​មន្ត្រី​ក្រសួងមហាផ្ទៃ​ម្នាក់​និង​បក្ខពួក​បាញ់​ទៅលើ​ប្ដី​ប្រពន្ធ​២​នាក់​កំពុងបើក​រថយន្ត​

382
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ប្ដី​ប្រពន្ធ​២​នាក់​ត្រូវ​មន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ម្នាក់​និង​បក្ខពួក បាន​ដក​កាំភ្លើង​បាញ់​ចំនួន​៥​គ្រាប់​សំដៅ​មកលើ​រថយន្ត​RANGEROVER​របស់​ពួកគាត់​នៅក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​បណ្ដាល​ឲ្យ​បែក​ធ្លុះ​កញ្ចក់​រថយន្ត​។​

ករណីនេះ​បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ចំណុច​ក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ តាម​បណ្ដោយ​ផ្លូវ​៣៦៣ ក្នុង​សង្កាត់​ច្បារអំពៅ ទី​១ ខណ្ឌ​ច្បារអំពៅ កាលពី​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១៩ ។​

​បុរសរងគ្រោះ​ឈ្មោះ ភូ​រី​ស្ស ស្តូ​រ៉ា​ន់ អាយុ​៣៤​ឆ្នាំ​មុខ​របប​រកស៊ី​ស្នាក់នៅ​សង្កាត់​ព្រែកប្រា​ខណ្ឌ​ច្បារអំពៅ និង​ប្រពន្ធ​មានឈ្មោះ តាំង សុខ​ឡេង អាយុ​៣១​ឆ្នាំ មុខ​របប បុ​ក្គ​លិ​ក ណាហ្គា​វើ​ល ស្នាក់នៅ​ជាមួយគ្នា ។​

ចំណែក​ជនបង្ក​មានឈ្មោះ​ដួង​ណាគ្រី​អាយុ​៤៧​ឆ្នាំមាន​មុខងារ​ជាម​ន្ត្រី​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ស្នាក់​នៅផ្ទះ​លេខ​943​ផ្លូវ​លេខ​៣៦០​សង្កាត់​បឹង​កេងកង​ទី​៣​ខណ្ឌចំការមន​។​បក្ខពួក​ម្នាក់ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ទាំង​២​នាក់មក​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ភ្លាមៗ ។​

​បុរសរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ រូបគាត់​និង​ប្រពន្ធ បាន​បើករថយន្ត​ម៉ាក RANGE ROVER​ពាក់​ស្លាក​លេខ​ភ្នំពេញ​2U4448​ចេញពី​ហូប​អី​នៅ​ម្ដុំ​ផ្សារ​ដើម​គរ​ហើយក៏​ត្រឡប់មកផ្ទះ​វិញ​នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ ។

ខណៈ​រូបគាត់​បើករថយន្ត​មកដល់​មុខ​អតីត​ក្លឹប​កម្សាន្ត រ៉ុ​ក ក៏​ស្រាប់​តែមាន​ជនបង្ក​២​នាក់​បើករថយន្ត​មួយគ្រឿង​ម៉ាក​LEXLISRX330​ពណ៌​ស​ពាក់​ស្លាក​លេខ​សៀមរាប​2B5153​មកពី​ក្រោយ​ហើយ​ចុច​ស៊ី​ផ្លេ​យ៉ាងរ​ន្ធើ​ម​ដាក់​រូបគាត់​ទើប​រូបគាត់​បន្ថយល្បឿន​ឈប់​ចុះមក​សួរ ថា មានរឿង​អី ?

​រីឯ​ជនបង្ក​ឆ្លើយថា​អា​ញ់​ចាប់​ហែង​..!​រួច​ជនរងគ្រោះ​ក៏​ឆ្លើយតប​វិញ​ថា​ខ្ញុំ​ខុស​អី​បន្ទាប់មក​ជនរងគ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​ក៏​ឡើងលើ​រថយន្ត​បើក​ចេញទៅ​។​ជនបង្ក​បាន​បើក​តាម​ពីក្រោយ​ហើយ​មក​កៀក​ឲ្យ​ជនរងគ្រោះ​បើករថយន្ត​មក​អធិការ​ខណ្ឌ​ច្បារអំពៅ​។​រីឯ​ជនរងគ្រោះ​ក៏​សុខចិត្ត​បើករថយន្ត​មក​មុន​ខណៈ​ជិត​ដល់​របង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទៅហើយ ស្រាប់តែ​ជនបង្ក បើករថយន្ត​មក​កាក់​ពីមុខ ។​

ជនរងគ្រោះ​ក៏​បើក​ថយក្រោយ​បត់​ក្បាល​រថយន្ត​ចេញ​ក៏​ស្រាប់តែ​ជនបង្ក​ម្នាក់​ចុះមក​បាញ់ប្រហា​ទៅលើ​ជនរងគ្រោះ​ចំ​កញ្ចក់​ពីក្រោយ​រថយន្ត​RANGE ROVER ចំនួន​5​គ្រាប់ ធ្វើ​ឲ្យ​កញ្ចក់​រថយន្ត​បែក​ធ្លុះធ្លាយ និង​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ភ័យ​ស្លន់ស្លោ​រហូតដល់​សន្លប់​បាត់ស្មារតី​។​រួចហើយ​ជនបង្ក​ក៏បាន​បើករថយន្ត​ចេញពី​កន្លែងកើតហេតុ មួយ​ភ្លេ​ត​ក៏​ត្រឡប់មកវិញ ។

​ចំណែក​ស្ត្រី​រងគ្រោះ​ដែល​សន្លប់​ស្មារតី ត្រូវបាន​ក្រុមគ្រួសារ​ដឹក​បញ្ចូនទៅ​មន្ទី​ពេទ្យ​ឯកជន ។ រីឯ​បុរសរងគ្រោះ​ក៏​បានមក​ដាក់​ពា្យ​បណ្ដឹង​ទៅលើ​ជនបង្ក​ទាំង​២​នាក់​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕S/​