​មន្ទីរ​សាធារណការ​ខេត្ត​ជួសជុល​ផ្លូវ​ដែល​រង​ខូចខាត​កន្លងទៅ​ឡើងវិញ​

104
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​ជួសជុល​ផ្លូវលំ​មួយ​ខ្សែរ​ចាប់ពី​ទីប្រជុំជន​ស្រុក​សង្គម​ថ្មី​ទៅកាន់​ប្រាសាទព្រះខ័ន​កំពង់ស្វាយ​ស្ថិតក្នុង​ភូមិ​តា​សែង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​ផ្លូវ​នេះ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​ក​ក្សាន្ត​របស់​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​ឱ្យមាន​លក្ខណៈ​ងាយស្រួល​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ដោយបាន​ការអនុញ្ញាត​ពី​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​,​លោក​គោ​សុំ​ប៊ុន​សឿត​អភិបាលរង​ខេត្តព្រះវិហារ​។​នៅ​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​លោក​បាន​ដឹកនាំ​ក្រុមការងារ​មន្ទីរ​ចុះ​ត្រួតពិនិត្យ​សកម្មភាព​ជួសជុល​ផ្លូវលំ​មួយ​ខ្សែរ​ពី​ស្រុក​សង្គម​ថ្មី​ទៅកាន់​ប្រាសាទព្រះខ័ន​នេះ​ផ្ទាល់​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខនេះ​។​

​លោក​សំលាង​ទ្រី​បាន​បន្តថា​ផ្លូវលំ​មួយ​ខ្សែរ​ដែល​កំពុងធ្វើការ​ជួស​ជុល​នេះ​គឺ​មន្ទីរ​បានធ្វើ​ការជួសជុល​ម្តង​រួចមកហើយ​កាលពី​ឆ្នាំ​កន្លង​ទៅដោយ​រដូវវស្សា​ឆ្នាំទៅ​ទឹកភ្លៀង​ធ្លាក់​ជោគជាំ​ខ្លាំង​បានធ្វើឱ្យ​ផ្លូវ​នេះ​រង​ការខូចខាត​ដោយ​កន្លែង​ដូចជា​មាន​គ្រលុក​និង​សំបុកមាន់​ជាដើម​។​

​លោក​បញ្ជាក់ថា​អ្វីដែល​ក្រុមការងារ​មន្ទីរ​សាធារណការ​កំពុងតែ​ធ្វើ​ក្នុង​ពេលនេះ​គឺ​ចាក់ដី​ក្រូ​ស​ក្រហម​បំពេញបន្ថែម​កៀ​សម្រួល​កិន​បង្ហាប់​លុប​គ្រលុក​និង​សំបុកមាន់​ឱ្យបាន​ស្អាត​។​លោក សំ លាង​ទ្រី ក៏បាន​ថ្លែង​នូវ​ការ​អរគុណ​ចំពោះ​លោក​ប្រាក់​សុវណ្ណ​ដែល​បាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​។​លោក​ក៏បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ត្រូវ​អប់រំ​ណែនាំ​កូនចៅ​ឱ្យចូល​រួម​គោរព​ច្បាប់​ចរាចរ​បាន​គ្រប់ៗ​គ្នា ដើម្បី​កុំឱ្យ​ការសប្បាយ​ក្លាយជា​ទុក្ខ​ក្នុងឱកាស​មានកម្ម​វិធី​ផ្សេងៗ​៕S/​