ដោយ:អង្គរតូច/សៀមរាបៈរមណីយដ្ឋានភ្នំគូលែន ជាតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ទាក់ទាញ ក្នុងចំណោមតំបន់ទេសចរណ៍សំខាន់ៗផ្សេងទៀត ក្នុងខេត្តសៀមរាប។ លើសពីនេះទៀតគឺរិតតែកំពុងទទួលការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ភ្ញៀវជាតិនិងអន្តរជាតិ ដែលបានទៅទស្សនាជារៀងរាល់ថ្ងៃ។
ព្រោះតំបន់ភ្នំគូលែននេះ ត្រូវបានអ្នកទេសចរណ៍ ទៅសិក្សាស្វែងយល់អំពីអរីយធម៌វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និង ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរយើងនៅទីនោះ។ ពិសេស ភ្នំគូលែនគឺជាតំបន់ផ្តល់នូវ ប្រភពទឹកដែលមិនចេះរីងស្ងួត មិនថារដូវប្រាំងឬរដូវវស្សា ដោយនាំយកទៅស្រោចស្រព ដំណាំផ្នែកខាងក្រោម តាមរយៈហូរធ្លាក់ឆ្ពោះទៅតាមដងស្ទឹងសៀមរាប សម្រាប់បម្រើសេចក្ដីត្រូវការដល់មនុស្ស សត្វ រុក្ខជាតិ និងលើការងារកសិកម្មទៀតផង។
ថ្វីត្បិតតំបន់ទេសចរណ៍ ប្រវត្តិសាស្ត្រមួយនេះ មានភាពល្អឥតខ្ចោះ ទាំងប្រភពទឹក ទាំងព្រៃឈើ ទាំងការសិក្សាស្រាវជ្រាវរបស់អ្នកទេសចរណ៍តែក៍នៅមានការខ្វះខាតខ្លះៗលើសេវាកម្មបំរើឱ្យវិស័យទេសចរណ៍ នៅភ្នំគូលែននេះ។
ក្នុងករណីនេះ មន្ត្រីនៃមន្ទីទេសចរណ៍ខេត្ត បានថ្លែងឱ្យដឹងថា ជាការពិតណាស់ គឺនៅមានចំណុចជាច្រើន ដែលទាមទារឱ្យប្រតិបត្តិករសេវាកម្មទេសចរណ៍ និងអង្គភាពស្ថាប័នពាក់ព័ន្ឋ រួមគ្នាពិនិត្យនិងដោះស្រាយជាបន្ទាន់។ ជាពិសេសលើបញ្ហាតូបអង្គុយ ដែលគេមិនទាន់ឃើញមានការបិទកំណត់តម្លៃ និងមិនមានសញ្ញាណាបញ្ជាក់ថា តូបមួយណាត្រូវបានគេកក់ទុករួចហើយនោះទេ។
ចំណែកបញ្ហាបង្គន់អនាម័យនៅទីនេះ ក៏មិនទាន់មានភាពសមរម្យនៅឡើយដែរ ។ខណៈដែលបញ្ហាសំរាម យើងបានរៀបចំបានល្អប្រសើរហើយ ដោយបានដាក់ធុងសំរាម ទៅតាមគោលដៅសំខាន់ៗមួយ ចំនួន។ មន្ត្រីបន្តថា ផ្នែកបរិស្ថានមានភាពស្រស់បស់ហើយ ចំពោះការលក់ដូរម្ហូបអាហារនៅទីនោះ ថ្ងៃធម្មតាមិនជាថ្លៃណាស់ណានោះទេ តែថ្ងៃបុណ្យហាក់ថ្លៃខ្ពស់បន្តិច។
ប្រភពបញ្ជាក់ទៀតថា ដើម្បីឱ្យចរន្តទេសចររបស់យើង ប្រព្រឹត្តទៅបានល្អពុំមានការរាំងស្ទះ យើងនឹងធ្វើការអប់រំបន្ថែមទៀតដល់អាជីវករនៅភ្នំគូលែន។ ឱ្យមានការព្រមព្រៀង និងកែលំអនូវចំណុចខ្វះខាត ដើម្បីចៀសវាងការថ្នាំងថ្នាក់ពីអ្នកទេសចរ ចំពោះតម្លៃម្ហូបអាហារនិងកន្លែងអង្គុយ។
ក្នុងនោះតម្រូវអោយពួកគាត់សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពស្ថាប័នពាក់ព័ន្ឋ ដើម្បីរួមគ្នាថែទាំបរិស្ថាន និងរៀបចំសណ្តាប់ធ្នាប់នៅទីនោះ ឱ្យកាន់តែមានសណ្តាប់ធ្នាប់ អនាម័យល្អ និងតម្លៃសមរម្យ ៕S/