​មណ្ឌលគិរី​មាន​សីតុណ្ហភាព​ក្តៅ​បណ្តាលឱ្យ​ប្រភពទឹក​មួយចំនួន​រីង​ជា​បណ្តើរៗ​

698
ចែករម្លែក
  • 690
    Shares

ដោយ​៖​សាត​ចាន់​បុត្រ​/​មណ្ឌលគិរី​៖​គ្រា​ដែល​កម្ពុជា​កំពុង​រង​សម្ពាធ​សីតុណ្ហភាព​កម្តៅ អ៊ែ​នី​ញ៉ូ បណ្តា​ក្រុង​ស្រុក​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី​បាន​រង​នូវ​ភាព​រីង​ហួត​ប្រភពទឹក​ដែល​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ប្រចាំថ្ងៃ​។​នៅក្នុង​ស្រុក​កែវ​សីមា​អណ្តូង​ខួង​ឬ​ជីក​មួយចំនួន​ត្រូវបាន​ប្រជាពលរដ្ឋ​រាយការណ៍​មក​ថា​មានការ​ចាប់ផ្តើម​រីងស្ងួត​បណ្តើរៗ​ហើយ​។​

​ក្នុង​ទីប្រជុំជន​ផ្សារ​ក្នុង​ទីរួមស្រុក​មួយ​នេះ ដែល​អាជីវករ​និង​ប្រជាពលរដ្ឋ ប្រើ​សេវាកម្ម​ទឹកស្អាត​នោះ ក៏ត្រូវ​ខកខាន​ការប្រើប្រាស់​ជា​អ​ន្លឺ​រៗ​ផងដែរ​ព្រោះ​អណ្តូង​ដែល​បូម​ស្តុក​ទុក​ចែកចាយ​នោះបាន​រីង​ហួត​អស់​។​ហើយ​ម្ចាស់​ស្ថានីយ៍​ទឹកស្អាត​ក៏​កំពុង​ស្វែងរក​ប្រភពទឹក​ថ្មី​ដោយ​បូម​ពី​ត្រពាំង​នៅក្បែរ​ច្រកទ្វា​ភាគី​ឡា​ប៉ា​ខេ​(​ត្រពាំង​លូ​បាក់​)​ដើម្បី​បន្ត​ការផ្គត់ផ្គង់​។​

​ក្នុងនោះ​ក្រុង​សែន​មនោ​រម្យ​ក៏មាន​អណ្តូងទឹក​នៅ​ជាយៗ​ក្រុង​មួយចំនួន​ក៏​ចាប់ផ្តើម​រីង​ហួត​ខ្លះៗ​ដែរ​។​ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ក្នុង​ក្រុង​កំពុង​ប្រើប្រាស់​សេវាកម្ម​ទឹកស្អាត​ពុំទាន់​មាន​បញ្ហា​ប្រឈម​នោះទេ​។​លោក​ឡុង វិបុល​អភិបាលក្រុង​សែន​មនោ​រម្យ​បានឱ្យដឹង​ដែរ​ថា​លោក​និង​ក្រុម​កា​ងារ​ក៏​កំពុង​ផ្តោត​ការយកចិត្តទុកដាក់​លើ​បញ្ហា​នេះដែរ​។​

លោក​បន្តថា​ចំពោះ​អណ្តូងទឹក​មួយចំនួន​តូច​ពិតជា​រីង​មែន​ប៉ុន្តែ​នៅ​ពុំទាន់​ធ្ងន់ធ្ងរ​ទេ​។​អភិបាលក្រុង​ដដែល​បញ្ជាក់ថា​លោក​បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​រួចរាល់​ហើយ​លើ​ការថែរក្សា​ទឹក​នេះ​។​ចំពោះ​ស្រុក​បី​ផ្សេងទៀត​មានស្រុក​កោះ​ញែក​,​ស្រុក​អូររាំង​,​និង​ស្រុក​ពេ​ជ្រា​ដា​,​បញ្ហា​ទឹកបាន​ជូ​ប​ប្រទះ​ជា​បណ្តើរៗ​ហើយ​។​ប៉ុន្តែ​អាជ្ញាធរ​បញ្ជាក់ថា​នៅ​ពុំទាន់​ដល់​កម្រិត​គួ​ឱ្យ​កត់សម្គាល់​។​

អភិបាលខេត្ត​មណ្ឌលគិរី​លោក​ស្វាយ​សំ​អ៊ាង​កាលពី​ថ្ងៃទី​៦​ខែកុម្ភៈ​កន្លងទៅ​ក្នុង​អង្គប្រជុំ​មួយ​បានស្នើ​ដល់​មន្ទីរ​កសិកម្ម រួមទាំង​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត ត្រូវ​សហការគ្នា​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ ទៅតាម​លក្ខណៈ​ស្តង់ដា​។ ដើម្បី​រក្សា​ទឹក​ទុក សម្រាប់​ស្រោចស្រព​ដំណាំ​ដល់​ប្រជាកសិករ​ទាំង​រដូវប្រាំង និង​រដូវវស្សា ដើម្បី​ធ្វើយ៉ាងណា ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ពលរដ្ឋ​ឱ្យមាន​ជីវភាព​សមរម្យ​ផងដែរ​៕S/​