​មន្ត្រី​ធនាគារ​-​ដើម្បី​ពង្រីក​កំណើនសេដ្ឋកិច្ច កម្ពុជា​គួរតែ​ជម្រុញ​លើ​វិស័យ​កសិកម្ម ប្រើប្រាស់​សក្តានុពល​ទេសចរណ៍ និង​ការរៀបចំ កម្លាំង​ពលកម្ម​សំរាប់​ពេលអនាគត

475
ចែករម្លែក

ដោយ​-​បញ្ញា​សាស្ត្រ​/ភ្នំពេញ​-​ដើម្បី​ពង្រីក​វិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា​អោយ​កាន់តែ​មាន​ភាព​រីកចម្រើន​ទៅ​មុខជា​លំដាប់ កម្ពុជា​គួរតែ​ជម្រុញ​លើ​វិស័យ​កសិកម្ម​, ការប្រើប្រាស់​សក្តានុពល​ទេសចរណ៍ និង​ការរៀបចំ កម្លាំង​ពលកម្ម​សំរាប់​ពេលអនាគត ក្នុង​គោលបំណង រួមចំណែក​អភិវឌ្ឍ សមត្ថភាព​ស្រាវជ្រាវ និង​ផ្តល់​ជា​វេទិកា​ពិភាក្សា​លើ​ប្រធានបទ​សំខាន់ៗ​ចំពោះ​សេដ្ឋកិច្ចកម្ពុជា នេះ​ជាការ​លើកឡើង​របស់ លោកជំទាវ នាវ ច័ន្ទ​ថា​ណា ទេសាភិបាលរង​ធនាគារជាតិ​នៃ​កម្ពុជា ថ្លែ​ក្នុង​ពិធី សន្និសីទ​ម៉ាក្រូសេដ្ឋកិច្ច​ប្រចាំឆ្នាំ​លើក​ទី​ប្រាំ ក្រោម​ប្រធានបទ​«​ការពង្រីក​ប្រភព​កំណើនសេដ្ឋកិច្ច​កម្ពុជា​» នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (CJCC) កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៨​។

​លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​ជំនាញ​សាកល​គ្រប់គ្រង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៃ ធនាគារពិភពលោក បាន​លើកឡើងថា មាន​វិស័យ​ជាច្រើន​ដែល​អាចជួយ​ឲ្យ កំណើនសេដ្ឋកិច្ច​កាន់តែ​កើនឡើង​។ ដូច​អ្នក​ទាំងអស់គ្នា​ឃើញ​វិស័យ​កសិកម្ម​មានដូចជា​៖ រោងចក្រ​កែច្នៃ​ដំឡូង​មី​, ដំណាំ​ស្វាយ​, ដំណាំ​ចេក វិស័យ​ទាំងនេះ​អាច​នាំ​ចេញទៅ​ក្រៅប្រទេស ដោយ​មិនចាំបាច់​ពឹងផ្អែក​ប្រទេសជិតខាង ហើយ​នេះ​ជាការ​ជួយ​ដល់​កំណើនសេដ្ឋកិច្ច​។ លោក​បន្ដថា លើសពីនេះ​ក៏មាន​វិស័យ​ឧ​ស្សហកម្ម​លើ​វិស័យ អេឡិចត្រូនិក ថ្មីៗ​នេះ​មាន​ក្រុមហ៊ុន​ពី​បណ្ដា​ប្រទេស​មក បង្គុំ​អេឡិចត្រូនិក​នៅ​កម្ពុជា និង​មួយទៀត​គឺ​វិស័យ​ទេសចរណ៍​ជាក់ស្ដែង​កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​បន្ថែមទៀត​គឺ ស្ថិតក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​ពីមុន​មានតែ​អង្គរវត្ត​ប៉ុណ្ណោះ​។​

​ចំណែក​លោកស្រី ជា សេរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ថ្លែងថា ត្រូវ​ទាញយក​ផលប្រយោជន៍​ពី​វិស័យ​ដែល ជំរុញ​កំណើនសេដ្ឋកិច្ច​ឲ្យ​បាន​ច្រើនជាង​មុន​នោះ​គឺ «​ធាតុ​ផ្សំ​ដែល​អាចជួយ​ឲ្យ​កំណើនសេដ្ឋកិច្ច​នៃ​កម្ពុជា​គឺ ធ្វើយ៉ាងណា​ទាញ​ឲ្យ​ផលប្រយោជន៍ ពី​វិស័យ​ធំៗ​ដែល​គាំទ្រ​សេដ្ឋកិច្ច​ឲ្យ​បាន​ច្រើនជាង​មុន​ដូចជា វិស័យ​ទេសចរណ៍​ជាដើម​គឺ ធ្វើយ៉ាងណា​ទាញយក​ប្រយោជន៍ ពី​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែច្រើន​»​។

​លោកស្រី បាន​ពន្យល់​លម្អិត​ពី​ការទាញយក​ប្រយោជន៍ ពី​វិស័យ​ទេសចរណ៍​ថា ប្រសិនបើ​ទេសចរ​ចូលមក​កម្ពុជា បែរជា​ប្រើប្រាស់​របស់​ដែល​នាំចូល នោះ​ការ​ចំណេញ​នៅមាន​តិចតួច​នៅឡើយ ដូច្នេះ​កម្ពុជា​គួរ​មាន​ដំណោះស្រាយ និង​រក​វិធីសាស្ដ្រ​ដទៃទៀត ដែល​អាចជួយ​ឲ្យ​កំណើនសេដ្ឋកិច្ច​កើនឡើង ឧទាហរណ៍​ថា​កម្ពុជា​អាច​ចាប់យក​វិស័យ​ទេសចរណ៍ ភ្ជាប់​ជាមួយ​វិស័យ​កសិកម្ម ដើម្បី​ជំរុញ​ការផលិត​ការផលិត​ក្នុងស្រុក យកទៅ​ផ្គត់ផ្គង់​តាម​កន្លែង​ផ្សេងៗ​ដូចជា ប្រើប្រាស់​ក្នុង​សណ្ឋាគារ​ជាដើម​។​

​សូម​រំលឹកថា ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ កម្ពុជា​សម្រេចបាន​កំណើនសេដ្ឋកិច្ច ខ្ពស់​និង​រឹងមាំ ដែលជា​មធ្យម ៧,៧%​។ កំណើនសេដ្ឋកិច្ច ត្រូវបាន​ប៉ាន់​ស្មានថា នឹងមាន​អត្រា ៧,៣% នៅ​ឆ្នាំ​២០១៨​។ ប៉ុន្តែ កំណើន​នេះ នៅមាន​មូលដ្ឋាន​តូច នៅឡើយ ដែល​ផ្អែកទៅលើ​សសរស្តម្ភ​តែ​បួន​រួមមាន វិស័យ​កាត់ដេរ សំណង់ ទេសចរណ៍ និង កសិកម្ម​។​វិស័យ​កាត់ដេរ​និង​សំណង់ មានការ​រីកចំរើន​ខ្លាំង ដែល​ស្របពេល​ជាមួយគ្នានេះ វិស័យ​ទេសចរណ៍​ក៏មាន​សន្ទុះ​រីកចំរើន​ខ្លាំង ក្នុង​រយៈពេល ប៉ុន្មាន​ឆ្មាំ​ចុងក្រោយ​នេះ​។ ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា បាន​កើនឡើង យ៉ាងគំហុក ពី​ត្រឹម ៤,២ លាន​នាក់ នៅ​ឆ្នាំ​២០១៣ ដល់ ៦,២ លាន​នាក់ នៅ​ឆ្នាំ​២០១៨​។​

គួរ​រំលេច​ថា វិស័យនេះ​ស្រូបយក កម្លាំង​ពលកម្ម​វ័យក្មេង​យ៉ាងច្រើន តាមរយៈ​ការបង្កើត​ការងារ​បាន​ចំនួន ៧២​ម៉ឺន​នាក់ នៅ​ឆ្នាំ​២០១៧ ដែល​ក្នុងនោះ ប្រមាណ ៤៤,៤% មាន​អាយុ​ក្រោម​៣០​ឆ្នាំ​។ ម្យ៉ាងទៀត ប្រមាណ ៧០% នៃ​កម្លាំង​ពលកម្ម​ក្នុង​វិស័យនេះ​មាន​កម្រិត​អប់រំ​ក្រោម​មធ្យម សិក្សា​ទុតិយភូមិ ឬ ៩៤% មាន​កម្រិត​អប់រំ​ក្រោម​បរិញ្ញាប័ត្រ​។ សបញ្ជាក់​ថា វិស័យនេះ មាន​សក្តានុពល​ខ្លាំង ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បង្កើត​ចំណូល​និង​ការងារ ដល់​កម្លាំង​ពលកម្ម ដែលមាន ជំនាញ​ទាប​និង​មធ្យម​។ ជាងនេះទៀត វិស័យ​ទេសចរណ៍ ក៏បាន​រួមចំណែក​បង្កើន​ការចូលរួម របស់​ស្ត្រី​ក្នុង​ទីផ្សារការងារ​ផងដែរ ដោយមាន​ប្រមាណ ៦០% នៃ​កម្លាំង​ពលកម្ម ក្នុង​វិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​ក្នុង​ឆ្នាំ​២០១៧​ជា​ស្ត្រី​។​

​ ​

ចំណែកឯ​វិស័យ​កសិកម្ម​វិញ បើទោះជា​ចំណែក​នៃ​វិស័យនេះ​ក្នុង​ផលទុន​ក្នុងស្រុក សរុប​មានការ​ថយចុះ​ជា​លំដាប់​ក្នុង​រយៈពេល ២​ទស្សវត្សរ៍​ចុងក្រោយ​នេះ វិស័យនេះ នៅតែ​បន្ត​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ វិស័យនេះ ស្រូប យក​កម្លាំង​ពលកម្ម​ប្រមាណ ៣៧% នៃ​កម្លាំង​ពលកម្ម​សរុប ហើយ​ប្រជាជន​ប្រមាណ ៧០% នៅ​តំបន់​ជនបទ​ពឹង​ផ្អែកលើ​វិស័យនេះ​។ បច្ចុប្បន្ន ទិន្នផល​កសិកម្ម​កម្ពុ​ជា ជាពិសេស​ដំណាំ​ស្រូវ នៅមានកំរិត​ទាប​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់ ប៉ុន្តែ​យើង​សង្កេត ឃើញថា​ទិន្នផល​មានការ​កើន​ឡើងជា​លំដាប់ ដោយសារ​ការពង្រីក​និង​ការធ្វើឱ្យ​ប្រសើរ ឡើង​នូវ​សេវា​គាំទ្រ​កសិកម្ម​ដល់​កសិករ ដូចជា​ការផ្សព្វផ្សាយ​បច្ចេកទេស​ដាំ​ដុះ​ថ្មីៗ ការ ចែកចាយ​គ្រាប់ពូជ ជី និង​សម្ភារៈ​កសិកម្ម​ជាដើម​៕B/