​មណ្ឌល​ហែល​ទឹក ខេត្តបាត់ដំបង សាងសង់​ទើបបាន ៣០ ភាគរយ​

154
ចែករម្លែក

ដោយ​៖​រ៉ូ​ហ្សា
​ភ្នំពេញ​៖
មណ្ឌល​ហែល​ទឹក​មួយកន្លែង ដែលមាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​មានតម្លៃ​ប្រមាណ ២ លាន​ដុល្លារ​អាមេរិក​នោះ នឹង​លេចចេញ​ជា​រូបរាង​ឡើង នៅក្នុង​ទឹកដី​ខេត្តបាត់ដំបង នាពេលខាងមុខ បន្ទាប់ពី​បាន​សាងសង់ រយៈពេល ២ ខែ ទទួលបាន​លទ្ធផល ៣០ ភាគរយ​ហើយ គិត​ត្រឹម​ពេលនេះ ។​

​លោក ហែម គិរី អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក បាន​ឲ្យ​ដឹងថា មណ្ឌល​ហែល​ទឹក ខេត្តបាត់ដំបង នាពេលនេះ យើង​ទទួលបាន​លទ្ធផល ៣០ ភាគរយ ក្នុងការ​វាយតម្លៃ យើង​អាច​ប្រើពេល ១ ឆ្នាំ តាម​គម្រោង​ឆ្នាំ​២០២០ របស់​សហព័ន្ធ គឺ​គម្រោង​ថ្មី​មួយ ដែល​ធ្វើ​ឲ្យ​វិស័យ​កីឡាហែលទឹក រីកចម្រើន ក្នុង​រចនាសម្ព័ន្ធ​រប​ស់​ខ្លួន​។ ការសាងសង់​ឡើង តាម​ស្តង់ដារ​អន្តរជាតិ លើ​ផ្ទៃដី សាងសង់ ទំហំ ១១២ ម៉ែត្រ គុណ​នឹង ៦៥ ម៉ែត្រ ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

អគ្គលេខាធិការ​សហព័ន្ធ ទៅ​មើល​ការសាងសង់​អាង​ហែល​ទឹក​

​លោក​បាន​បន្តថា ការសាងសង់ អាង​ហែល​ទឹក​នេះ​ឡើង ចង់​ឲ្យ​កីឡាហែលទឹក ខេត្តបាត់ដំបង់ មាន​សកម្មភាព​ឡើងវិញ ឬ​រស់​ឡើងវិញ ដូច្នេះ​យើង​ត្រូវការ អាង​ហែល​ទឹក​ថ្មី ហើយ​អាង​ហែល​ទឹក មាន​ទំហំ​ដូច​អាង​ហែល​ទឹក ខេត្តកំពង់ចាម មាន​អាង​សម្រាប់​ប្រកួត មាន​ទំហំ ២៥ ម៉ែត្រ គុណ​៥០​ម៉ែត្រ និង​ជម្រៅ​២​ម៉ែត្រ​។ អាង​លោតទឹក ទំហំ​២០​ម៉ែត្រ គុណ​២៥​ម៉ែត្រ ជម្រៅ ៤,៥ ម៉ែត្រ​។ ប៉ម​លោតទឹក​កម្ពស់ ១០ ម៉ែត្រ ចែកជា​ថ្នាក់ លោត​កម្ពស់ ៣,៥​ម៉ែត្រ​, ៧​ម៉ែត្រ និង​១០​ម៉ែត្រ​។​

​អាង​ទាំងបី និង​ប៉ម​លោតទឹក ត្រូវ​សាងសង់ នៅលើ​ខឿន ទំហំ​៤០​ម៉ែត្រ គុណ​១១២​ម៉ែត្រ ខ្ពស់ជាង​ដី​កំណើត ១,៥​ម៉ែត្រ​។ អាងទឹក​ក្នុង​ដី សម្រាប់​រក្សា​តុល្យភាព ទឹក​អាង ទាំងបី ទំហំ​១០​ម៉ែត្រ គុណ​១៥ ម៉ែត្រ ជម្រៅ​២,៥​ម៉ែត្រ​។ កន្លែង​អង្គុយ​ទស្សនា ទំហំ​៧​ម៉ែត្រ គុណ​៨៣​ម៉ែត្រ ចំណុះ​៤០០​នាក់ ក្នុងនោះ​សម្រាប់ គណៈអធិបតី ចំនួន​៥០​នាក់​។​

​បន្ទប់​ម៉ាស៊ីន​ចម្រោះ ទំហំ​៧​ម៉ែត្រ គុណ​១៣​ម៉ែត្រ បន្ទប់​ឃ្លាំង​ទំហំ​៧​ម៉ែត្រ គុណ​១០ ម៉ែត្រ បន្ទប់​ផ្លាស់​សំលៀកបំពាក់ ទំហំ ៤​ម៉ែត្រ គុណ ៧​ម៉ែត្រ ចំនួន​៣​បន្ទប់ ព្រមទាំង​បន្ទប់ទឹក​កីឡាករ ២​បន្ទប់ កីឡាការិនី ២​បន្ទប់​។ បន្ទប់ទឹក​សាធារណៈ ២​កន្លែង បុរស​៦​បន្ទប់ នារី​៦ បន្ទប់​ជនពិការ ១​បន្ទប់ ទីធ្លា​ចំណតរថយន្ត និង​ទោចក្រយានយន្ត ៧០០ ម៉ែត្រ​ការេ​។​

​អគារ​ពហុ​ប្រើប្រាស់ ទំហំ​៧​ម៉ែត្រ គុណ​៣៥​ម៉ែត្រ ពីរ​ជាន់ ចែកជា​បន្ទប់​ពិសេស គណៈ អធិបតី​ទំហំ​៧​ម៉ែត្រ គុណ​១០​ម៉ែត្រ​។ បន្ទប់​ពហុ​ប្រើប្រាស់ ទំហំ​៧​ម៉ែត្រ គុណ​១៥​ម៉ែត្រ បន្ទប់​បញ្ជាការ​ប្រកួត ទំហំ​៣​ម៉ែត្រ​គុណ​៥​ម៉ែត្រ​។ បន្ទប់​ឃ្លាំង​ជាន់​ទី​១ ទំហំ​៤​ម៉ែត្រ គុណ​៥​ម៉ែត្រ បន្ទប់សង្គ្រោះបន្ទាន់​ទំហំ​៤​ម៉ែត្រ គុណ​៥​ម៉ែត្រ​។ បន្ទប់​អាជ្ញាកណ្ដាល ទំហំ​៤​ម៉ែត្រ គុណ​៥​ម៉ែត្រ​កន្លែង សម្រាក​រយៈពេល​ខ្លី ក្នុងពេល​ប្រកួត​ទំហំ​៤​ម៉ែត្រ គុណ​២៤​ម៉ែត្រ​។ បន្ទប់​ស្នាក់នៅ សម្រាប់​កីឡាករ ទាំង​ពីរភេទ ចំនួន​៩ ទំហំ​៣,៥​ម៉ែត្រ គុណ​១៦​ម៉ែត្រ បន្ទប់​បរិភោគ និង​ចង្ក្រាន ទំហំ​៥​ម៉ែត្រ គុណ​៨​ម៉ែត្រ និង​សាងសង់​រយៈពេល ២៤ ខែ​។​

​លោក​អគ្គលេខាធិការ បាន​ប្រាប់ថា អាងទឹក​នេះ កសាងឡើង ដោយ​យក​គំរូ​ប្លង់ តាម​«​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន ខេត្តកំពង់ចាម ដោយ​គំរោង​ប្រើប្រាស់​ថវិកា ប្រមាណ ២ លាន ដុល្លារ​សហរដ្ឋអាមេរិក ដើម្បី​អាច​ឲ្យ​កីឡាករ កីឡា​ការ​នី ទាំង​ជាតិ និង​អន្តរជាតិ ក៏ដូចជា​មហាជន​ទូទៅ ធ្វើការ​ហ្វឹកហាត់​កីឡាហែលទឹក ដើម្បី​សុខភាព​។ ជាមួយគ្នានេះ អាងទឹក​នេះ ក៏​ជា​កន្លែង​ប្រកួត​កម្រិត​ជាតិ ឬ​អាច​ប្រកួត​កម្រិត​តំបន់​បាន​។​

​ការសាងសង់​មណ្ឌល​កីឡាហែលទឹក នៅ​ខេត្តបាត់ដំបង​នេះ ជា​ផែនការមេ​របស់​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក ក្នុងការ​អភិវឌ្ឍ និង​បណ្ដុះបណ្ដាល កីឡាករ​-​កីឡា​ការ​នី ឈុត​ធំ និង​ថ្នាល ដើម្បី​ត្រៀម​ចូលរួម​ប្រកួត ព្រឹត្តិការណ៍​កីឡា​ថ្នាក់​ខេត្ត ថ្នាក់ជាតិ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២៣ ( SEA GAMES 2023 ) នាពេលខាងមុខ​។​

​សូមបញ្ជាក់ថា មណ្ឌល​កីឡាហែលទឹក នៅ​ខេត្តបាត់ដំបង ដែលមាន​ទីតាំង​ស្ថិត នៅក្នុង​បរិវេណ នៃ​សាកលវិទ្យាល័យ ខេត្តបាត់ដំបង​នេះ ត្រូវបាន​បើក ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង ជា​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​ហែល​ទឹក​៕v