​មន្ត្រី​ច្រកទ្វា​ព្រំដែន​ម៉ឺន​ជ័យ​នៅតែ​កំណត់​យកលុយ​ពី​អាជីវករ​ដោយ​មិន​ចេញ​ក្រដាសស្នាម​

1620
ចែករម្លែក

(​ព្រៃវែង​)៖​រាល់ថ្ងៃនេះ​គេ​សង្កេតឃើញ​សកម្មភាព​ឈ្មួញ​ដឹកទំនិញ​ពី​វៀតណាម​ចូលមក​ខ្មែរ​តាម​ច្រកទ្វារព្រំដែន​ម៉ឺន​ជ័យ​ស្រុក​កំចាយមារ​ខេត្តព្រៃវែង​គឺ​ត្រូវបាន​មន្ត្រី​ដែល​ប្រចាំការ​នៅ​ទីនោះ​កំណត់​ឲ្យ​បង់លុយ​ច្រើន​ដោយ​មិន​ចេញ​ក្រដាស់​ស្នាម​!​ជា​ថ្នូរ​និង​ការមិន​ពិនិត្យ​ឬ​មិន​យកពន្ធ​លើ​មុខទំនិញ​ដែល​បាន​ដឹក​ចេញចូល​។​ជាមួយគ្នា​នោះគេ​ឃើញ​ក្រុមអាជីវករ​ដែល​ដឹក​កសិផល​ពី​ខ្មែរ​ទៅ​វៀតណាម​និង​ពី​វៀតណាម​មក​ខ្មែរ​គឺ​តែងតែ​ដើរចូល​បង់លុយ​ឲ្យ​មន្ត្រី​ទាំង​បួន​ស្ថាប័ន​ដែល​ឈរជើង​នៅ​មាត់​ច្រកទ្វារ​ទ្វេភាគី​ម៉ឺន​ជ័យ​នេះ​។​

​ប្រភពពី​អាជីវករ​បាន​ឲ្យ​ដឹងថា​ការ​បង់លុយ​ទាំងនោះ​រួមមាន​រ៉ឺម៉ក​ម៉ូតូ​ដឹក​ជ្រូក​ឬ​ទំនិញ​,​រថយន្ត​សាំ​យ៉ុង​ដឹក​បន្លែ​ផ្លែឈើ​,​រថយន្ត​កូរ៉េ​ដឹក​កន្ទេល​,​រថយន្ត​ដឹក​មាន់​ទា​ជ្រូក​ចូលមក​ខ្មែរ​,​និង​រថយន្ត​ដឹក​អង្កាម​ពី​ខ្មែរ​ចូលទៅ​វៀតណាម​គឺ​រថយន្ត​ធុន​ធំ​ចំណុះ​ចាប់ពី​២​តោន​កន្លះ​ដល់​១០​តោន​។​មិនតែប៉ុណ្ណោះ​ក៏មាន​រថយន្ត​យី​ឌុប​ដឹកទំនិញ​ចេញចូល​ទាំងថ្ងៃទាំងយប់​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​ច្រកទ្វា​ឡើយ​ដោយហេតុថា​ជីវ​ករ​ទាំងនោះ​សុទ្ធតែ​បាន​រត់ការ​ជាមុន​ដោយ​បង់លុយ​ដាក់​ខែ​ឯ​ខ្លះទៀត​បង់​ប្រចាំថ្ងៃ​ទៅតាម​ទំនិញ​តិច​ឬ​ច្រើន​។​

​ជុំវិញ​ការលើកឡើង​ខាងលើនេះ​លោក​ចាន់​រតនា​ប្រធាន​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ​បានទទួល​ស្គាល់​កាលពីពេល​កន្លងមក​ថា​ពិតជា​មានការ​យកលុយ​ពី​អាជីវករ​ទាំងនោះ​មែន​។​លោក​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​គឺ​គ្រាន់​ដោះស្រាយ​បាយទឹក​មន្ត្រី​ដែល​ប្រចាំការ​ទីនោះ​ហើយ​បើ​មាន​ឡាន​ដឹក​បន្លែ​ច្រើន​យើង​ក៏បាន​ច្រើន​ទៅតាម​នឹង​ដែរ​ដោយ​អនុគ្រោះ​យកពន្ធ​មិន​គ្រប់​ប៉ុន្តែ​យើង​មិន​បង្គាប់​គេ​ឡើយ​។

​រីឯ​លោក​គង់​សឺ​ឌី​ប្រធាន​គយ​ច្រក​ម៉ឺន​ជ័យ​បាន​បដិសេដថា​លោក​មិនដឹង​ទេ​រឿង​យកលុយ​ពី​រថយន្ត​ទាំងនោះ​។​លោក​បន្តថា​រថយន្ត​ដឹក​អង្កាម​នោះគេ​ដឹក​ទៅ​មែន​តែ​ត្រូវ​ដឹក​មកវិញ​ព្រោះ​វៀតណាម​គេ​មិន​យក​។​រីឯ​រឿង​គោយន្ត​ដែលថា​បង់លុយ​អស់​៧០​ម៉ឺន​រៀល​ក្នុង​មួយ​គោយន្ត​នោះ​មិន​ពិត​ទេ ចំណែកឯ​ម៉ូតូ​ដឹក​ជ្រូក​ចូលមក​ខ្មែរ​នោះ​លោក​ថា​នេះ​ជា​ទម្លាប់​តាំងពីដើម​មក​ម្លេះ​៕S/​ដោយ​៖​ចាន់ថន​
​ ​ ​ ​