​មន្ត្រី​ទទួលបន្ទុក​ស្ពាន​ថ្នល់ៈ​ផ្លូវ​នៅ​ខេត្តកំពត​ធ្វើ​មិន​បានល្អ​ដោយសារ​ភូមិសាស្ត្រ​

1489
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ ផ្លូវថ្នល់​ក្នុង​ខេត្តកំពត​មិនអាច​ស្ថាបនា​បានល្អ​ទេ​ដោយសារ​ទាំង​អាកាសធាតុ ទាំង​ស្ថានភាព​ភូមិសាស្ត្រ​ផ្តល់​ផល​លំបាក​គ្រប់យ៉ាង​សម្រាប់​ការងារ​ស្ពាន​ថ្នល់​។ ការបកស្រាយ​របស់​ម​ន្ត្រី​ទទួលបន្ទុក​ស្ពាន​ថ្នល់​នេះ​ហាក់ដូចជា​ការឆ្លើយតប​បែប​អវិជ្ជមាន​ទៅនឹង​ពាក្យរិះគន់​ពី​សាធារណជន​ទូទៅ​លើ​បញ្ហា​ផ្លូវ​ក្នុង​ខេត្តកំពត​ដែល​តែង​រអ៊ូរទាំ​ថា​គ្មាន​គុណភាព និង​ជួសជុល​មិន​ឈប់ឈរ​នោះ​។​

​ក្នុង​កិច្ចប្រជុំ​ស្តីពី​អនាម័យ និង​បរិស្ថាន​ក្រុង​កំពត កាលពី​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៨ នៅ​សាលប្រជុំ​សាលាខេត្ត លោក​ជី​ញ គួ​ង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពត​បាន​រៀបរាប់ ថា​អំឡុងពេល​ចុងក្រោយ​នេះ ស្ថានភាព​ផ្លូវ​ក្នុង​ខេត្តកំពត​មាន​លក្ខណៈ​អាក្រក់​បន្ទាប់ពី​ភ្លៀង​ធ្លាក់​មិន​ឈប់ឈរ​។

តាម​ក្រឹត្យក្រម​ទឹកជា​សត្រូវ​របស់​ថ្នល់​។ លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់ថា​ដោយសារ​ទឹកជំនន់ និង​ការផ្អាក​ចរាចរ​លើផ្លូវ​ជាតិ​លេខ​៤ រយៈពេល​ប្រាំពីរ​ថ្ងៃ​កាលពី​ខែកក្កដា​នោះ រថយន្ត​ដឹកទំនិញ​ធំៗ​បាន​បង្វែ​ការបើកបរ​តាមផ្លូវ​ជាតិ​លេខ​៣​ឆ្លងកាត់​ខេត្តកំពត​ស្របពេល​ផ្លូវ​កំពុង​សើម​ផង​ទើប​បណ្តាលឱ្យ​ផ្លូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​មកដល់​សព្វ​ថ្ងៃ​។

ម្យ៉ាងទៀត​ភូមិសាស្ត្រ​ក្នុង​ខេត្ត​នេះ​មាន​ផល​លំបាក​សម្រាប់​ការងារ​ស្ពាន​ថ្នល់ គឺ​បើ​ភ្លៀង​គឺ​ធ្លាក់​ខ្លាំង ហើយ​បើ​រាំង​ត្រឹម​មួយថ្ងៃ​ដី​ហុយ​ទ្រលោម​តែម្តង​ព្រោះ​ស្ងួត​លឿន​។ ដូច្នេះ​កុំថាឡើយ​ត្រឹម​ជំនាញ​ថ្នាក់​ខេត្ត សូម្បី​បណ្ឌិត និង​អ្នកប្រាជ្ញ​ដែល​មកពី​ក្រសួង​ក៏​មិនមាន​វិធី​អាច​ការពារ ឬ​ជួសជុល​ផ្លូវ​នៅ​ខេត្តកំពត​ឱ្យបាន​ល្អប្រសើរ​ដែរ​។

​លោក ជី​ញ គួ​ង បាន​បន្តថា​ជាមួយ​ស្ថានភាព​នោះ សម្រាប់​អ្នក​មិនមាន​ជំនាញ ឬ​អ្នកដំណើរ​ដែល​ទើប​ឆ្លងកាត់​ថ្មី​តែង​រិះគន់ថា​ក្រុមហ៊ុន​ម៉ៅការ និង​មន្ទីរ​សាធារណៈ​ការមិន​ព្រមធ្វើ​ផ្លូវ ហើយ​ទុកឱ្យ​ដី​ហុយ​មើល​អ្វី​មិនឃើញ​។ ដោយឡែក ភូមិសាស្ត្រ ក្រុង​កំពត​ក្នុង​រង្វង់​ចម្ងាយ​មួយ​គីឡូម៉ែត្រ​បួន​ជ្រុង ក្រៅពី​ចាក់​បេតុង ទោះ​ធ្វើ​ផ្លូវ​អ្វី​ក៏​មិន​ជាប់​ដែរ​ព្រោះ​ស្ថានភាព​ដី​ប្រកបដោយ​រំ​ញ័រ និង​មាន​ភាព​យឺ​ង​ខ្លាំង​។

លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ឱ្យដឹង​ផងដែរ​ថា ឆាប់ៗ​ខាងមុខ ទោះបី​អស់​ភ្លៀង​ក្តី ផ្លូវជាតិ​លេខ​៣​ក៏​មិនទាន់​ចាក់​កៅស៊ូ​ដែរ​គឺ​គ្រាន់តែ​ក្រាល​កម្ទេច​ថ្ម​កិន​បង្ហាប់​ដើម្បី​សម្រួល​ចរាចរ​ឱ្យ​ងាយស្រួល​ធ្វើដំណើរ​ឡើងវិញ​ប៉ុណ្ណោះ ព្រោះ​ក្នុង​ខែតុលា ឆ្នាំ​២០១៨ ក្រុមហ៊ុន​ចិន​ពីរ​នឹង​ចាប់ផ្តើម​ដំណើរការ​ស្តារឡើងវិញ​ទាំងអស់​តែម្តង ដោយ​ក្រុមហ៊ុន​មួយ​ទទួលបន្ទុក​ពី​ភ្នំពេញ​ដល់ទី​រួម​ខេត្តកំពត និង​មួយទៀត​ពី​ទី​រួម​ខេត្តកំពត​ដល់​វាលរេញ​។​

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​ខាងលើ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​គ្រាន់តែ​ឃើញ​ផ្លូវ​គឺ​ខ្លាច​តែម្តង​។ មួយថ្ងៃៗ​ដេក​យល់សប្ត​ឃើញតែ​ផ្លូវ ។ លោក​ទទួលស្គាល់​ពី​ហេតុផល​ធម្មជាតិ​ទាំងនោះ​ហើយ​។ រាល់ពេល​រថយន្ត​ធុន​ធំ​បើកបរ​ម្តងៗ​គឺ​រង្គើ​ផង ញ័រ​ផង​។ នេះ​ជា​ស្ថានភាព​ពិត​។​លោក​ទៅ​ប្រទេស​ចិន​ក្តី ប្រទេស​ថៃ​ក្តី​ឃើញ​គេ​ចាក់​អ៊ុត​បេតុង​ជាមុនសិន​ទើប​ចាក់​កៅស៊ូ​ប្រភេទ​អេ​ស៊ី​តាម​ក្រោយ​។​

សូមបញ្ជាក់ថា​រយៈពេល​យូរ​ឆ្នាំ​មកហើយ​ដែល​បញ្ហា​ផ្លូវថ្នល់​ក្នុង​ខេត្តកំពត​ត្រូវ​រង​នូវ​ពាក្យរិះគន់​ពី​សាធារណជន​ទូទៅ​ថា​ការស្ថាបនា​គ្មាន​គុណភាព និង​ធ្វើ​ហើយ​ធ្វើ​ទៀត​មិន​ឈប់ឈរ​។ ក្នុងន័យ​នេះដែរ នា​កិច្ចប្រជុំ​ថ្មីៗ​ស្តីពី​ការងារ​វាស់វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឈូក លោក​ជាវ តា​យ​បាន​និយាយ​បែប​លេងសើច​ថា​ដោយសារ​រក​អ្នក​ខេត្តកំពត​មិនបាន​ក្នុង​រឿង​ធ្វើ​ផ្លូវ​ឱ្យ​ល្អ​នេះហើយ​ខំ​យក​អ្នក​ពោធិសាត់​មក​ជំនួស ផ្លូវ​នៅតែ​ខូច​ដដែល​។

ម្ល៉ោះហើយ ការបំភ្លឺ​របស់លោក​ប្រធាន​មន្ទីរជំនាញ​ហាក់​ផ្ទុយ​នឹង​ការរិះគន់​ក្តី តែ​ជាការ​ជម្រះ​ឱ្យដឹងថា​សូម្បី​បណ្ឌិត និង​អ្នកប្រាជ្ញ​ដែល​មកពី​ក្រសួង​ក៏​មិនមាន​វិធី​អាច​ការពារ ឬ​ជួសជុល​ផ្លូវ​នៅ​ខេត្តកំពត​ឱ្យបាន​ល្អប្រសើរ​ដែរ​ព្រោះ​អាកាសធាតុ និង​ភូមិសាស្ត្រ​មាន​លក្ខណៈ​លំបាក​៕S/​

​មន្ត្រី​ទទួលបន្ទុក​ស្ពាន​ថ្នល់ៈ​ផ្លូវ​នៅ​ខេត្តកំពត​ធ្វើ​មិន​បានល្អ​ដោយសារ​ភូមិសាស្ត្រ​

#