​មណ្ឌលគិរី​មិនមាន​ការ​ប្រណាំងទូក​តែ​ទាញ​ទេសចរណ៍​បាន​ជាង​១​ម៉ឺន​នាក់​

5575

(​មណ្ឌលគិរី​)៖​កម្ពុជា​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​អ៊ុំ​ទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​បី​ថ្ងៃ​នៅ រាជធានី​ភ្នំពេញ​នោះ គេ​សង្កេតឃើញថា ប្រជាពលរដ្ឋ​ខ្មែរ​និង​ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន ធ្វើដំណើរ ទៅ​ចូលរួម ព្រមទាំង​ទស្សនាការ​ប្រណាំងទូក មុខ​ព្រះបរមរាជវាំង រាប់ម៉ឺន​សែន​នាក់​បង្ករ​ឲ្យ​មានការ​កក ស្ទះ​គួរ​ឲ្យ​កត់សម្គាល់​។​

​យ៉ាងណាមិញ​ខេត្ត​ភាគ​ឦ​សាន្ត​កម្ពុជា​ដែលមាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី​ភ្នំពេញ​និង​ពុំ​មានការ​ប្រណាំងទូក​ផង​នោះ ក៏​ទទួល​នូវ​ការកកស្ទះ​ផងដែរ​ពី​សំណាក់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ដែល​សម្រុក​នាំ គ្នា​មកលេង ចាប់ពី​តាំងពី​ថ្ងៃទី​២ ទី​៣ និង​ទី​៤ ខែវិច្ឆិកា ធ្វើ​ឲ្យ​បណ្តា​សណ្ឋាគារ ផ្ទះសំណាក់​ជាច្រើន មិនអាច​បង្គ្រប់​នូវ​តម្រូវការ​ភ្ញៀវ​បាន​។​ខេត្ត​ភាគ​ឦ​សាន្ត​នេះ គឺ​ខេត្តមណ្ឌលគិរី ដែលមាន​សម្បត្តិ​ធម្ម ជាតិ​សម្បូរបែប​នោះ បាន​ទាញយក​ការចាប់អារម្មណ៍​នា​ពិធីបុណ្យ​អ៊ុំ​ទូក​ពី​សំណាក់ ភ្ញៀវ​នា​វេលា​ឈប់ សម្រាក​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​។​

ខេត្តមណ្ឌលគិរី ដែលមាន​កន្លែង​កម្សាន្ត​ច្រើន​ត្រូវបាន​គេ​សង្កេតឃើញថា ភ្ញៀវ​ដែល​មកលេង គឺ​ចាប់អារម្មណ៍​ទៅលើ​វាលស្មៅ ចម្ការ​ស្រល់ ទឹកជ្រោះ សមុទ្រ​ឈើ និង​ភ្នំ​ដោះ​ក្រមុំ​ជាដើម​។​
​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ថ្លែង​នៅ​ថ្ងៃ​បញ្ចប់​ពិធីបុណ្យ​នេះ​ថា ភ្ញៀវ​ទេសចរណ៍ បាន​កើនឡើង​ប្រមាណ​២២,៨៣​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦​។​លោក​បាន​បន្តថា រយៈ ពេល​នៃ​ពិធីបុណ្យ​អ៊ុំ​ទូក អកអំបុក សំពះ​ព្រះ​ខែ គិត​ចាប់ពី​ថ្ងៃទី​២,៣,៤​ខែវិច្ឆិកា​នោះ ភ្ញៀវ​មកលេង សរុប​ចំនួន ១៣.៧៧២​នាក់ ក្នុងនោះ​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​២៩៦​នាក់​។​

​ជាមួយ​នោះដែរ​ការផ្គត់ផ្គង់​ទៅលើ​កន្លែង​ស្នាក់នៅ​ដល់​ភ្ញៀវ​ដែលមាន​បន្ទប់​ស្នាក់​ទាំង​សណ្ឋាគារ​និង​ផ្ទះសំណាក់​ប្រមាណ​១.០៩០​បន្ទប់​ត្រូវ​ពេញ​ទាំងអស់ ដែល​តម្រូវ​ឲ្យ​ភ្ញៀវ​មួយចំនួនធំ​ត្រូវ សម្រាក​តាម វត្ត​អារាម ផ្ទះ​ប្រជាពលរដ្ឋ​និង​មួយចំនួន​គឺ​បោះតង់​ស្នាក់នៅ​។​ប្រធាន​មន្ទីរ​ដដែល​បញ្ជាក់ថា ដោយសារតែ ខេត្ត​មាន​ខ្យល់​បក់​ខ្លាំង នៅ​រមណីយដ្ឋាន​ទឹកជ្រោះ​ប៊ូ​ស្រា​នោះ បាន​បង្ករ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ​ម្នា​ក់រង របួសស្រាល​។​

ចំពោះ​បញ្ហា​អសន្តិសុខ​និង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នា​វេលា​បី​ថ្ងៃនេះ នៅ​មិនទាន់​មានការ បញ្ជាក់​ណាមួយ​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​នៅឡើយ​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​នេះ​៕S/​ដោយៈ​សាត​ចាន់​បុត្រ

​រូបភាពៈ​ភ្ញៀវ​ទេសចរណ៍​មកលេង​មណ្ឌលគិរី​(​រូបៈ​សាត​ចាន់​បុត្រ​)​