​មន្ត្រីជាន់ខ្ពស់​ក្រសួង​ធនធានទឹក​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​ការបង្កបង្កើន​ផល​នៅ​ខេត្តចំនួនពីរ

545
ចែករម្លែក

​ដោយៈ បា​យ៉ង់​/ ភ្នំពេញៈ លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ដឹកនាំ​ក្រុមការងារ​បន្ត​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​បម្រើ​ឲ្យ​ការងារ​បង្កបង្កើនផល​នៅក្នុង ខេត្តបន្ទាយមានជ័យ និង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​។​
​ ​
​លោក យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្តបន្ទាយមានជ័យ និង​លោក ញឺ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​​បញ្ជាក់ថា មកដល់ពេលនេះ​ដំណាំ​ស្រូវ​នៅក្នុង​ខេត្ត​ទាំងពីរ​ពុំមាន​បញ្ហា​ប្រឈម​នឹង​កង្វះខាត​ទឹក​នោះទេ​។ ចំពោះ​្តស្រូវស្រាល​ពេលនេះ​បងប្អូន​ប្រជាកសិករ​បាន​និង​​កំពុងធ្វើការ​ច្រូតកាត់​ជា​បណ្ដើៗ​ហើយ​។
​ ​
​ប្រភព​បន្តទៀទថា ចំពោះ​ស្រូវកណ្ដាល​បានចាប់ផ្ដើម​ដាក់​គ្រាប់​ហើយនឹង​ឈានទៅ​ប្រមូល​ផល​នៅ​អំឡុងពេល​ពាក់កណ្តាល ខែវិច្ឆិកា ខាងមុខនេះ​។ ពិនិត្យ​ជារួម​ស្រូវស្រាល​និង​ស្រូវកណ្ដាលដែល​បងប្អូន​ប្រជាកសិករ​បានធ្វើ​ការដាំ​ដុះ​ពុំមាន​បញ្ហា​ប្រឈម​នឹង​កង្វះខាត​ទឹក​នោះទេ​។ ប៉ុន្តែ​ចំពោះ​ស្រូវធ្ងន់​មួយចំនួន​ធ្វើការ​បង្កប​​ង្កើ​ន​ផល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​និង​ឆ្ងាយ​ពី​ប្រព័ន្ធធារាសាស្ត្រ​ដូច្នេះ​វា​អាច​នឹង​មានការ​ប្រឈម​ខ្លះៗ​។​
​ ​
​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹកនិង​ឧតុនិយម លោក ចាន់ យុ​ត្ថា បានធ្វើការ​ផ្ដាំផ្ញើ​ដល់ លោក​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ទាំងពីរ​ខេត្ត​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ក្នុងការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ​។ ពីព្រោះ​រដូវវស្សា​សម្រាប់​តំបន់​ខ្ពង់​រាបនឹង​ឈានទៅ​បញ្ចប់​ក្នុង​រយៈពេល​ឆាប់ៗ​ពិសេស​ចាប់ពី​ថ្ងៃទី​២៧ ឬ​ទី​២៨ ខាងមុខ​នេះ​តំបន់​ខ្ពង់​រាបនឹង​ចាប់ផ្ដើម​ថមថយ​ទឹកភ្លៀង​ជា​បណ្តើរៗ​ហើយ​។
​ ​
​លោក​រដ្ឋលេខាធិការ​បញ្ជា​ក់ទៀត​ថា រដូវប្រាំង​ខាងមុខ​យើង​អាច​ជួបនឹង​ធាតុអាកាស​ក្តៅ​ហួតហែង​ខ្លាំង​និង​មិនសូវមាន​ភ្លៀង​កក់ខែ​ផង​។ ដូច្នេះ​មានតែ​ការថែរក្សា​​ទឹក​ទុក​ឲ្យ​បានល្អ​និង​ប្រើប្រាស់​ឲ្យ​ចំ​គោលដៅ​ទេទើប​អាចឆ្លើយតប​ទៅនឹង​តម្រូវការ​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​និង​ការប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃនាពេលខាងមុខ​បាន​។
​ ​
​ទាក់ទង​ជាមួយនិង​ការបញ្ជូន​ទឹក​ពី​ទំនប់ ស្ទឹង​ស្រែង​ទី​ពីរ ទៅកាន់ អាង​ត្រពាំងថ្ម ដែល​បាននិងកំពុង​ធ្វើ​រយៈពេល​ជាង​បួន​ខែ​កន្លងមកឥឡូវនេះ​គឺ​ស្ថានភាព​ទឹក​នៅ​​ក្នុង អាង​ត្រពាំងថ្ម បាន​ប្រមាណ​៦៥​ភាគរយ​ហើយ​។ លោក​រដ្ឋលេខាធិការ​បា​ន​ណែនាំ​ឲ្យ​លោក​ប្រធាន​មន្ទីរ​ទាំងពីរ​បន្ត​សហ​ការ​គ្នា​
ក្នុង​ការបញ្ជូន​ទឹក​ពី​ទំនប់​ ​ស្ទឹង​ស្រែង​ទី​ពីរ ទៅ​បំពេញ អាង​ត្រពាំងថ្ម ជា​បន្តទៀត​។​
​ ​
​គួរ​បញ្ជាក់ថា លោក​រដ្ឋលេខាធិការ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​នៅក្នុង ខេត្តបាត់ដំបង និង​ការចុះ​សិក្សា​លើ​គម្រោង​អភិវឌ្ឍ​ធនធាន​​ទឹក​នៅ​តំបន់ ស្ទឹង​គ្រញូង (​ក្បាល​ស្ទឹង​សង្កែ​) ស្ថិតនៅក្នុង ស្រុក​សំឡូត ខេត្តបាត់ដំបង និង​គម្រោង​អភិវឌ្ឍ​ធនធានទឹក​នៅតំបន់​
ក្បាល​ស្ទឹង​ប​វេ​ល ហើយក៍​បា​ចុះទៅ​ត្រួតពិនិត្យ​ការងារ​នៅ ខេត្ត​ប៉ៃលិន ផងដែរ​៕ Tp