​មនុស្ស​ចាស់​ជា​ប្រភព​នៃ​បទពិសោធន៍​មិនចេះ​រីងស្ងួត​សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​

168
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃទី​២១​ខែតុលា​ឆ្នាំ​២០១៩​បានធ្វើ​ពិធី​អបអរសាទរ​ខួប​លើក​ទី​២១​ទិវា​មនុស្ស​ចាស់​កម្ពុជា​និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី​១​ខែតុលា​ដែល​ការ​ប្រារ​ពពី​ធី​នេះ​ឡើង​ដើម្បី​បង្ហាញ​អំពី​ការយកចិត្តទុកដាក់​ក្នុងការ​គាំពារ​ថែរក្សា​ផ្តល់​តម្លៃ​និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់​ដែលជា​ប្រភព​នៃ​បទពិសោធន៍​មិនចេះ​រីងស្ងួត​សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន និង​តទៅ​ជំនាន់​ក្រោយៗ​ទៀត​។​

​ពិធី​នេះ​ធ្វើឡើង ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោក​មុំ ប៊ុនថន អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​តំណាង​លោក វង សូត្រ រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​បងប្អូន​និវត្តន៍​ជន​ជាង​៣០០​នាក់ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោកស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា មនុស្ស​ចាស់​កំណត់​ត្រឹម​អាយុ​៦០​ឡើងទៅ​។​មនុស្ស​ចាស់​ជាឃ្លាំង​បទពិសោធ ល្អៗ​សម្រាប់​កូនចៅ​ជំនន់​ក្រោយ​ដោយនៅ​រាជធានី​ភ្នំពេញ​មាន​មនុស្ស​ចាស់​សរុប​ចំនួន​១៤៦៥៩៩​នាក់​។​

លោកស្រី​ថា​៖​រាជធានី​ភ្នំពេញ​យើង​បាន​ចងក្រង​ជា​សមាគមន៍​មនុស្ស​ចាស់​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ​ប៉ុន្តែ​មិនបាន​គ្រប់​សង្កាត់​នូវឡើយ​។​តែ​សម្រាប់​ឆ្នាំ​២០១៩​នេះ​ក្រោម​ការសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​យើង​បាន​កសាង​សមាគមន​នេះ​បាន​គ្រប់​ចំនួន​ហើយ​នៅ​ខណ្ឌ​នីមួយៗ​និង​បាន​ជួយ​ឧបត្ថម​ពួកគាត់​ជា​បន្តបន្ទាប់​មិន​ថា សម្ភារៈ​និង​ថវិការ ទទួលបាន​ភាពកក់ក្តៅ មិន​ឯក​កោ​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​បាន​មានប្រសាសន៍ថា​៖​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​ថ្ងៃទី​១​ខែតុលា​ឆ្នាំ​២០១៩”​ក្រោម​ប្រធានបទ​”​គាំទ្រ​សុខុមាលភាព​មនុស្ស​ចាស់​គឺជា​កត្តា​ដ៏​សំខាន់​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​គាំពារ​សុខុមាលភាព​មនុស្ស​គ្រប់​វ័យ​ក្នុង​សង្គមជាតិ​នៅ​កម្ពុជា​”​ដែល​ប្រធានបទ​នេះ​បានបង្ហាញ​ឱ្យឃើញ​អំពី​យន្តការ​គាំទ្រ​សំដៅ​ធ្វើយ៉ាងណា​ឱ្យមាន​ការចូលរួម​កាន់​តែ​ប្រសើរឡើង ចំពោះ​ការលើកស្ទួយ​សុខុមាលភាព និង​ការផ្តល់​ភាពកក់ក្តៅ​បន្ថែមទៀត​ជូន​មនុស្ស​ចាស់ ។​

​លោក​អភិបាល​បន្តថា​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធានកិត្តិយស​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា ជានិច្ចកាល សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី​ហ៊ុន សែន តែង​បានផ្តល់​ក្តី​អាណិត​ស្រឡាញ់ យកចិត្តទុកដាក់ ផ្តល់​តម្លៃ​ន។

​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​មន្ត្រីរាជការ​និវត្តន៍​ជន​ជា​រៀមច្បង​និង​មនុស្ស​ចាស់​ទាំងអស់ ដូច​អ្វីដែល​រាជរដ្ឋាភិបាល និង​សង្គមជាតិ​យើង បានផ្តល់​តម្លៃ​យ៉ាង​ធំធេង​តាមរយៈ​ការកំណត់​យក ថ្ងៃទី​១ ខែតុលា ជា​ថ្ងៃ​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ជា​រៀងរាល់ឆ្នាំ​។​

​លោក​ឃួ​ង ស្រេង បានបញ្ជាក់​ផងដែរ​ថា សម្រាប់​គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​ការយកចិត្តទុកដាក់ និង​ការប្តេជ្ញាចិត្ត​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​គាំពារ ថែរក្សា ផ្តល់​តម្លៃ និង​លើកទឹកចិត្ត​ចំពោះ​មនុស្ស​ចាស់ ដែលជា​ប្រភព​នៃ​បទពិសោធន៍​មិនចេះ​រីងស្ងួត សម្រាប់​មនុស្ស​វ័យក្មេង​ជំនាន់​បច្ចុប្បន្ន​និង​តទៅ​ជំនាន់​ក្រោយៗ​ទៀត​។​

ការ​ប្រារព្ធ​ទិវា​នេះ​ក៏​ជាការ​រំលឹក​ដល់​គុណូបការៈ​ចំពោះ​បងៗ​ជា​មន្ត្រីរាជការ​និវត្តន៍​ជន​ទាំងអស់​ដែល​ធ្លាប់បាន​ចូលរួមចំណែក​ស្តារ​កសាង​និង​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំកន្លងមក រហូត​សម្រេចបាន​នូវ​ស្នាដៃ និង​សមិទ្ធផល​ជាច្រើន​ឥត​គណនា​។​

​លោក​បន្តថា តាម​គោលនយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យចាស់ និង​ស្ថិតិ​របស់​ក្រសួងផែនការ បានបង្ហាញ​ឱ្យឃើញថា ចំនួន​មនុស្ស​វ័យចាស់​ក្នុង​ឆ្នាំ​២០១៧ មាន​អត្រា​កើនឡើង​ប្រមាណ ៧,២​ភាគរយ និង​មាន​និន្នាការ​កើនឡើង​បន្ថែមទៀត​នៅ​ចន្លោះ​ឆ្នាំ​២០២០-២០៣០ ក្នុង​អត្រា​ប្រមាណ ៤​ភាគរយ ក្នុង​មួយឆ្នាំ​។

ខណៈពេលដែល​មនុស្ស​វ័យ​ក្មេង មាន​អត្រា​កើនឡើង​ត្រឹមតែ​១​ភាគរយ ក្នុង​មួយឆ្នាំ ហើយ​តាម​ការព្យាករណ៍ ចំនួន​មនុស្ស​វ័យចាស់​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់​ប្រមាណ ២​លាន​នាក់​ស្មើនឹង​១១​ភាគរយ​នៃ​ប្រជាជន​សរុប​១៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។​

​នេះ​គឺជា​សារ​មួយ​ដ៏​មាន​សារៈសំខាន់ តម្រូវឱ្យ​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​បន្ត​រួមគ្នា​គិតគូរ យកចិត្តទុកដាក់​អំពី​យន្តការ​ដើម្បី​គាំពារ​ផ្តល់​ភាពកក់ក្តៅ​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត​ជូន​ដល់​មនុស្ស​វ័យចាស់ ចៀសវាង​ទុក​ពួកគាត់​ឱ្យនៅ​ឯកា និង​គ្មាន​ការផ្តល់​តម្លៃ​ណាមួយ​នោះ​៕S/​