​មន្ត្រី​៖ សិស្ស​អនុវិទ្យាល័យ​បា​លិ​លេ​យ្យ ដួលសន្លប់ មកពី​ហត់​ហេវ ក្តៅ ខ្វះ​ជាតិ​ស្ករ និង​កាល់ស្យូម​

1023
ចែករម្លែក

​ដោយ : ប​.​ជ័យ​
​បន្ទាយមានជ័យ : មន្ត្រី​សុខាភិបាល​ខេត្តបន្ទាយមានជ័យ បាន​ពន្យល់ថា សិស្សានុសិស្ស អនុវិទ្យាល័យ​បា​លិ​លេ​យ្យ ដែល​ដួលសន្លប់ បណ្ដាលមកពី​ហត់​ហេវ ក្តៅ ខ្វះ​ជាតិ​ស្ករ និង​កាល់ស្យូម ។ ករណីនេះ បានកើត​ឡើង កាលពី​ជិត​ថ្ងៃត្រង់ ថ្ងៃទី​២១ ខៃ ធ្នូ ឆ្នាំ​២០១៨ នេះ នៅ​អនុវិទ្យាល័យ​នេះ ស្ថិតក្នុង​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុង​ទិវា​បរិស្ថាន​មួយ​។​

​លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល ខេត្តបន្ទាយមានជ័យ ប្រាប់​កាសែត​រស្មី​កម្ពុជា ថ្ងៃទី​២១ ខែធ្នូ​ថាៈ យោង​ការចុះពិនិត្យ ស្រាវជ្រាវ និង​ធ្វើតេស្ត ក្នុង​មន្ទីរពិសោធន៍ នៃ​មន្ទីរពេទ្យបង្អែក ក្រុង​ប៉ោយប៉ែត បាន​បង្ហាញថា មូលហេតុ​ដែលនាំឱ្យ​សិស្ស សាលា​អនុវិទ្យាល័យ បា​លិ​លេ​យ្យ​១ ចំនួន ២១ នាក់ ដួលសន្លប់ បន្តបន្ទាប់ កាលពី​ជិត​ថ្ងៃត្រង់ ថ្ងៃទី​២១ ខែធ្នូ កន្លងមក មកពី​សិស្ស​ទាំងនេះ ហត់​ហេវ​ខ្លាំង មិនបាន​ហូប​ទឹក និង​អាហារ ហើយ​រង​អាកាសធាតុ​ក្តៅ​ហប់ ក្នុង​ទិវា​បរិស្ថាន​មួយ ដោយ​សិស្ស​ទាំងនោះ ចូលរួម​សម្អាត​សម្រាម បរិស្ថាន ។ ម្យ៉ាងទៀត សិស្ស​ទាំងនោះ មាន​សុខភាព​ខ្សោយ​ស្រាប់ ដូចជា​ខ្វះ​ជាតិ​ស្ករ កាល់ស្យូម​ផង ។​

​ទោះយ៉ាងណា លោក​វេជ្ជបណ្ឌិត កែវ សុ​ភ័​ក្ត្រា បានបញ្ជាក់​ថាៈ ក្រោយ​សង្គ្រោះ ពិនិត្យ ព្យាបាល មកទល់​រសៀល​ថ្ងៃ​ដដែល ក្រុម​សិស្សានុសិស្ស ១៩ នាក់ (​ប្រុស​១​នាក់​) ដែល​ចូល​មន្ទីរពិសោធន៍ ក្នុងចំណោម ២១ នាក់ នោះ បាន​ធូរស្បើយ​វិញ​ហើយ ។​

​សូម​រំលឹកថា កាលពី​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ នៅ​អនុវិទ្យាល័យ​បាលី​លេ​យ្យ ភូមិ​បាលី​លេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត មាន​រៀបចំ​ទិវា​បរិស្ថាន​មួយ ដែលមាន​មន្ត្រី​បរិស្ថាន អាជ្ញាធរ អប់រំ និង​គណៈ​គ្រប់គ្រង និង​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស បាន​ប្រារព្ធ​ទិវា​បរិស្ថាន ។ ពី​ធី​នោះ មិនទាន់​ចប់​ផង ក៏មាន​សិស្សស្រី ២-៣ នាក់ បាន​ដួលសន្លប់ បន្ទាប់មក ដួលសន្លប់​ដល់ ២១ នាក់ ។ កម្លាំង​អន្តរាគមន៍​ចម្រុះ បាន​ជួយសង្គ្រោះ និង​ដឹក​ទៅ​មន្ទីរពេទ្យ​។​

​មន្ត្រី បាន​និយាយថា ឧបទ្ទវ​ហេតុនេះ មិនអាច​បន្ទោស ឬ​ទម្លាក់កំហុស​លើ​នរណាម្នាក់ ឱ្យ​ទ​ទទួលខុសត្រូវ​ផ្តាច់មុខ​ឡើយ ។ ប៉ុន្តែ​ជា​បទពិសោធន៍​អាក្រក់​មួយ ដែល​មិនត្រូវ​ធ្វេសប្រហែស​ឡើយ​។​

​ដោយ​ភ័យ​ស្លន់ស្លោ​ពេក លោក ស្មិញ សឿត នាយក​សាលា​អនុវិទ្យាល័យ បា​លិ​លេ​យ្យ មិន​ព្រម​បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ឡើយ ៕v