​មឈូស​ហែរ​មកដល់​មច្ឆា​ហើយ​ចាំមើល​អាចារ្យ​សម្រេច​ដុត​ឬ​កប់​?

604
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​(​មឈូស​ហែរ​មកដល់​មច្ឆា​ហើយ​ចាំមើល​អាចារ្យ​សម្រេច​ដុត​ឬ​កប់​?)​ចំណងជើង​ប្រដូច​ទៅនឹង​សាច់រឿង​មួយ​ក្នុងការ​ផ្លាស់ប្តូរ​តួនាទី​មន្ត្រី​នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​។​
​ប្រសិនបើ​គ្មានអ្វី​ប្រែប្រួល​ទេ លោក​ចាន់ រិទ្ធី​នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ខាងជើង​បឹង​ទន្លេសាប​ត្រូវ​ប្រកាស​​ឲ្យ​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​។ ជំនួស​លោក​សៀង បូ​រិ​ន ដែលមាន​ជំងឺ​ប្រចាំកាយ​ត្រូវ​ផ្លាស់ចេញ​ទៅធ្វើជា​អគារ​ធិ​ការរង​នៃ​អគារធិការដ្ឋាន ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​នៅ​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​ឆ្នាំ​២០១៨​។​

​ក្នុងពេល​មន្ត្រី​មួយចំនួន​នៅក្នុង​មន្ទីរ​នេះ​កំពុងមាន​ការមិន​ពេញចិត្ត​នឹង​ការសម្រេច​របស់​ក្រសួងកសិកម្ម​និង​ការបន្លំ​ខ្លឹមសារ​របស់​លិខិត​ដែលមាន​ផ្តិត​ស្នា​មេដៃ​។​យោងតាម​លិខិតអញ្ជើញ​របស់​សាលា​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​បានបង្ហាញ​ឲ្យ​ឃើញថា​កាលពី​វេលា​រសៀល​ថ្ងៃទី​២៧​ខែធ្នូ​នៅ​សាលប្រជុំ​ធំ​នៃ​អគារ​សង់​ថ្មី​ជាន់​ទី​១១​របស់​សាលា​រាជធានី​ភ្នំពេញ​មាន​រៀបចំ​ពិធី​ប្រកាស​ចូលកាន់​តំណែង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​(​ថ្មី​) ។

​ពី​ធី​នោះ​ក្រោម​អធិបតីភាព​លោក វ៉េង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក ម៉ប់​សារិន​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។​តាម​អនុក្រឹត្យ​១១៨១​អនក្រ​ចុះ​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​លោក​សៀង​បូ​រិ​ន​ត្រូវបានតែងតាំង​ជា​អគារ​ធិ​ការរង​នៃ​អគារធិការដ្ឋាន​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​។​

​ចំណែកឯ​ប្រកា​សលេខ​៥៤៦​ប្រក​កសករ​បស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ចុះ​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​សម្រេច​តែងតាំង​លោក​ចាន់ រិទ្ធី ជា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ ជំនួស​លោក​សៀង​បូ​រិ​ន​ដែល​ត្រូវ​បានទទួល​ភារកិច្ច​ថ្មី​។​ព្រម​ពេល​ជាមួយនឹង​លិខិតអញ្ជើញ​មន្ត្រី​ឲ្យ​មក​ចូលរួម​ប្រកាស​ប្រធាន​មន្ទីរ​កសិកម្ម​ថ្មី​នេះ​ត្រូវបាន​ចែកជូន​រួច​។ មន្ត្រី​មួយចំនួន​នៅក្នុង​មន្ទីរ​នេះ នៅតែមាន​ការកើត​ទុក​មិន​សុខចិត្ត​ដោយបាន​ធ្វើលិខិត​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ពន្យា​ពេល​ប្រកាស​សុពលភាព​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​រាជធានី​ភ្នំពេញ​។

​សុំ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ​អនុវត្តតាម​អនុក្រឹត្យ​លេខ​២៤០​អនក្រ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការធ្វើប្រតិភូកម្ម​អំណាច​ទៅ​ឲ្យ​គណៈ​អភិបាល​រាជធានី​ខេត្ត​ក្រុង​ស្រុក​ក្នុងការ​គ្រប់គ្រង​បុគ្គលិក​បំពេញការងារ​នៅ​ថ្នាក់ក្រោម​ជាតិ​។​នៅក្នុង​លិខិត​ដែល​រស្មី​កម្ពុជា​ទទួលបាន​ពីសា​លា​រាជធានី​ភ្នំពេញ​បាន​សរសេរ​ទៀតថា​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ថ្នាក់ដឹកនាំ​តំណាង​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​នៅ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​សូម​ជំរាប​លោក​អភិបាល​រាជធានី​ភ្នំពេញ​ជ្រាបថា​យើងខ្ញុំ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​និង​សម្តែង​នូវ​ការមិន​ពេញចិត្ត​នៅពេលដែល​បានឃើញ​ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី ។

​ទោះបីជា​លោក​សៀង​បូ​រិ​ន​ប្រធាន​មន្ទីរ​មាន​បញ្ហា​សុខភាព​ក៏ដោយ​។ ដើម្បី​ជាការ​ផ្តល់នូវ​កម្លាំងចិត្ត ការគោរព​ស្រឡាញ់ និង គុណបំណាច់​ចំពោះ​លោក​សៀង​បូ​រិ​ន ក្នុងការ​ដឹកនាំ​នៃ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​កន្លងមក យើងខ្ញុំ​ទាំងអស់គ្នា សូម​សំណូមពរ​ដ៏​ទ​ទួ​ច​ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ មេត្តា​ពន្យា​ពេល​ក្នុង​ការប្រកាស​ផ្ទេរ​ភារកិច្ច​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​មួយរយៈ​សិន​រហូតដល់​ដំណាក់កាល​ចុងក្រោយ​របស់លោក​សៀង​បូ​រិ​ន​។​

​លិខិត​សុំ​ពន្យា​ពេល​ប្រកាស​សុពល​ភាពចុះ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨​នេះ មានភ្ជាប់​មក​ជាមួយនឹង​ស្នាម​មេដៃ​មន្ត្រី​របស់​មន្ទីរ​កសិក​ម្ម រុក្ខ​ប្រមាញ់​និង នេសាទ​រាជធានី​ភ្នំពេញ​ចំនួន​ប្រមាណ​ជា​៣០​នាក់​ផង​។​
​នៅពេល​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​លិខិត​កើតទុក្ខ​មិន​សុខ​ចិត្តបាន​ផ្ញើ​ទៅដល់​អភិបាល​រាជធានី​ភ្នំពេញ​ហើយ​។​ក្រុមមន្ត្រី​នៃ​មន្ទីរ​កសិកម្ម​ដែល​មើលទៅ​ឃើញ​ខ្លឹមសារ​លិខិត​នោះ​មិនសូវ​ទំនង​ក៏បាន​ធ្វើលិខិត​មួយទៀត ជូន​អភិបាល​រាជធានី​ភ្នំពេញ​។

តែ​ជា​លិខិត​សុំ​បកស្រាយ​បំភ្លឺ​លើ​លិខិត​ស្នើសុំ​ពន្យា​ពេល​ប្រកាស​សុពលភាព​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​ទៅវិញ​ទេ​។​ក្នុង​លិខិត​ខាងលើនេះ​បានសរសេរថា​យើងខ្ញុំ​ទាំងអស់គ្នា​ជា​ប្រធាន​និង​អនុប្រធាន​និង​មន្ត្រី​កា​រិ​យា​ល​យ័​ក្រោម​ឱវាទ​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​ដែល​បាន​ផ្តិតមេដៃ​សុំ​ពន្យា​ពេល​ប្រកាស​សុពលភាព​ប្រធាន​មន្ទីរ​កសិកម្ម មាន​កិត្តិយស​។​

​សូម​ជំរាបជូន​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ​ជ្រាបថា​កាលពី​ថ្ងៃទី​១៥​ខែធ្នូ យើងខ្ញុំ​ទាំងអស់គ្នា​បានទទួល​ការអញ្ជើញ​ពី​លោក​ប៉ុក វីរៈ​ប្រធានការិយាល័យ​រដ្ឋបាល​ឲ្យ​មក​ចូលរួម​ប្រជុំ​បន្ទាន់​មួយ​នៅ​ថ្ងៃទី​១៧​ខែធ្នូ​ក្រោម​អធិបតីភាព​លោក​ហ៊ិ​ន ប៉ិច អនុប្រធាន លោក​ទឹម សា វុ​ធ អនុប្រធាន​មន្ទីរ​និង លោក សួង វ៉ាន់​ថេ​ន អនុប្រធាន​មន្ទីរ​។​

​ក្នុង​លិខិត​សរសេរថា​នៅ​កិច្ចប្រជុំ​នោះ​លោក​ទឹម​សាវុធ​អនុប្រធាន​មន្ទីរ​ក៏បាន​លើកឡើង​ពី​ស្ថានភាព​ជំងឺ​របស់លោក​សៀង​បូ​រិ​ន​និង​ផ្តួចផ្តើម​ស្នើ​ដល់​សមាជិក​អង្គប្រជុំ​ឲ្យ​ស្ម័គ្រចិត្ត​គាំទ្រ​ដល់​ការស្នើសុំ​ពន្យា​ពេល​ប្រកាស​សុពលភាព​ដើម្បី​ជាការ​សម្តែង​នូវ​សេចក្តីស្រឡាញ់​និង​ដឹងគុណ​ចំពោះ​លោក​សៀង​បូ​រិ​ន សម្រាប់​ពេលវេលា​ចុងក្រោយ​របស់លោក​។​យើងខ្ញុំ​ក៏បាន​ផ្តិតមេដៃ​គាំទ្រ​ដល់​សំណើសុំ​ពន្យា​ពេល​ប្រកាស​សុពលភាព​ដោយមាន​ការសម្របសម្រួល​ឯកសារ​ពី​ប្រ​ធា​រដ្ឋបាល​។​

​លិខិត​បកស្រាយ​បំភ្លឺ​បាន​សរសេរ​ទៀតថា​ដោយមាន​ការស្នើសុំ​ពី​លោក​ប្រធាន​អង្គប្រជុំ និង លោក ទឹម សាវុធ ការ​ផ្តិតមេដៃ​ត្រូវបាន​ធ្វើឡើង​មុនពេល​សរសេរ​ខ្លឹមសារ​សំណើ​ដាក់ជូន​សាលា​រាជធានី​ហើយ​ថា ថ្នាក់ដឹកនាំ​មន្ទីរ​នឹង​ផ្តិតមេដៃ​តាម​ក្រោយ និង ពង្រាង​លិខិត​ចែក​ថ្នាក់ដឹកនាំ​ការិយាល័យ​មើល​ខ្លឹមសារ​ទាំងអស់គ្នា​។​តែ​ធាតុពិត​យើងខ្ញុំ​ទាំងអស់គ្នា​មិនបាន​ទទួល​ពង្រាង​លិខិត​ហើយ​ចំពោះ​លិខិត​ចុះ​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០១៨ ដែល​យោង​ខាងលើ​យើងខ្ញុំ​បានឃើញ​ទេ​មុននឹង​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញ​។​

​ដូច្នេះ​យើងខ្ញុំ​ទាំងអស់គ្នា សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ចំពោះ​ពាក្យ​ក្នុង​លិខិត​នោះ​ដែល​ផ្ទុយ​ពី​ខ្លឹមសារ​យើងខ្ញុំ​ចង់បាន​។​ពាក់​ព​ន្ធ័​ទៅនឹង​បញ្ហា​ខាងលើ លោក​ទឹម សាវុធ អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨​យ៉ាងខ្លី​ថា​លោក​មិន​យល់​ចំពោះ​ការតែងតាំង​ប្រធាន​មន្ទីរ​ថ្មី​នោះទេ​។​​លោក​សៀង​បូ​រិ​ន​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​រាជធានី​ភ្នំពេញ​ដែលមាន​ជំងឺ​ប្រចាំកាយ​បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២៦​ខែធ្នូ​ឆ្នាំ​២០១៨​ថា​លោក​នៅសល់​ពេល​បី​ឆ្នាំ​ទៀត​ទើប​ចូល​និវត្ត​។​
​តែ​សព្វថ្ងៃនេះ​លោក​ចង់​សម្រាក​ឱ្យបាន​ច្រើនជាង​ធ្វើការ​ព្រោះ​មាន​សុខភាព​មិនសូវ​ល្អ​។​បញ្ហា​ដែល​កើតឡើង​នៅក្នុង​មន្ទីរ​នរណា​ជា​អ្នកធ្វើ​នាំ​ឲ្យ​មានការ​លំបាក​ដល់​ថ្នាក់ដឹកនាំ​នោះ​គឺ​លោក​ដឹង​ច្បាស់​ណាស់​ហើយ​លោក​ក៏បាន​ហាម​ដែរ​តែ​គេ​មិន​ស្តាប់​៕S

​លោក​សៀង បូ​រិ​ន ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ​