​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​សមត្ថភាព និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​អនុវត្ត​មុខងារ​

510
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​សមត្ថភាព​និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​អនុវត្ត​មុខងារ​តួនាទី​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សម្រាប់​កិច្ចអភិវឌ្ឍន៍​នានា​សំដៅ​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​មុខតំណែង​អភិបាលរង​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត​លោក​ប៊ុន​ហុន​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍ថា​សម្រាប់​នីតិកាល​ទី​ប្រាំមួយ​នៃ​រដ្ឋសភា​នេះ​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​បានធ្វើ​ប្រតិភូកម្ម​ផ្ទេរអំណាច​ទៅដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដើម្បី​សម្រេច​និង​អនុវត្ត​ការងារ​សំខាន់ៗ​ជាច្រើន​បំណង​សម្រាល​ការលំបាក​របស់​ប្រជាពលរដ្ឋ ពិសេស​ការទទួល​សេវាសាធារណៈ​ផ្សេងៗ​។

​ដូច្នេះ​ដើម្បី​ចូលរួម​អនុវត្ត​ឱ្យបាន​សម្រេច​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​បួន​នៃ​រាជរដ្ឋាភិបាល មន្ត្រីរដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​សមត្ថភាព និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​អនុវត្ត​មុខងារ តួនាទី​របស់ខ្លួន​ឱ្យ​កាន់តែ​ប្រសើរឡើង​ពោលគឺ​ត្រូវ​បង្កើន​ប្រសិទ្ធភាព​សម្រាប់​កិច្ចការងារ​សំដៅ​ឆ្លើយតប​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ផ្តាំផ្ញើ​ថា​ជាមួយគ្នានេះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់ផ្នែក​ក្នុង​ខេត្តកំពត​ទាំងមូល​ត្រូវ​បន្ត​យកចិត្តទុកដាក់​ដោយ​រួមសហការ​គ្នា​ក្នុង​កិច្ចអភិវឌ្ឍន៍​ពិសេស​ថែរក្សា​ការពារ​សន្តិសុខ​សណ្ដាបធ្នាប់​ជូន​ប្រជាពលរដ្ឋ​និង​លុបបំបាត់​នូវ​រូបភាព​អវិជ្ជមាន​នានា​ដូចជា​ល្បែងស៊ីសង​គ្រប់​ប្រភេទ​គ្រឿងញៀន​ចោរកម្ម​ដើម្បី​ធានា​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត​។​

​សូមបញ្ជាក់ថា​តាម​អនុក្រឹត្យ​លេខ​៩៣៩.​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៨ របស់​រាជរដ្ឋាភិបាល​កម្ពុ​ជាមាន​ខ្លឹមសារ​ថា លោកហាស់ សូ​បិ​ន ឋានន្តរសក្ដិ​វរៈមន្ត្រី​ថ្នាក់​លេខ​៤ ត្រូវបានតែងតាំង​ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​ជំនួស​លោក​ស៊ុ​ក សា​រ៉ា​ដដែល​ចូលនិវត្តន៍​៕S/​

​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ត្រូវ​បង្កើន​សមត្ថភាព និង​មាន​ភាពជា​ម្ចាស់​ក្នុងការ​អនុវត្ត​មុខងារ​