​មន្ត្រី​៖​ការធ្វើ​កូដកម្ម​របស់​កម្មករ​ដោយសារ​រឿង​ប្រាក់​អតីតភាព​ការងារ​និង​កិច្ចសន្យា​

414
ចែករម្លែក

​ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិ​ជ្ចា​ជីវៈ​បាន​ថ្លែងថា​ការផ្ទុះ​កូដកម្ម​របស់​កម្មករ​និយោជិត​មួយរយៈ​ចុងក្រោយ​ដែល​គេ​ឃើញ​កើតមាន​បន្តបន្ទាប់​នា​កន្លងមកនេះ​ដោយសារ​ផ្តើមចេញ​មកពី​កត្តា​២​យ៉ាងសំខាន់​គឺ​ទី​១​បណ្តា​មកពី​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ការបញ្ឈប់​ថ្នាក់ដឹកនាំ​សហជីព​ដោយសារតែ​កិច្ចសន្យា​រយៈ​ខ្លី​តែប៉ុណ្ណោះ​។​

ការបញ្ជាក់​ឱ្យដឹងពី​ការផ្ទុះ​ធ្វើ​កូដកម្ម​បន្តបន្ទាប់​របស់​ក្រុមកម្មករ​និយោជិត​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​ធ្វើឡើង​ដោយ​លោក​ហេង​សួរ​រដ្ឋលេខាធិការ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្រោយ​បញ្ចប់​ក្នុង​វេទិការ​ធុរកិច្ច​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា​(BFC)​នា​សណ្ឋាគារ​រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩​កន្លងមក​។​

​បញ្ជាក់ប្រាប់​បណ្តាញ​សារពត៌មាន​លោក​ហេង​សួរ​បានឱ្យដឹងថា​ចំពោះ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ដែលជា​បញ្ហា​នាំឱ្យមាន​ផ្ទុះ​កូដកម្ម​នេះ​គឺ​រាជរដ្ឋាភិបាល​តែង​បាន​គិតគូរ​បញ្ហា​នេះ​យ៉ាង​យកចិត្តទុកដាក់​។​ក្នុងនេះ​បានធ្វើ​វិសោធនកម្ម​ច្បាប់​ដោយ​កែ​ពី​ច្បាប់​ចាស់​ដែល​កម្មករនិយោជិត​ត្រូវ​ទទួលបាន​ប្រាក់​នេះ ក៏​ទាល់តែ​ពេលណា​និយោជក​(​ថៅកែ​)​បញ្ឈប់​ប៉ុណ្ណោះ​។​ការធ្វើ​បែបនេះ​ទើប​កម្មករ​ខ្លះ​មិន​ហ៊ាន​លាឈប់​ដោយ​ព្រួយបារម្ភ​ពី​ការបាត់​បង់ប្រាក់​អតីតភាព​ការងារ​ហេតុនេះហើយ​ទើប​ក្រសួង​បានធ្វើ​ការកែប្រែ​ច្បាប់​នេះ​ដោយ​តម្រូវឱ្យ​ថៅកែ​រោងចក្រ​ទូទាត់​អតីតភាព​ការងារ​ជា​រយៈពេល​ខ្លីៗ​ក្នុង​ឆ្នាំ​វិញ​ម្តង​។​

​លោក​បាន​បន្ត​ឱ្យដឹងថា​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​និយោជក​ចាំបាច់​ត្រូវតែ​ទូទាត់​អតីតភាព​ការងារ​ដល់ក​ម្មកររ​យៈ​ពេល​ខ្លីៗ​វិញ​ក្នុងនេះ​មួយឆ្នាំ​ទូទាត់​ចំនួន​១៥​ថ្ងៃ​ដោយ​៧​ថ្ងៃ​កន្លះ​ទូទាត់​ក្នុង​រយៈពេល​៦​ខែ​ដំបូង​ហើយ​៧​ថ្ងៃ​កន្លះ​ទៀត​ទូទាត់​នៅ​ខែ​ទី​១២​។​ជាមួយគ្នា​រាជរដ្ឋាភិបាល​ក៏​តម្រូវឱ្យ​និយោជក​ត្រូវតែ​បង់​អតីតភាព​ការងារ​ដល់​កម្មករនិយោជិត​មុន​ឆ្នាំ​២០១៩​ផងដែរ​។​

បើទោះបី​កម្មករ​នោះ​នៅ​បន្តការងារ​ឬ​បញ្ឈប់​ក្តី​។​ទោះបីយ៉ាងណា​ក្តី​និយោជក​ក៏ត្រូវ​បាន​គេ​ផ្តល់ឱ្យ​ទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ​ចាស់​(​មុន​ឆ្នាំ​២០១៩)​ដល់​កម្មករ​បន្តិច​ម្តងៗ​ខ្លះ​ផងដែរ​មិនមែន​តម្រូវ​សង​ភ្លាមៗ​អស់​តែម្តង​នោះឡើយ​បើសិន​គេ​ពុំមាន​លទ្ធភាព​ទូទាត់​ដល់​កម្មករនិយោជិត​នោះទេ​។​

​ជុំវិញ​ការទូទាត់​ប្រាក់​បំណាត់​អតីតភាព​ការងារ​នេះ​លោក​ហេង​សួរ​បានឱ្យដឹង​បន្ថែមថា​“​ចំពោះ​ប្រាក់​បំណាច់​អតីតភាព​ការងារ​នេះ​បើ​ថៅកែ​រោងចក្រ​មិនមាន​លទ្ធភាព​ទូទាត់​។​បិទទ្វារ​រោងចក្រ​នោះ​រាជរដ្ឋាភិបាល​មិនបាន​បណ្តោយឱ្យ​បងប្អូន​រងគ្រោះ​នោះដែរ​គឺ​រាជរដ្ឋាភិបាល​នឹង​សង​ជំនួស​បញ្ហា​នេះ​ដល់​បងប្អូន​ហេតុនេះ​កុំ​ព្រួយបារម្ភ​ឡើយ​។

​រាជរដ្ឋាភិបាល​នឹង​រាប់​រង​សង​ជំនួស​ហើយ​បញ្ហា​បន្តទៀត​នោះ​រាជរដ្ឋាភិបាល​នឹង​ចាត់វិធានការ​ជាមួយ​ថៅកែ​ដែល​រត់ចោល​កម្មរ​ដោយ​ខ្លួនឯង​។​ហេតុនេះ​មិនគួរ​ព្រួយបារម្ភ​ជុំវិញ​បញ្ហា​នេះ​បន្តទៀត​ទេ​”​។​

​ដោយឡែក​ទាក់ទិន​ទៅនឹង​ការធ្វើ​កូដកម្ម​នា​កន្លងមកនេះ​ដែរ​លោក​ហេង​សួរ​បាន​បន្ត​ដោយ​ធ្វើការ​អំពាវនាវ​ឱ្យ​បងប្អូន កម្មករនិយោជិត​មាន​ភាពនឹងន​ក្នុង​ចិត្ត ហើយ​បើទោះបី​ថៅកែ​ពុំមាន​លទ្ធភាព​សង​ភ្លាមៗ និង​ពិសេស​បាន​សង​បន្តិច​ម្តងៗ​ក៏ដោយ​ត្រូវមាន​ភាព​អត់ធ្មត់​។​

បើ​ពុំ​នោះទេ​អាច​ប្រឈម​នឹង​បញ្ហា​ច្រើន​ដោយសារ​រោងចក្រ​ខ្លះ​ថៅកែ​ពុំមាន​លទ្ធភាព​សង​ប្រាក់​បំណាច់​អតីតភាព​ការងារ​ភ្លាមៗ​នោះ​អាច​ប្រឈម​នឹង​ការបិទទ្វារ​ហើយ​អ្នករងគ្រោះ​នោះ​គឺ​បងប្អូន​តែប៉ុណ្ណោះ​។​

​ហេតុនេះ​គប្បី​ទុក​ឱកាស​ឱ្យគេ​សង​បណ្តើរៗ​នោះ​ជាការ​ល្អ​បំផុត​។​លោក​បាន​បន្ថែម​ឱ្យដឹង​ផង​ថា​រាជរដ្ឋាភិបាល​តែង​គិតគូរ​ដល់​ទាំង​កម្មករ​និង​ភាគី​និយោជក​ដើម្បី​ផលប្រយោជន៍​រួម​ទាំងអស់គ្នា​ហើយក៏​មិនត្រូវ​ជឿ​ការ​ញុះញង់​ណាមួយ​នាំ​តែ​ខាត​ផលប្រយោជន៍​របស់ខ្លួន​ឯង​។​

​គួរ​បញ្ជាក់ថា​នា​កន្លងមក​ថ្មីៗ​នេះ​កម្មករ​រោងចក្រ​នៅតាម​រាជធានី​ភ្នំពេញ​និង​បណ្តាល​ខេត្ត​មួយចំនួន​បាន​ផ្ទុះ​កូដកម្ម​បន្តបន្ទាប់​ដោយ​ទាមទារ​ប្រាក់​បំណាច់​អតីតភាព​ការងារ​និង​ការបញ្ឈប់​សហជីព​មួយចំនួន​ដែល​បង្ក​ផល​លំបាក​ដល់​ទាំង​កម្មករ​និយោជក​និង​និយោជក​ផងដែរ​៕S/

លោក​ហេង​សួរ​រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុង​វេទិការ​ធុរកិច្ច​របស់​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) នា​សណ្ឋាគារ​រ៉ា​ហ្វ៊​ល​ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៩(​រូប​៖​ដេប៉ូ​)​
#