ្ជាក់ថា ក្រសួង​អប់រំ យុវជន និង​កីឡា និង មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​រយៈពេល​ប្រាំ​ឆ្នាំ​បន្តទៀត​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២២ ក្នុង​ការបន្ត និង​បង្កើត​ថ្មី​នូវ​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា ដើម្បី​ពង្រីក​វិសាលភាព​នៃ​ការអប់រំ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ដល់​យុវជន​ជំនាន់​ក្រោយ និង​គ្រូបង្រៀន​ទូទាំងប្រទេស ឲ្យ​យល់​កាន់តែច្បាស់​ពី​រឿងរ៉ាវ​ពី​អតីតកាល​របស់​ប្រទេស​ខ្លួន ដែល​នាំ​ឲ្យ​ប្រទេសជាតិ​ជួប​សោកនាដកម្ម​ប្រល័យពូជសាសន៍ និង​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ដើម្បី​ធានាថា សោកនាដកម្ម​ទាំងនេះ​នឹងមិន​កើតឡើង​ជាថ្មី​ម្តង​ទៀតឡើយ​លើ​ប្រទេស​កម្ពុជា​។ ក្នុងន័យនេះ មជ្ឈមណ្ឌល​ឯកសារ​ចំនួន​៥​ទៀត​ដែល​នឹងត្រូវ​បង្កើតឡើង​នាពេលខាងមុខ គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​។​

​ជារួម មជ្ឈមណ្ឌល​ឯកសារ​ខេត្តព្រៃវែង និង​មជ្ឈមណ្ឌល​ឯកសារ​នៅតាម​បណ្តា​ខេត្ត​ចំនួន​៥​ទៀត គឺ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស​ចូលរួម​ដឹកនាំ និង​ទទួលបាន​ភាពជា​ម្ចាស់​លើ​ប្រវត្តិសាស្ត្រ​ខ្លួនឯង​៕ ដោយៈ ផេង ពង្ស​រ៉ាស៊ី នាយក​កម្មវិធី​អប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍​នៅ​កម្ពុជា​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (www.khmerrougehistory.org)