​មនុស្ស​៦៥​នាក់​បាន​ស្លាប់​ដោយសារ​រន្ទះបាញ់​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ​

985
ចែករម្លែក

-​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​ក្នុង​ខែឧសភា​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ​

​ដោយ​: ប​.​ខុន / ភ្នំពេញ​: គ្រោះថ្នាក់​ដោយ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​នៅក្នុង​ខែឧសភា​ឆ្នាំ ២០១៨ បានសម្លាប់​មនុស្ស​៤៣​នាក់​,​របួស​៣៤​នាក់​, ងាប់​សត្វពាហនៈ​៥៧​ក្បាល​, រលំ​ផ្ទះ​២៨៣​ខ្នង និង​ធ្វើ​ឲ្យ​របើក​ល្បាញ​ជញ្ជាំង​និង​ដំបូលផ្ទះ​៩៩៩​ខ្នង​។ ចំណុច​នេះ បានធ្វើ​ឲ្យ​តួលេខ​ខូចខាត​រយៈពេល​៥​ខែ​នៃ​ដើមឆ្នាំ​នេះ កើនឡើង​ប្រហាក់ប្រហែល​នឹង​គ្រោះមហន្តរាយ ដោយ​បាតុភូតធម្មជាតិ​ដែល​បានកើត​មាននៅ​ក្នុង​ឆ្នាំ​២០១៧​ដែរ​។ តែ​បាតុភូត​នេះ​នឹង​ថយឥទ្ធិពល​បន្តិច​ទៅវិញ​នៅ​ចាប់ពី​ពាក់កណ្តាល​ខែមិថុនា​ខាងមុខនេះ​។​

​លោក កែវ វី ទីប្រឹក្សា​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០១៨​ថា បាតុភូតធម្មជាតិ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ដែល​បានកើត​មាននៅ​ក្នុង​ខែឧសភា កើនឡើង​ទ្វេ​រដង នៃ​គ្រោះថ្នាក់​ដែល​បាន​កើតមានឡើង​ក្នុង​រយៈពេល​បួន​ខែ​កន្លងទៅនេះ​។​

​លោក​ទីប្រឹក្សា​បន្តថា​នៅក្នុង​ខែឧសភា​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​ចំនួន​៦១​លើក​បានសម្លាប់​មនុស្ស​៤៣​នាក់​,​របួស​៣៤​នាក់ ,​ងាប់​សត្វពាហនៈ​៥៧​ក្បាល​, រលំ​ផ្ទះ​២៨៣​ខ្នង ធ្វើ​ឲ្យ​របើក​ល្បាញ​ជញ្ជាំង និង​ដំបូលផ្ទះ​៩៩៩​ខ្នង អគារ​សាលារៀន​៦​ខ្នង​និង​អគារ​ផ្សេងៗ​បួន​ខ្នង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា រយៈពេល​បួន​ខែ​ដើមឆ្នាំ​កន្លងទៅនេះ​ខ្យល់​កន្ត្រាក់​កើតមាន​តែ​៥៣​លើក​, រលំ​ផ្ទះ​១៨៩​ខ្នង​, របើក​ដំបូល​និង​ជញ្ជាំង​៨០៨​ខ្នង​, របើក​ដំបូល​អគារ​សាលារៀន​១១​ខ្នង និង​អគារ​ផ្សេងៗ​ចំនួន​ប្រាំ​ខ្នង​។ ការខូចខាត​ដោយ​បាតុភូតធម្មជាតិ​គិត​ត្រឹម​ខែមេសា បើ​ធៀប​ប្រៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៧​មានការ​ថយចុះ​ច្រើន​។ តែ​ចូលដល់​រយៈពេល​៥​ខែ​នៃ​ឆ្នាំនេះ​ចំនួន​ខូចខាត​បាន​កើនឡើង​ប្រហាក់ប្រហែលគ្នា ដោយសារ​នៅក្នុង​ខែឧសភា​គ្រោះថ្នាក់​កើតមាន​ច្រើន​។​

​រយៈពេល​៥​ខែ​ដើម​ឆ្នាំនេះ បើតាម​លោក​កែវ វី ឲ្យ​ដឹង​ខ្យល់​កន្ត្រាក់​កើតមាន​ចំនួន​១០៧​លើក​បណ្តាល​ឲ្យ​រលំ​ផ្ទះ ៤៧២​ខ្នង​, របើក​ជញ្ជាំង​និង​ដំបូលផ្ទះ ១.៨០៧​ខ្នង អគារ​សាលារៀន ១៧​ខ្នង អគារ​ផ្សេងៗ​៩​ខ្នង​។ ចំណែក​បាតុភូត​រន្ទះ​កើតមាន​ចំនួន​៩២​លើក​សម្លាប់​មនុស្ស​៦៥​នាក់ របួស​៤៦​នាក់ និង ងាប់​សត្វ​ពា​ហៈ​៦៩​ក្បាល​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​រស្មី​កម្ពុជា​នៅ​ថ្ងៃទី​៣១​ខែឧសភា​ថា បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់ វា​នឹង​ថយឥទ្ធិពល​បន្តិច​ទៅវិញ​នៅ​ពាក់កណ្តាល​ខែមិថុនា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​លក្ខណៈ​ជា​ប្រព័ន្ធ​បាន​កើតមាន​ចាប់ពី​សប្តាហ៍​ក្រោយនេះ ទៅធ្វើ​ឲ្យ​សីតុណ្ហភាព​អតិបរមា​ថយចុះ​ជាង​ពេលនេះ​៕ ល​