​មន្ទីរអប់រំ​ខេត្តកោះកុង​ទទួល​កំណាត់​ជាង​៧​ម៉ឺន​តោន​ពី​រោងចក្រ​កាត់ដេរ​KKN

156
ចែករម្លែក

​អត្ត​ប​ទៈ​សុ​ផានី​តា​/​កោះកុង​៖​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​បានទទួល​កំណាត់​ជាង​៧៦.១៦៧​តោន​ស្មើនឹង​៦.២៧៧​កី​ពី​ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់​KKN​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​តម្រូវ​ការបម្រើ​ដល់​វិស័យ​អប់រំ​ទាំងមូល​។​ការទទួល​និង​ប្រគល់​កំណាត់​ពី​រោងចក្រ​កាត់ដេរ​ជាង​៧​ម៉ឺន​តោន ធ្វើឡើង​ក្រោម​វត្តមាន​អភិបាលរង​ខេត្ត តំណាង​ក្រុមហ៊ុន និង​ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ ២០២០​។​

​លោក​ង៉ែ​តឡឹង​ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តកោះកុង​បានចាត់ទុក​ការផ្តល់​ជា​អំណោយ​កំណាត់​នេះ ជាការ​ចូលរួមចំណែក​ដ៏​សំខាន់ គ្រា​កំពុងមាន​តម្រូវការ​កាត់​សម្លៀកបំពាក់ តុបតែង​បន្ទប់ សាលា​ប្រជុំ​តុ​ឬ​កៅអី​ជាដើម​។​លោក​ប្រធាន​មន្ទីរអប់រំ​ខេត្ត​បន្ថែមថា​លោក​នឹង​សុំ​គោលការណ៍​បន្ថែម​ពី​ក្រសួង ដើម្បី​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​។​ក្នុងន័យ​បង្កើន​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ ទាញយក​ប្រយោជន៍​ទីផ្សារការងារ ក្រៅពី​រៀន​នៅ​វិទ្យាល័យ ឬ​មណ្ឌល​សិក្សា​ផ្សេងៗ​។

​កន្លងទៅ​ក៏មាន​មន្ទីរ​អង្គភាព​ជំនាញ​និង​ពលរដ្ឋ​នៅតាម​សហគមន៍​ធ្លាប់​មកសុំ​កំណាត់​យកទៅ​កែច្នៃ​នៅ​អង្គភាព​របស់ខ្លួន​ផងដែរ​។​ទន្ទឹម​នោះ​លោក​ង៉ែ​តឡឹង​គ្រោង​ស្នើសុំ​ម៉ាស៊ីនដេរ​និង​អ៊ុត​បន្ថែម​ដែរ​ព្រោះ​សាច់​កំណាត់​ទាំងនេះ​ម៉ាស៊ីន​ធម្ម​ជា​អាច​ដេរ​បាន​ឯ​ខ្លះទៀត​ត្រូវការ​ម៉ាស៊ីន​ស្តង់ដារ​ពី​រោងចក្រ ទើប​ធ្វើទៅបាន​។​

​ដោយឡែក​លោក​ស្រេង​ហុង​អភិបាលរង​ខេត្តកោះកុង​លើកឡើងថា​អំណោយ​ជា​កំណាត់​សម្លៀកបំពាក់​កំរាលតុ​កៅអី​និង​ទូរ​ជា​សកម្មភាព​សប្បុរសធម៌​ដ៏​ប្រពៃ​មួយ​ក្នុងការ​រួមចំណែក​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​កាន់តែ​រីកចម្រើន​។​បើតាម​លោក​អភិបាលរង​ខេត្ត​កន្លងទៅ​រោងចក្រ​កាត់ដេរ​KKN​បាន​ជួយឧបត្ថម្ភ​ជាច្រើន​ដល់​រដ្ឋបាលខេត្ត​មន្ទីរ​ពាក់ព័ន្ធ​។​

​ពិសេស​ការ​ផ្តល់ឱកាស​ការងារ​ដល់​ពលរដ្ឋ​និង​យុវជន​ក្នុង​ខេត្ត​និង​ក្រៅ​ខេត្ត​តែម្តង​។​ស្របពេល​ខណៈ​រាជធានី​ភ្នំពេញ​បំណាច់​ខែកុម្ភៈ​ឬ​ចុងខែ​មីនា​មាន​រោងចក្រ​មួយចំនួន​ប្រឈម​នឹង​ការបិទទ្វារ​រោងចក្រ​ពីព្រោះ​មេរោគ​ជំងឺ​កូ​រ៉ូ​ណា​នៅ​ប្រទេស​ចិន​មិនឱ្យ​មានការ​ដឹក​ជ​ញ្ចូ​ន​កំណាត់​ចូលមក​កម្ពុជា​។​

​សម្រាប់​ខេត្តកោះកុង​វិញ​គឺ​ត្រូវបាន​លោក​អភិបាលរង​ខេត្ត​អះអាងថា​ពុំមាន​ការ​ប្រឈម​នឹង​រោងចក្រ​បិទទ្វារ​ឡើយ​គឺ​កម្មករ​-​កម្មការិនី​រោងចក្រ​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង​នៅតែ​អាចមក​ធ្វើការ​ដូច​ធម្មតា​បាន​មិន​រង​ផលប៉ះពាល់​ឬ​បិទទ្វារ​រោងចក្រ​អ្វី​ឡើយ​ដោយ​រោងចក្រ​កំពុង​ត្រូវការ​កម្មករ​ជាង​៣​ពាន់​នាក់​ទៀតផង​។​

មូល​ហេតុដែល​អភិបាល​រង​ខេត្ត​អះអាង​យ៉ាង​ដូច្នេះ​ក៏​ព្រោះតែ​គ្រប់​រោងចក្រ​ឧ​ស្សហកម្ម​នៅ​ខេត្តកោះកុង​មាន​ទទួលបាន​វត្ថុធាតុដើម​តែ​១​ភាគរយ​ប៉ុណ្ណោះ​ពី​ប្រទេស​ចិន​។​ជាក់ស្តែង​រោងចក្រ​កាត់ដេរ​KKN​មាន​៩៩​ភាគរយ​ទទួលយក​វត្ថុធាតុដើម​ពី​ប្រទេស​ថៃ​និង​ប្រទេស​មួយចំនួន​។​

​លោក​ស្រេង​ហុង​ក៏​រំពឹង​ដែរ​ថា​ចិន​នឹង​រកឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​រ៉ូ​ណា​ឆាប់ៗ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ផលិត​ខាង​ផ្នែក​ឧ​ស្សហកម្ម​និង​សេដ្ឋកិច្ច​ពលរដ្ឋ​។​ក្នុងនោះ​ក៏​អំពាវនាវ​ដល់ក​ម្មករ​ទូទាំងប្រទេស​ថា​ប្រសិនបើ​កម្មករ​នៅ​រាជធានី​ភ្នំពេញ​ឬ​តាម​នៅ​បណ្តា​ខេត្ត​ផ្សេងៗ​អត់​ការងារ​ធ្វើ​សុំ​មក​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​រោងចក្រ​នៅក្នុង​ខេត្តកោះកុង​បាន​គ្រា​កំពុង​ខ្វះ​កម្លាំង​ពលកម្ម​។​

​គួរ​ជម្រាប​ថា នៅ​ខេត្តកោះកុង មាន​សហគ្រាស គ្រឹះស្ថាន​ឧ​ស្សហកម្ម​ធំៗ​សរុប​ចំនួន​៧៣​កន្លែង ដែលមាន​កម្មករនិយោជិត​កំពុង​ធ្វើ​បម្រើ​ការងារ​ជាង​១​ម៉ឺន​៤៩៣​នាក់​។​លោក​សម្បត្តិ​យ៉ុ​ត​ណា​រ៉ុង​តំណាង​រោងចក្រ​កាត់ដេរ​KKN​ដែលមាន​មូលដ្ឋាន​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ខេត្តកោះកុង បានឱ្យដឹងថា ក្រុមហ៊ុន​រោងចក្រ​កាត់ដេរ​របស់លោក​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​ជាង​៣​ពាន់​នាក់​។​

​លោក​បាន​បន្តថា​ទោះបីជា​បច្ចុប្បន្ន​មាន​ពលរដ្ឋ​និង​យុវជន​មកពី​បណ្តា​ខេត្ត​កំពុង​បម្រើ​ការងារ​យ៉ាងសកម្ម​ក៏ដោយ​។​តំណាង​រោងចក្រ​កាត់ដេរ​KKN​ដដែល​លើកឡើងថា​ក្រុមហ៊ុន​បាន​ផ្តល់នូវ​ប្រាក់ចំណូល​៣​លាន​ក្នុង​១​ខែ​តាមរយៈ​ផ្តល់ឱកាស​ការងារ​និង​ជួយ​លើកកម្ពស់​សេដ្ឋកិច្ច​ជីវភាព​គ្រួសារ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ធូរធារ​និង​រីកចម្រើន​ជា​បន្តបន្ទាប់​។​

​ទៀតសោត​ក្រុមហ៊ុន​KKN​មាន​ចំនួន​៤​រោងចក្រ​និង​មាន​កម្មករ​សរុប​ជាង​៨.៥០០​នាក់​ពួកគេ​មាន​ជំនាញ​ដេរ​និង​អ៊ុត​ច្បាស់លាស់​ក្រោយពី​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​រួចរាល់​មកក្រោម​កិច្ចសម្របសម្រួល​ពីរ​ដ្ឋ​បាល​ខេត្ត មន្ទីរ និង​ដៃគូ​ពាក់ព័ន្ធ​៕S/