ដោយៈបូកគោ/កំពតៈមន្ត្រីអភិរក្សសត្វអំពាវនាវដល់ទេសចរទាំងឡាយឱ្យមកគយគន់ពពួកសត្វក្រៀលនៅតំបន់អន្លង់ព្រីងព្រោះប្រភេទសត្វកម្រនេះបង្ហាញខ្លួនប្រចាំឆ្នាំរយៈពេលខ្លីបំផុត។លើសពីនេះទាំងអាជ្ញាធរទាំងភ្ញៀវជិតឆ្ងាយត្រូវរួមគ្នាអភិរក្សដើម្បីបញ្ចៀសនូវការផុតពូជពីលើភពផែនដីនៃប្រភេទសត្វកម្រនេះ។
លោកស៊ុយធាប្រធានមន្ទីរបរិស្ថានខេត្តកំពតបានមានប្រសាសន៍ថាតំបន់ការពារទេសភាពអន្លង់ព្រីងមានទីតាំងស្ថិតក្នុងទឹកដីស្រុកកំពង់ត្រាចជាមណ្ឌលកម្សាន្តទេសចរណ៍បែបធម្មជាតិមួយអាចគយគន់សត្វក្រៀលដែលមានវត្តមានចន្លោះពីខែមករាដល់ខែឧសភា។ ដូច្នេះភ្ញៀវជិតឆ្ងាយគួរមកគយគន់ប្រភេទសត្វកម្រដែលមានរូបរាងល្អស្អាតនេះឱ្យបានគ្រប់គ្នាស្របនឹងវត្តមានពួកវាមានរយៈតិចខែបែបនោះ។
លោកប្រធានមន្ទីរបានបន្តថាក្រៀលជាប្រភេទសត្វដែលរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអង្គការដៃគូនានាយកចិត្តទុកដាក់ក្នុងការថែរក្សា និងបញ្ចៀសពីការបាត់បង់នៅលើភពផែនដី។ ដូច្នេះសូមបងប្អូន ពិសេសមន្ត្រីអាជ្ញាធរ ប្រជាពលរដ្ឋនៅមូលដ្ឋាន ព្រមទាំងភ្ញៀវជិតឆ្ងាយចូលរួមអភិរក្សឱ្យបានគង់វង្សដោយចិត្តជ្រះថ្លាទាំងអស់គ្នាដើម្បីឆ្លើយតបនឹងភ័ព្វសំណាងដែលភូមិសាស្ត្រមួយនេះមានវត្តមានពពួកសត្វក្រៀល ព្រមទាំងសត្វស្លាបដទៃទៀតជារៀងរាល់ឆ្នាំនោះ។
ប្រធានសហគមន៍ការពារតំបន់អន្លង់ព្រីង លោកម៉ម រិនបានប្រាប់ឱ្យដឹងថានាអំឡុងប៉ុន្មានឆ្នាំចុង ក្រោយ ពោលគឺចាប់ពីឆ្នាំ២០១៥មក វត្តមានសត្វក្រៀលកាន់តែមានចំនួនថយចុះទៅៗបើប្រៀបធៀបនឹងឆ្នាំដំបូងៗដែលពពួកសត្វនេះចាប់ផ្តើមបង្ហាញខ្លួនក្នុងតំបន់ការពារអន្លង់ព្រីង។
គិតត្រឹមចុងខែមីនាឆ្នាំនេះ សត្វក្រៀលមកស្នាក់នៅដើម្បីរកចំណីមានត្រឹមតែ១២៨ក្បាលប៉ុណ្ណោះ ខណៈដែលឆ្នាំ២០១៣ ឆ្នាំ២០១៤ មានរហូតដល់ជិត៤០០ក្បាល។ ការថយចុះនៃចំនួនសត្វក្រៀលអាចមកពីបម្រែបម្រួលអាកាសធាតុរហូតធ្វើឱ្យតំបន់អន្លង់ព្រីងមិនសូវសម្បូរចំណី។
លោកប្រធានសហគមន៍បានបន្តថាពេលវេលានៃការមកដល់ និងស្នាក់នៅក៏មានភាពប្រែប្រួលផងដែរ។ ពីមុនសត្វក្រៀលចាប់ផ្តើមមានវត្តមានចាប់ពីខែវិច្ឆិកាដល់ខែឧសភានៃឆ្នាំបន្ទាប់។ប៉ុន្តែឆ្នាំនេះរហូតដល់ចុងមករាទើបចាប់ផ្តើមធ្វើដំណើរមកដល់ និងមានត្រឹមជាងមួយរយក្បាលប៉ុណ្ណោះ ។ ក្នុងមួយឆ្នាំៗ សត្វក្រៀលធ្វើដំណើរវិលជុំ គឺចេញពីតំបន់ព្រែកល្ពៅ ខេត្តតាកែវ ចូលមកអន្លង់ព្រីងខេត្តកំពត រួចបន្តទៅអាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ហើយឆ្ពោះទៅតំបន់ត្មាតប៉ើយ ខេត្តព្រះវិហារដើម្បីពង កូន។
លោក ម៉ម រិន បានបញ្ជាក់ថាក្នុងតំបន់ការពារអន្លង់ព្រីងនៅមានសត្វស្លាប ផ្សេងៗប្រមាណជិត១០០ប្រភេទទៀត សូម្បីពពួកខ្លះស្ទើរផុតពូជក៏បានបង្ហាញខ្លួនដែរ ដូចជាសត្វគ្រលេងគ្រលោងជាដើម។ ប៉ុន្តែប្រភេទសត្វដែលភ្ញៀវបរទេសចូលចិត្តទស្សនា និងផ្តិតយករូបថតគឺពពួកសត្វក្រៀលនេះតែម្តង។
សូមបញ្ជាក់ថាតំបន់ការពារសត្វស្លាបអន្លង់ព្រីងមានទីតាំងស្ថិតក្នុងភូមិសាស្ត្រនៃឃុំព្រែកក្រឹស និង ឃុំបឹងសាលាខាងត្បូងដោយពលរដ្ឋបីភូមិចូលរួមអភិរក្ស និងជួយដល់កិច្ចការទាំងឡាយ។ ដើម្បីបានដល់រមណីយដ្ឋានធម្មជាតិមួយនេះ អ្នកដំណើរលើដងផ្លូវជាតិលេខ៣៣ ក្នុងទិសដៅកំពត-កំពង់ត្រាច ត្រូវបន្តភ្ជាប់ជាមួយផ្លូវជាតិលេខ៣១។
រួចបង្ហួសតាមផ្លូវទៅច្រកទ្វារទាន់ហន់ប្រហែល៤០០ម៉ែត្រ បត់ចុះខាងស្តាំ។ ធ្វើដំណើរលើផ្លូវលំក្រួសក្រហមប្រមាណប្រាំបីគីឡូម៉ែត្រ ភ្ញៀវទាំងឡាយនឹងប្រទះឃើញផ្ទៃបឹងល្ហល្ហេវទំហំ ជាង២០០ហិកតា ក្រោមការគ្រប់គ្រងដោយសហគមន៍ការពារអន្លង់ព្រីងដែលមានទេសភាពគួរឱ្យគយគន់។
ការកកើតតំបន់អភិរក្សនេះឡើងបន្ទាប់ពីមានវត្តមានសត្វក្រៀលក្នុងអំឡុងឆ្នាំ២០០១។ ដើមឡើយតំបន់នេះជាជំរំចម្ការចាកដែលអ្នកស្រុកបានទទូលអាស្រ័យផលរួមគ្នាតាមរយៈការកាប់យកស្លឹកដេរជាកណ្តបលក់រកចំណូលចិញ្ចឹមគ្រួសារ។នៅចុងឆ្នាំ១៩៩៩មានជំនន់មួយដ៏ធំលិចលង់តំបន់នេះហើយមួយឆ្នាំក្រោយមកដើមចាកបានងាប់ផុតពូជដោយជំនួសមកវិញនូវរុក្ខជាតិផ្លុងពេញផ្ទៃបឹង។
លុះដល់ឆ្នាំ២០០១ ក៏ចាប់ផ្តើមមានវត្តមានសត្វក្រៀលព្រោះតែការមកស៊ីមើមផ្លុងជាអាហារ។ ប៉ុន្តែនាគ្រាដំបូងពពួកសត្វនេះមានត្រឹមប្រាំមួយទៅប្រាំបីក្បាលប៉ុណ្ណោះ។រហូតដល់ឆ្នាំបន្តបន្ទាប់បរិមាណសត្វក្រៀលបានកើនឡើងរហូតមានការយកចិត្តទុកដាក់ពីអាជ្ញាធរ និងអង្គការដៃគូមួយចំនួនដូចជា អង្គការ WWT អង្គការ Bird life អង្គការ ICS និងអង្គការម្លប់បៃតងជាដើមក្នុងការផ្តួចផ្តើមគំនិតបង្កើតជាតំបន់ការពារព្រមទាំងប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិនេះឡើង៕S/