​មន្ត្រី​បក្ស​ចុះ​ជាប់​ជួប​យុវជន​បក្ស​នៅ​ខេត្ត​អតីត​សមរភូមិ​

1134
ចែករម្លែក

ដោយ​: បញ្ញា​សាស្ត្រ / ភ្នំពេញ​: មន្ត្រី​ក្រុមការងារ​បាន​ប្រាប់​រស្មី​កម្ពុជា​ថា នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ វគ្គ​បំប៉ន​យុវជន និង​អ្នកសង្កេតការណ៍​បោះឆ្នោត​របស់​ស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​ប្រារព្ធ​បិទ​ក្រោម​អធិបតីភាព លោក គន់ គីម សមាជិក​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្តាល និង​ជា​ប្រធាន​ក្រុមការងារ​គណកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា ចុះជួយ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។ វគ្គ​បណ្តុះបណ្តាល​នេះ បាន​ដំណើរការ​តាម​ការណែនាំ និង​ជួយឧបត្ថម្ភ​ថវិកា​ទាំងស្រុង​ពី​លោក គន់ គីម ដែលមាន​កម្មសិក្សា​ចំនួន ១០០០​នាក់​។

​មានប្រសាសន៍​សំណេះសំណាល​នៅក្នុង​ឱកាស​នោះ លោក គន់ គីម បាន​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​យុវជន​គ្រប់​ថ្នាក់ ដែល​ខិតខំ​ដឹកនាំ​យុវជន​យើង​នៅតាម​មូលដ្ឋាន​ធ្វើ​សកម្មភាព ដើម្បី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនាម​ខ្លួន​ជា​កម្លាំង​ឈានមុខ​របស់​បក្ស​។ លោក​សរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​ខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​នេះ​ទៅ​អនុវត្ត​ជាក់ស្តែង​នៅ​មូលដ្ឋាន​ខ្លួន​។

​លោក​ក៏បាន​ផ្តាំផ្ញើ​ប្រាំ​ចំណុច​ដល់​យុវជន និង​អ្នកសង្កេតការណ៍​ពេល​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ក្នុងនោះ ទី​១.​ត្រូវយក​ចំណេះដឹង​ទៅ​អនុវត្ត​ឲ្យ​ក្លាយជា​សកម្មភាព​ជាក់ស្តែង​។ វគ្គ​សិក្សា​នេះ​គ្រាន់តែ​ជា​មូលដ្ឋាន​មួយ​ហេតុនេះ ដើម្បី​ពង្រីក​បាន​ចំណេះដឹង​ជាប្រចាំ ត្រូវ​ស្វែងយល់​ពី​កម្មវិធី​នយោបាយ សេចក្តីសម្រេចចិត្ត​រប​ស់​គណបក្ស ការរីកចំរើន​របស់​ប្រទេសជាតិ ពី​សភាពការណ៍​វិវត្តន៍​ទាំង​ក្នុង និង​ក្រៅប្រទេស ទើប​យើង​ឆ្លើយតបបាន​តាម​តម្រូវការ​នៃ​ការងារ​។ ទី​២.​ពេលធ្វើ​ការងារ​ត្រូវ​ចេះ​ទទួលយក​មតិយោបល់រ​បស់​មន្ត្រី​ចាស់ៗ នៅ​មូលដ្ឋាន​ព្រោះ​គាត់​មានបទពិសោធន៍​ជាង​យើង​។ ជា​យុវជន ត្រូវតែ​សកម្ម និង​គោរព​វិន័យ ត្រូវតែ​ធ្វើជា​គំរូ​ល្អ នៅ​មូលដ្ឋាន​។ រក្សា​ភាពស្និទ្ធស្នាល​ជាមួយ​ប្រជាពលរដ្ឋ ទទួលយក​សំណូមពរ​ពី​ពួកគាត់​រាយការណ៍​ជូន​ក្រុម​កា​ងារ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគាត់​វិញ​។ ទី​៣.​ត្រូវ​រួមជាមួយ​ក្រុមការងារ​គ​ណ​បក្ស​នៅ​មូលដ្ឋាន ចុះទៅ​តាម​ខ្នង​ផ្ទះ ធ្វើការ​ឃោសនា បំផុស​ឲ្យ​ប្រជាជន​ជឿ​លើ​គណបក្ស​ប្រជាជន និង​ទៅ​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន​។ ទី​៤.​ក្នុងនាម​ជា​អ្នកសង្កេតការណ៍ របស់​គណបក្ស ត្រូវមាន​ការយល់ដឹង​ពី​ច្បាប់ និង​បច្ចេកទេស​គូស​សន្លឹកឆ្នោត ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ដល់​អាយុ​បោះឆ្នោត​ចេះ​គូស​សន្លឹកឆ្នោត ហ៊ាន​ការពារ​ផលប្រយោជន៍​របស់​គណ​បក្ស ហ៊ាន​ការពារ​សន្លឹកឆ្នោត​ដែល​គូស​គាំទ្រ​គណបក្ស និង​ទី​៥.​ត្រូវខិតខំ​ពិនិត្យមើល​ការខុសឆ្គង ឫ​ការរំលោភបំពាន​របស់​គណបក្ស​ផ្សេង​ដើម្បី​តវ៉ា និង​ដាក់​ពាក្យបណ្តឹង​ឲ្យ​បាន​ទាន់ពេលវេលា និង​រាយការណ៍​រាល់​សកម្ម​ភាពមិនប្រក្រតី​មក​គណ​:​ប្រចាំការ​ស្រុក ខេត្ត​៕ ល​