​មន្ទីរ​មួយចំនួន​ខេត្តកោះកុង​មិន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​រដ្ឋ​តាម​កាលកំណត់​

1187
ចែករម្លែក

​ដោយ​៖​សុ​ផានី​តា​/​កោះកុង​៖​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ប្រតិកម្ម​ទៅនឹង​ប្រធាន​មន្ទីរជំនាញ​និង​រដ្ឋបាល​ស្រុក​មួយចំនួន​ដែល​បម្រើ​ការងារ​នៅក្នុង​ខេត្តកោះកុង​មិនបាន​ធ្វើបញ្ជី​បច្ចុប្បន្នភាព​គ្រប់គ្រង​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​ទាន់ពេលវេលា​កំណត់​ទោះ​មាន​អនុក្រឹត្យ​ស្តីពី​វិធាន និង​នីតិវិធី​របស់​រាជរដ្ឋាភិបាល​យ៉ាងណាក្តី​។​

លោក គុយ សៀ អនុប្រធាននាយកដ្ឋាន​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ គូសបញ្ជាក់ថា មន្ទីរ​មួយចំនួន រួមមាន​៖​មន្ទីរ​សុខាភិបាល កសិកម្ម និង​រដ្ឋបាល​ថ្នាក់ស្រុក​មួយចំនួន​ហាក់បីដូចជា​ខ្វះ​ទំនួល​ខុសត្រូវ​ច្រើន​លើ​ការងារ​និង​មើលស្រាល​ចំពោះ​ការធ្វើ​បញ្ជី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​ដោយ​បណ្តែតបណ្តោយ​ឱ្យមាន​ភាព​យឺតយ៉ាវ​ខ្លាំង​ខក​ខាត​បញ្ជូន​របាយការណ៍​តាម​ពេលវេលា​កំណត់​រៀងរាល់​ត្រីមាស​ទី​១​នៃ​ឆ្នាំ​បន្តបន្ទាប់​។​

ការ​ប្រតិកម្ម និង​សោកស្តាយ​ចំពោះ​ភាព​អសកម្ម​ភាព​ការងារ​បច្ចេកទេស​រប​ស់​របស់​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ទៅលើ​មន្ទីរ អង្គភាព​សាធារណៈ និង​រដ្ឋបាល​ស្រុក​មួយចំនួន​នៅពេលនេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២​មីនា​ក្នុង​កិច្ចប្រជុំ​ត្រួតពិនិត្យ​ផ្គូរ​ផ្គង​តារាង​ប្រៀបធៀប​ទ្រព្យសម្បត្តិ​រដ្ឋ​កើនឡើង​-​ថយចុះ ឆ្នាំ​២០១៧​កន្លងទៅ ដើម្បី​ជំរុញឱ្យមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ច្បាស់លាស់​ទៅ​អនាគត​។​

​អនុប្រធាននាយកដ្ឋាន​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សង្កត់ធ្ងន់ថា ប្រសិនបើ អង្គភាព​មន្ទីរ ឬ​រដ្ឋបាល​ស្រុក​ពុំបាន​បំពេញ​កាតព្វកិច្ច​ធ្វើបញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ​ទាន់ពេល​កំណត់​ទេ​គឺ​នឹងរង​ការពិន័យ​ដោយ​កាត់​កញ្ចប់​ថវិកា​ប្រមាណ​៣​ភាគរយ​នៃ​ថវិកា​សរុប​ដែល​រដ្ឋាភិបាល​ទម្លាក់​ឱ្យប្រើ​ប្រាស់​។

ដោយឡែក​លោក ទេព វិ​ស្កុល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកោះកុង ថ្លែងថា​បញ្ហា​ខ្វះចន្លោះ​ការអនុវត្ត​ការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​តាម​ស្ថាប័ន​អង្គភាព​កាន់កាប់​ដោយសារ​មន្ត្រី​ការិយាល័យ​ធ្វើ​រៀបចំ​បញ្ជី​មានការ​ផ្លាស់ប្តូរ​ច្រើន ទើប​នាំឱ្យ​រាំងស្ទះ​ដល់​ដំណើរ​ធ្វើបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​បែបនេះ​។ ពិសេស​ការចុះបញ្ជី​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​តែម្តង ។​

ខណៈ​មន្ទីរជំនាញ​ជាច្រើន​ពុំទាន់​មាន​ប្លង់​ត្រឹមត្រូវ​ជាង​១៥១​កន្លែង និង​ផ្ទៃដី​ដែលមាន​២១៤​ទីតាំង​។​ជា​វិធានការ លោក​មន្ទីរ​សេដ្ឋកិច្ច​ខេត្ត ក៏​គ្រោង​ស្នើ​ទៅ​អភិបាលខេត្ត​បង្កើតឱ្យមាន​គណៈកម្មកា​រ​មួយ សម្រាប់​មន្ត្រីរាជការ ដែល​រស់នៅ​លើដី​រដ្ឋ ដើម្បី​ពិនិត្យ​មើលថា តើ​ផ្តល់​ភាពស្របច្បាប់​ជូន​ដែរ​ឬ​យ៉ាងណា​?​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ក្រុមមន្ត្រី​មន្ទីរ អង្គភាព និង​រដ្ឋបាល​ស្រុក ក្នុង​មូលដ្ឋាន​ខេត្តកោះកុង ដែល​រង​ការ​ប្រតិកម្ម​ពី​ក្រសួង​សេដ្ឋកិច្ច​ពុំមាន​នរណាម្នាក់ ហ៊ាន​បកស្រាយ​ពន្យល់​អំពី​ភាពយឺតយ៉ាវ​ធ្វើបញ្ជី​សារពើ ភណ្ឌ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​នៅ​ឆ្នាំ​២០១៧​បានទេ ដោយ​បង្វែ​ល​សំណួរ​ឱ្យទៅ​កាន់​ប្រធាន​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

​គួរ​បញ្ជាក់ថា បើតាម​អនុក្រឹត្យ​ស្តីពី​វិធាន និង​នីតិវិធី​នៃ​ការគ្រប់គ្រង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ មាត្រា​២៣ ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​អាច​ធ្វើជា​កម្មវត្ថុ​នៃ​ការចាត់ចែង​បាន លុះត្រាតែ​ទ្រព្យសម្បត្តិ​រដ្ឋ​នោះ​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​។ ហើយ​ការចាត់ចែង​ទ្រព្យសម្បត្តិ​រដ្ឋ​ដែល​មិនទាន់​ត្រូវបាន​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ គឺជា​កម្មវត្ថុ​នៃ​ការផ្តន្ទាទោស​តាមច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕S/

​មន្ទីរ​មួយចំនួន​ខេត្តកោះកុង​មិន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​ទ្រព្យ​រដ្ឋ​តាម​កាលកំណត់​