​មន្ត្រី​ជំនាញ​: អ្នកស្លាប់​ដោយសារតែ​ទឹកជំនន់​បាន​កើន​ដល់បីនាក់​

    923
    ចែករម្លែក

    ​ភ្នំពេញៈ ចំនួន​អ្នកស្លាប់​ដោយសារតែ​ទឹកជំនន់​បាន​កើន​ដល់​ចំនួន​បី នាក់​ហើយ​។ ក្នុងនោះ​ជំនន់​ទឹកភ្លៀង នៅ​ខេត្តព្រះវិហារ បាន​បណ្តាល​ឲ្យ​មនុស្ស​ពីរ​នាក់ លង់ទឹក​ស្លាប់ កាលពី​សប្តាហ៍​មុន និង​នៅ​ដើម សប្តាហ៍​នេះ មនុស្ស​ម្នាក់ទៀត​បាន​ស្លាប់ ដោយសារតែ​លង់ទឹក​ទន្លេមេគង្គ ដែល​ជន់​លិច នៅ​ខេត្តក្រចេះ​។ នេះ​បើតាម​លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

    ជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យកាលពីពេលថ្មីៗនេះ(រូបរស្មីកម្ពុជា)

    ​លោក​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី​២ ខែសីហា ថា ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តព្រះវិហារ ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​ជាងគេ ដោយ​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ពីរ​នាក់ ,​លិច​លំនៅដ្ឋាន​អ្នកស្រុក​ជិត ២.០០០ ខ្នង និង​ត្រូវ​ជម្លៀស​ពលរដ្ឋ ១០៩ គ្រួសារ ទៅ​ទីទួល​សុវត្ថិភាព​, លិច​សាលារៀន ពីរ​កន្លែង​, លិច​ស្រូវ ៩.៤៦៣ ហិកតា និងដំណាំ​រួមផ្សំ ២៧៩ ហិកតា ខូច​ស្ពានឈើ ៤ និង​ប្រព័ន្ធ​ទំនប់ទឹក ២​។ ដោយឡែក​ចំពោះ​ជំនន់​ទឹកទន្លេ​មេគង្គ​វិញ ត្រូវបាន​លោក កែវ វី លើកឡើងថា ខេត្ត​តាម​ដង​ទន្លេ កំពុង​រងផលប៉ះពាល់ ហើយ​បើ​ធៀប​នឹង​ឆ្នាំមុន តាម​បណ្តា​ស្ថានីយ​ជលសា​ស្ត្រ​នានា ឃើញថា ទឹក​ឡើង​ខ្ពស់ជាង​ឆ្នាំមុន ពី ២ ម៉ែត្រ រហូត​ទៅដល់ ៩ ម៉ែត្រ ឯណោះ​។​

    ​លោក​បាន​បញ្ជាក់ថា តុល្យាការ ដែល​ទទួលបាន​បឋម គឺ​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ រងគ្រោះ​ដោយ​ជំនន់ទឹកទន្លេ​មេគង្គ មុនគេ​។ ក្នុងនោះ ខេត្តក្រចេះ មាន​ស្លាប់​ពលរដ្ឋ​ម្នាក់ លិច​ផ្ទះសម្បែង ២.២៩៩​ខ្នង ជម្លៀស​មនុស្សទៅ​ទីទួល​សុវត្ថិភាព ២៤​គ្រួសារ និង​គោក្របី​ជាង ៣​ពាន់​ក្បាល លិច​សាលារៀន ៤០ កន្លែង លិច​ដំណាំ​ស្រូវ​ជិត ២០០​ហិកតា និង​ដំណាំ​រួមផ្សំ​ជាង ១​ពាន់​ហិកតា​។ ​រីឯ​នៅ​ខេត្ត​ត្បូងឃ្មុំ លោក កែវ វី អះអាងថា ស្រុក​ពីរ បាន​រងគ្រោះ​ខ្លាំង គឺ​ស្រុក​ក្រូចឆ្មារ និង​ស្រុក​ត្បូងឃ្មុំ ក្នុងនោះ

    ផ្ទះសម្បែង​ជាង មួយ​ពាន់​ខ្នង បាន​លិច​ទឹក ជម្លៀស​ពលរដ្ឋ ៧៥៤ គ្រួសារ និង​គោក្របី​ជាង ២​ពាន់​ក្បាល លិច​សាលារៀន ១០​កន្លែង វត្ត​ចំនួន ៩ លិច​ស្រូវ​ជាង ៣០០​ហិកតា ហើយ​និង​ដំណាំ​រួមផ្សំ​ជិត ៩០០ ហិកតា​។ ​លោក​បាន​កត់សម្គាល់ថា មកដល់ពេលនេះ តាម​បណ្តា​ស្ថានីយ​វាស់កម្ពស់​ទឹកទន្លេ​ទាំងអស់ កម្ពស់​ទឹក​មិនទាន់ឡើងដល់​កម្រិត​ប្រកាសអាសន្ន​នៅឡើយ ប៉ុន្តែ​បណ្តា​ខេត្ត​ជាប់​ដង​ទន្លេ គប្បី​មានការ​ប្រុងប្រយ័ត្ន ព្រោះថា ទឹក​អាចបន្ត​ឡើង​នៅ​ខែ​៨ និង​ខែ​៩ បន្តទៀត ដោយ​ផ្អែកទៅលើ​ស្ថានភាព​អាកាសធាតុ ឥទ្ធិពល​ព្យុះ និង​ប្រព័ន្ធ​សម្ពាធ​ខ្យល់​៕ដោយៈម៉េងឆៃ