​មន្ត្រីជាន់ខ្ពស់​!​កម្ពុជា​នៅតែ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​ផែនការ​សូន្យ​បី​នៃ​ជំងឺអេដស៍​

169
ចែករម្លែក

ដោយៈ​មេសា​/​ភ្នំពេញៈ​លោក​អៀង​មូលី​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​និង​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​បានលើកឡើង​អំពី​ការបន្ត​ប្តេជ្ញា​របស់​កម្ពុជា​ចំពោះ​ការលប់បំបាត់​មេរោគ​អេដស៍​និង​ជំងឺអេដស៍​ថា​“​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ជាគោលការណ៍​ប្រកបដោយ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​លុបបំបាត់​ជំងឺអេដស៍​។​តាមរយៈ​ការកំណត់​យ៉ាងច្បាស់​លាស់​នូវ​គោលដៅ​សូន្យ​បី​គឺ​គ្មាន​ការឆ្លង​មេរោគ​អេដស៍​ថ្មី​គ្មាន​ការរើសអើង​ចំពោះ​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​គ្មាន​ការស្លាប់​ដោយសារ​ជំងឺអេដស៍ នៅត្រឹម​ឆ្នាំ​២០២៥ “ ។

​លោក​អៀង​មូលី​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​កិច្ចប្រជុំពេញអង្គ​លើក​ទី​២​ឆ្នាំ​២០១៩​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​នៅឯ​ទីស្តីការគណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។​លោក​អៀង​មូលី​បន្តថា​យើង​ក៏បាន​និង​កំពុងតែ​ធ្វើដំណើរ​រួមគ្នា​ប្រកបដោយ​ទស្សនវិស័យ​ច្បាស់លាស់​ក្នុង​ក្តីសង្ឃឹម​ពិតប្រាកដ​ឆ្ពោះទៅរក​ការលុបបំបាត់​ជំងឺអេដស៍​។​នេះ​ក៏​ដោយសារតែ​ប្រទេស​កម្ពុជា​យើង​មាននូវ​កត្តាចាំបាច់​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​រួចទៅហើយ​គឺ​ការប្តេជ្ញាចិត្ត​គាំទ្រ​ជា​នយោបាយ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​កិច្ចប្រជុំពេញអង្គ​នេះ បានអនុម័ត​ឯកសារ​សំខាន់ ៤ គឺ ១,​របាយការណ៍​វឌ្ឍនភាព ប្រសិទ្ធភាព និង សមិទ្ធផល​ក្នុងការ​ឆ្លើយតប​ជាតិ​ទូលំទូលាយ និង​ពហុ​វិស័យ​ទៅនឹង​ការ​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍​រយៈពេល​៦​ខែ​ចុងឆ្នាំ​២០១៩​។​ទី​២,​ផែនការ​យុទ្ធសាស្ត្រ​ទូលំទូលាយ​និង​ពហុ​វិស័យ​ឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ឆ្នាំ​២០១៩=២០២៣​។​

​ទី​៣,​បន្ត​ជំរុញឱ្យមាន​វឌ្ឍនភាព​និង​បន្ត​ការអនុវត្ត​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ស្តីពី​វិធានការ​ទាក់ទង​នឹង​ការឆ្លើយតប​នឹង​មេរោគ​អេដស៍​និង​ជំងឺអេដស៍​និង​ទី​៤,​សេចក្តីសម្រេចចិត្ត​ឆ្ពោះទៅ​សម្រេចបាន​នូវ​គោលដៅ​៩៥,៩៥,៩៥​នា​ឆ្នាំ​២០២៥​។​ជាការ​កត់សម្គាល់​ត្រូវបាន​ទទួលស្គាល់ថា​កម្ពុ​ជា​បាន​ជោគជ័យ​គួរ​ជាទី​មោទនភាព​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ ។
​ទោះយ៉ាងណា​កម្ពុជា​នៅមាន​អ្នក​ផ្ទុកមេរោគ​អេដស៍​ប្រមាណ​ជាជាង​៧​ម៉ឺន​នាក់​ហើយ​ក្នុងនោះ​ប្រមាណ​ជា​១៤​ភាគរយ​មិនទាន់បាន​ដឹងខ្លួន​ថា​មាន​ផ្ទុកមេរោគ​អេដស៍​ទេ​ហើយ​គេ​ក៏​មិនទាន់​បានដឹងថា​អ្នក​ទាំងនោះ​ជា​នរណា​រស់នៅ​ទីណា​និង​កំពុង​ធ្វើ​អ្វី​ឡើយ​។​

​គឺ​អ្នក​ទាំង​នោះឯង​ហើយ​ដែល​អាច​នឹង​ចម្លង​ទៅ​អ្នកដទៃ​ក្នុង​កម្រិត​ខ្ពស់​ដែល​ប្រការនេះ​បានសេចក្តីថា​ទោះជា​កម្ពុជា​សម្រេចបាន​ល​ទ្ធ​ផល​គួរ​ជាទី​មោទនភាព​ចំពោះ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍​និង​មេរោគ​អេដស៍​ក្តី​។​ក៏​គេ​នៅតែ​មិនអាច​ធ្វេសប្រហែស​ចំពោះ​មេរោគ​អេដស៍​បានដែរ​ព្រោះ​មេរោគ​អេដស៍​នៅតែ​អាច​ឆ្លង​ពី​មនុស្ស​ម្នាក់ ទៅ​អ្នក​ផ្សេងទៀត​បាន​គ្រប់​គ្រា ៕S/

-​ចំណងជើង​រូបៈ លោក​អៀង​មូលី​ថ្លែង​ទៅកាន់​អង្គប្រជុំ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ( អៀង មូលី​)- រូបៈ​មេសា​-​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ ( អ្នកចូលរួម​)​រូបៈ មេសា​