​មន្ត្រីជលផល​ស្នើឱ្យ​បញ្ឈប់​ការនេសាទ​ខុសច្បាប់​គឺ​នឹង​បំផ្លាញ​ខ្លួនឯង​និង​ប្រព័ន្ធ​អេកូឡូស៊ី

306
ចែករម្លែក
  • 25
    Shares

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ជលផល​កំ​ពង់​ចាម​បានស្នើ​ដល់​ប្រជាពលរដ្ឋ​ជា​អ្នកនេសាទ​ដែល​នៅតែ​បន្ត​លួច​ប្រើប្រាស់​ឧបករណ៍​គ្មាន​ការអនុញ្ញាត​ទាំងអស់​គឺ​ឧបករណ៍​ឆក់​និង​ស្បៃ​មុង​ជា​ឧបករណ៍​ដែល​បំផ្លាញ​ធនធានធម្មជាតិ​ខ្លួនឯង​និង​បំផ្លាញ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​នៅក្នុង​ទឹក​នោះ​។​

​លើកឡើង​បែបនេះ​លោក​អ៊ុក​ណារិន​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ចាម​ក្រោយពី​លោក​បាន​ដឹកនាំ​កម្លាំងចម្រុះ​បង្ក្រាប​បទល្មើស​នេសាទ​ចំនួន​ពីរ​ថ្ងៃ​ជាប់​គ្នា​នៅ​ចុង​សប្តាហ៍​កន្លងទៅនេះ​គឺ​នៅក្នុង​ភូមិសាស្ត្រ​បឹង​ធំ ដែលមាន​ក្រឡា​សរុប​ទំហំ​ជាង ៣.០០០ ហិកតា ។​

​លោក អ៊ុក ណារិន បាន​ឲ្យ​ដឹងថា ក្នុងនោះ​យើង​បង្ក្រាប​ការប្រើ​ឧបករណ៍​ស្បៃ​មុង​ក្នុង​ឃុំ​រកា​គយ ស្រុក​កងមាស​គឺមាន​លូ​ស្បៃ​មុង​ចំនួន​៣៨​មាត់​,​របាំង​ស្បៃ​មុង​ប្រវែង​១.៩០០​ម៉ែត្រ​និង​បង្គោល​ចម្រឹង​ចំនួន ៥៧០ ដើម គឺ​វត្ថុតាង​ទាំងបី​នេះ​បាន​រឹបអូស​ដុត​កម្ទេចចោល​។ ចំណែក​ត្រី​ចម្រុះ​ចំនួន ៩៨​គីឡូក្រាម បាន​ចាក់​លែង​ចោល​ក្នុង​បឹង​ដដែល​នេះ​។ ការបង្ក្រាប​មិន​ឃាត់ខ្លួន​ជនបង្ក​ណា​ម្នាក់ និង​ក៏​ពុំបាន​កំណត់​បាន​អត្តសញ្ញាណ​ពួកគេ​ដែរ​។​

​លោកនាយ​ខណ្ឌ​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ទៀតថា​ប៉ុន្តែ​លោក​សូម​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​បន្ត​ប្រព្រឹត្ត​ការនេសាទ​ខុសច្បាប់​ទាំងអស់​គឺ​សូម​បញ្ឈប់​ទៅ​។​បើ​នៅ​បន្ត​នោះ​គឺ​នឹង​បំផ្លាញ​ធនធានធម្មជាតិ​ខ្លួនឯង​ហើ​ង​។​ពិសេស​អ្នកប្រើប្រាស់​ឧបករណ៍​ស្បៃ​មុង​គឺ​នឹង​បំផ្លាញ​ស​ម្ប​តិ្ត​ធម្មជាតិ​ក្នុង​ទឹក​ធ្វើ​ឲ្យ​ដាច់​ពូជ​មាន ត្រី ខ្ចៅ ខ្យង លៀស ជាដើម​នោះ​។

​លោក​បាន​បន្តថា​វិនាស​ធ្ងន់ធ្ងរ​មែនទែន​នោះ​គឺ​ឧបករណ៍​ទាំង​ឆក់​ក្តៅ​និង​ទាំង​ឆក់​ត្រជាក់​នឹងធ្វើ​ឲ្យ​ងាប់​ពពួកសត្វ​រស់នៅក្នុង​ទឹក​ខាងលើ​និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​។​ដូច្នេះ​សូម​បងប្អូន​បញ្ឈប់​ការប្រើ​ឧបករណ៍​ដ៏​គ្រោះ​ថ្នាក់លើ​នេះ ហើយ​សូមមេត្តា​ងាក​មក​ប្រើ​ឧបករណ៍​ស្របច្បាប់​ឲ្យ​បាន​ទាំងអស់គ្នា​។ ដោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទាំងអស់​រួមគ្នា​លុបបំបាត់​ឧបករណ៍​ខុសច្បាប់​ឲ្យ​បាន​ទាំងស្រុង​៕S/​