​មន្ត្រី​ឧទ្យាន​នុ​រក្ស ព្រលែង​សត្វ​ជ្រូកព្រៃ ៥ ក្បាល ចូល​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​

1742
ចែករម្លែក

​ដោយ​៖​អូរ​ស្មាច់​ /
​ឧ​ត្ត​រ​មានជ័យ​៖ ពូជ​សត្វ​ជ្រូកព្រៃ ចំនួន​៥​ក្បាល ត្រូវបាន​មន្ត្រី​ឧទ្យាន​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត ព្រលែង និង​ធ្វើការ​អភិរក្ស ឱ្យ​ពួកវា​រស់នៅ តាមបែប​ធម្មជាតិ​ឡើងវិញ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន នៅក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានឱ្យដឹងថា កាលពីដើម​សប្តាហ៍ កន្លងមកនេះ បន្ទាប់​ទទួលបាន​ពី​ក្រុមហ៊ុន Royal Hell Resort មន្ត្រី​ឧទ្យាន​នុ​រក្ស នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រមទាំង​គណៈកម្មការ ការពារ​តំបន់​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន បានធ្វើការ​ព្រលែង​ពូជ​សត្វ​ជ្រូកព្រៃ ចំនួន ៥ ក្បាល ចូលទៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ ដែលមាន​ពពួកសត្វ​ចម្រុះ កំពុង​រស់់នៅ​ស្រាប់ ដើម្បី​បង្កលក្ខណៈ​ការរស់នៅ​របស់​ពួកវា តាមបែប​ធម្មជាតិ​ឡើងវិញ​។​

​លោក​បាន​បន្តថា តំបន់​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន​នេះ បន្ទាប់​មានការ​ការពារ​ដីព្រៃ​ឈើ និង​សត្វព្រៃ​បានល្អ នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨ នេះ ត្រូវបាន​ប្រមុខ​រាជរដ្ឋាភិបាល បានសម្រេច​ផ្តល់​ដី យោងតាម​សំណើ​របស់លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានចេញ​អនុក្រឹត្យ ផ្តល់​ផ្ទៃដី ចំនួន ៣០.២៥៤ ហិកតា ដែល​ស្ថិតក្នុង​ភូមិសាស្ត្រ ស្រុក​អន្លង់វែង​, ស្រុក​ចុងកាល់ និង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ បង្កើត​ឲ្យ​ទៅជា ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន ដើម្បី​ធានា​និរន្តរភាព ជម្រក​សត្វព្រៃ និង​ប្រព័ន្ធ​អេកូឡូស៊ី និង​ជីវៈចម្រុះ ដើម្បី​រក្សា​លំនឹង​បរិស្ថាន រួមចំណែក​កាត់បន្ថយ ការប្រែប្រួល​អាកាសធាតុ និង​ហានិភ័យ មហន្តរាយ​ធម្មជាតិ​ផ្សេងៗ​។​

​លោក​បាន​បញ្ជាក់ថា តំបន់​ដែនជម្រកសត្វព្រៃ សង្ឃ​រុក្ខ​វ័ន​នេះ បច្ចុប្បន្ន មាន​ពពួកសត្វ​កម្រ ដូចជា សត្វ​ខ្ទីង សត្វ​ទន្សោង សត្វ​ខ្លា សត្វ​ស្វា​ខ្មៅ រួម​សត្វ​ចម្រុះ​ដទៃទៀត បាន​ចូលមក​រស់នៅ​ទីនោះ​។ បើទោះជា​មាន​សត្វព្រៃ​ទាំងនេះ កំពុងមាន​វត្តមាន ក៏ពិតមែន ប៉ុន្តែ​ពួកវា ក៏​កំពុង​ប្រឈម​នឹង​ការបាត់បង់​ដែរ ដោយសារ​ការ​បរបាញ់​។​

​មន្ត្រី​រូបនេះ បាន​បន្ថែមថា មន្ទីរ​បរិស្ថាន​ខេត្ត នឹង​ពង្រឹង​ការ​អនុវត្ដ​ច្បាប់ ជា​វិធានការ​ចាំបាច់ ដើម្បី​ធានា​ដល់​ការរស់នៅ​របស់ សត្វព្រៃ​ទាំងនេះ​ដែរ​។ ប្រជា​សហគមន៍ ក៏ត្រូវ​ចូលរួម​គ្នា ដើម្បី​កាត់បន្ថយ ការគំរាមកំហែង​នានា ចំពោះ​ធនធាន​ព្រៃឈើ និង​សត្វព្រៃ នៅក្នុង​ដែន​ជម្រក​នេះ​។ ហើយ​ប្រជាពលរដ្ឋ មាន​តួនាទី​សំខាន់ ក្នុងការ​ថែរក្សា និង​អភិរក្ស​សត្វព្រៃ​ទាំងអស់នោះ កុំ​ឲ្យ​បាត់បង់ ដោយ​កុំ​ទិញ និង​បរិភោគ​សាច់សត្វ​ព្រៃ​៕​v