​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ទទួល​ជំនួយ​ជា​ថវិកា​ចំនួន​៨៧.៥៨៧​ដុល្លារ​ពី​ស្ថានទូត​ជប៉ុន​”​គូ​សាណូ​ណិ​”

198

(​ព្រះវិហារ​)៖​កាលពី​រសៀល​ថ្ងៃទី​៥​ខែ​២០១៧​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ចុះហត្ថលេខា​ទទួល​ជំនួយ​ពី​ស្ថានទូត​ជប៉ុន​ដែល​ផ្ដល់​ថវិកា​ចំនួន​៨៧.៥៨៧​ដុល្លារ​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​សម្រាប់​គម្រោង​ធ្វើ​ផ្លូវ​មួយ​ខ្សែ​ឱ្យ​ប្រសើរ​ឡើងវិញ​។​ផ្លូវ​នោះ​ស្ថិតក្នុង​ឃុំ​រមទម​ស្រុករ​វៀង​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។​

​ក្នុង​ពិធី​នោះ​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​បាន​ថ្លែង​បញ្ជាក់ថា​៖​ក្រោម​គ្រោងការណ៍​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​របស់​ជប៉ុន​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​(​ជំនួយ​គូ​សាណូ​ណិ​)​។​

រាជរដ្ឋាភិបាល​ជប៉ុន​បាន​យល់ព្រម​ផ្តល់​ថវិកា​សរុប​ចំនួន​៣២៩.៧៣៦​ដុល្លារ​ដល់​អង្គភាព​ទ​ទួល​ជំនួយ​ចំនួន​បួន​គឺ​ទី​១,​ថវិកា​ចំនួន​៨៧.៥៨៧​ដុល្លារ​សម្រាប់​គម្រោង​ជួលជុល​ផ្លូវ​មួយ​ខ្សែ​ក្នុង​ឃុំ​រមទម​ស្រុក​រវៀង​ខេត្តព្រះវិហារ​ដល់​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​

​ទី​២,​ថវិកា​ចំនួន​៨៩.៦៣២​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​អគារ​មណ្ឌល​សុខភាព​ក្រញូង​សែន​ជ័យ​ខេត្តក្រចេះ​ដល់​មន្ទីរ​សុខាភិបាល​ខេត្តក្រចេះ​។​ទី​៣,​ថវិកា​ចំនួន​៨៤.៩៧២​ដុល្លារ​សម្រាប់​គម្រោង​សាងសង់​អគារ​មណ្ឌល​សុខភាព​បា​រ៉ុង​ខេត្តកណ្តាល​ដល់​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម​ខេត្តកណ្តាល​។​ទី​៤,​ថវិកា​ចំនួន​៦៧.៥៤៥​ដុល្លារ​សម្រាប់​គម្រោង​បំពាក់​ម៉ាស៊ីន​កាំរស្មីអ៊ិច​និង​ម៉ាស៊ីន​ឆ្លុះ​អេកូ​នៅ​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្នុង​ខេត្ត​សៀម​រាម ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​។​

​លោក​សំលាង​ទ្រី​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​មានប្រសាសន៍​សំដែង​នូវ​កិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ និង​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​បំផុត​ចំពោះ​ប្រទេជ​ប៉ុន ដែល​តែងតែ​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា ជាពិសេស​ជំនួយ​គូ​សាណូ​ណិ​។​

លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ទៀតថា​៖​ជំនួសមុខ​អោយ​ក្រុមប្រឹក្សា​និង​អាជ្ញាធរខេត្ត​ព្រះវិហារ​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​លោក​ហូ​រី​ណូ​អ៊ុ​ជិ​ហ៊ី​ដេ​ហ៊ី​សា​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​តាមរយ​:​ការផ្តល់​ជំនួយឥតសំណង​យ៉ាងច្រើន​សំរាប់​ការស្ដារ និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូរ​វន្ត​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​។

​បន្ថែម​ពីលើ​នេះ​ប្រទេស​ជប៉ុន​បាន​គាំទ្រ​ចំពោះ​ការអភិវឌ្ឍន៍​មូលដ្ឋាន​ភូមិ​-​ឃុំ​ក្រោម​ជំនួយ​គូ​សាណូ​ណិ​ជាដើម​គឺ​សំដៅ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​នៅ​តំបន់​ដាច់ស្រយាល​យ៉ាង​មាន​ប្រសិទ្ធភាព ស្របតាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

លោក​សំលាង​ទ្រី​បាន​មានប្រសាសន៍​ប្រកបដោយ​ក្ដីសង្ឃឹម​និង​ជឿជាក់ថា​៖​រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​បង្កើន​ការជួយ​ដល់​ប្រទេស​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​មូលដ្ឋាន​បែបនេះ​នៅពេល​ខាង​មុខជា​បន្តបន្ទាប់​ទៅទៀត​។​

​លោក​បាន​បន្តថា​ទន្ទឹមនឹង​ការទទួលបាន​នូវ​គម្រោង​នេះ​និង​បន្ទាប់ពី​ការសាងសង់​រួច​វា​ពិតជា​ជួយ​សម្រួល​ដល់​ជីវភាព​ប្រជាជន​ដោយ​ចំណាយពេល​វេលា​តិច​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​សាលារៀន​វត្ត​អារាម​និង​មន្ទីរពេទ្យ​ជាដើម​ជាពិសេស​នោះ​វា​បាន​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ដែលជា​យន្ត​ការណ៍​ចាំបាច់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ទៀតផង​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី

​មន្ទីរ​សាធារណការ​ខេត្តព្រះវិហារ​ទទួល​ជំនួយ​ជា​ថវិកា​ចំនួន​៨៧.៥៨៧​ដុល្លារ​ពី​ស្ថានទូត​ជប៉ុន​”​គូ​សាណូ​ណិ​”