​មន្ត្រី​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​

325
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ជាច្រើន​នាក់​កាលពី​ថ្ងៃទី​២៣​ខែសីហា​ឆ្នាំ​២០១៩​នេះ​បាន​ស្ម័គ្រចិត្ត​ចូលរួម​បិ​ច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យបង្អែក​១៦​មករា​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​អ្នកជំងឺ​។​

លោក​វេជ្ជបណ្ឌិត​សុក​វាសនា​ប្រធាន​មន្ទីរពេទ្យបង្អែក​១៦​មករា​បាន​ថ្លែងថា​សព្វថ្ងៃនេះ​មន្ទីរពេទ្យ​ត្រូវការ​ឈាម​ជាច្រើន​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​។​ឈាម​ដែល​អាច​យក​ជួយសង្គ្រោះ​អ្នកជំងឺ​មាន​ប្រសិទ្ធិភាព​នោះ​គឺ​ឈាម​ដែល​បានមកពី​ការផ្តល់​ឈាម​ដោយ​ស្ម័គ្រចិត្ត​ប្រសើរ​ជាង​ឈាម​ដែល​បានមកពី​ការ​ទិញដូរ​ខាងក្រៅ​។

​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រ​ចិត្តជា​គំរូ​ល្អ​មួយ​នៃ​ការលើកកម្ពស់​មនុស្សធម៌​នៅក្នុង​សង្គម​ផងដែរ​។​លោក​សុក​វាសនា​បាន​ថ្លែងអំណរគុណ​ដល់​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ដែល​បាន​បំផុស​ឱ្យ​មន្ត្រីក្រោមឱវាទ​ស្ម័គ្រចិត្ត​ចូលរួម​បរិច្ចាគ​ឈាម​ជូន​មន្ទីរពេទ្យ​នៅពេលនេះ​។ជាមួយគ្នា​នោះ លោក​ប្រធាន​មន្ទីរពេទ្យ បាន​អំពាវនាវ​ដល់​មន្ត្រីរាជកា​រ និង​កងកម្លាំងប្រដាប់អាវុធ បងប្អូន​ប្រជាពលរដ្ឋ​យើង​សូម​អញ្ជើញ​ចូលរួម​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​សង្គ្រោះ​ជីវិត​ជនរងគ្រោះ​របស់​យើង​។​

ដោយឡែក​លោក​សំលាង​ទ្រី​បានឱ្យដឹងថា​”​ដើម្បី​ចូលរួម​ក្នុង​ការងារ​មនុស្សធម៌​នៅក្នុង​សង្គម​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​និង​មន្ត្រីរាជការ​គ្រប់រូប​នៅក្នុង​មន្ទីរ​សាធារណការ​បាន​សហកា​រ​គ្នា​ល្អ​ណាស់​ដោយបាន​លះបង់​ទាំង​ថវិកា​កម្លាំងកាយ​ចិត្ត​និង​ពេលវេលា​ជាដើម​។​ពិសេស​ពេលនេះ​យើង​បាន​លះបង់​មួយទៀត គឺ​ការបរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​សម្រាប់​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​”​។​

​លោក​ប្រធាន​មន្ទីរ បាន​ថ្លែង​នូវ​ការ​អរគុណ​ដល់​មន្ត្រី​គ្រប់រូប ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​ផ្សេងៗ ជាមួយ​លោក​ដោយ​ភាព​រីករាយ​ជ្រះថ្លា នៅក្នុង​ចិត្ត​តាំងពីដើម​រៀងមក​រហូត​បច្ចុប្បន្ន​នេះ​៕S/​