(បន្ទាយមានជ័យ)៖មន្ត្រីកាំកុងត្រូលបានចាប់ឆ្អឹងនិងជង្គង់មាន់ខូចគុណភាពជិតមួយតោនដែលឈ្មួញនាំពីប្រទេសថៃចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ ។ប្រតិបត្តិការនេះដឹកនាំដោយលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានធ្វើការបង្ក្រាបរឹបផលិតផលខូចគុណភាពសរុបចំនួន៨២០គីឡូក្រាម ។ចំណែកឈ្មួញអ្នកនាំចូលបានរត់គេចខ្លួនខណៈដែលមន្ត្រីជំនាញកំពុងឆែកឆេរត្រួតពិនិត្យរទេះកម្មករដឹកផលិតផលហាមឃាត់នោះ។
លោកស៊ានស៊ីណាតប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថាផលិតផលទាំងនោះត្រូវបានច្បាប់ក្រសួងពាណិជ្ជកម្មប្រទេសកម្ពុជាហាមឃាត់មិនអនុញ្ញាតឱ្យនាំចូលក្នុងប្រទេសកម្ពុជានោះឡើយ។វាជាប្រភេទផលិតផលកាកសំណល់ដែលខាងថៃគេពន្លះយកសាច់អស់ នៅសល់តែឆ្អឹង ហើយឈ្មួញខ្មែរបែរជានាំចូលលួចលាក់ខុសច្បាប់ បម្រុងយកមកចែកចាយនៅលើទីផ្សារកម្ពុជា មិនគិតពីផលប៉ះពាល់សុខភាព ប្រជាពលរដ្ឋខ្មែរ ដែលមិនបានដឹងទិញយកទទួលទានបង្កគ្រោះថ្នាក់សុខភាពយ៉ាងធ្ងន់ធ្ងរនោះ។
លោកបញ្ជាក់ឱ្យដឹងទៀតថា បើតាមច្បាប់ទាំងឈ្មួញ និង អ្នកស៊ីឈ្នួលដឹកជញ្ជូនមានចេតនានាំចូលផលិតផលទំនិញខូចគុណភាព បង្កគ្រោះថ្នាក់សុខភាពប្រជាពលរដ្ឋ ត្រូវប្រឈមនឹងមុខច្បាប់ដាក់ទោសទណ្ឌស្មើភាពគ្នា ។ ផលិតផលខូចគុណភាពខាងលើ នៅរសៀលថ្ងៃដដែលត្រូវបានមន្ត្រីជំនាញយកទៅដុតកំទេចចោលដើម្បីបញ្ចៀសផលប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរនោះ៕S/ដោយ៖ហូសាន់