​មន្ទីរ​សាធារណការ​តែងតាំង​មន្ត្រី​ដោយ​សមូហភាព​ជ្រើសរើស​នៅមុខ​គ​ណះ​អភិបាលខេត្ត បញ្ចប់​ការរិះគន់​ដោយ​គ្មាន​មូលដ្ឋាន​

979
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ព្រះវិហារ​៖​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានធ្វើការ​តែងតាំង​មុខតំណែង​មន្ត្រី​ក្នុង​មន្ទីរ​ដែល​ពិធី​នេះ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ​នៅ​ទីស្នាក់ការ​មន្ទីរ​សាធារណការ​ក្នុង​គោលបំណង​បញ្ចប់​កា​រិះគន់​នានា ពី​សំណាក់​ប្រភព​មិន​ច្បាស់លាស់ ក៏ដូចជា​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​មន្ត្រីរាជការ នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ មានការ​ស្ងប់ចិត្ត​រឿង​តែងតាំង​មន្ត្រី​នោះ ។​
​ក្នុងឱកាស​នោះ​លោក សំ លាង​ទ្រី ប្រធាន​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត បាន​អញ្ជើញលោក គោ ស៊ុ​ប៊ុន​សឿត អភិបាលរង​ខេត្ត តំណាង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ មក​ធ្វើជា​សាក្សី និង​ផ្តល់​ភាពយុត្តិធម៌​ក្នុងការ​តែងតាំង​មន្ត្រីរាជការ​។ លោក​ប្រធាន​បាន​អះអាងថា​៖​ការដែល​មន្ទីរ​អនុវត្ត​ការតែងតាំង​មុខតំណែង​មន្ត្រី​ដោយ​សមូហភាព​ជ្រើសរើស​បែបនេះ​គឺ​បញ្ចប់​ការរិះគន់ ក្នុងការ​តែងតាំង​មន្ត្រី​ដោយ​គ្មាន​មូលដ្ឋាន​,​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ អញ្ជើញ​ថ្នាក់ដឹកនាំ​ខេត្ត ចូលរួម​ធ្វើជា​សាក្សី និង​ផ្តល់​ភាពយុត្តិធម៌​។​លោក សំ លាង​ទ្រី បាន​ថ្លែង​ទៀតថា​៖ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ជាពិសេស​ទុក្ខ​កង្វល់​មន្ត្រីរាជការ​, មន្ទីរ​បានដាក់​រាល់​កិច្ចការ​ទាំងអស់ ឲ្យ​អង្គប្រជុំ​ដើម្បី​ធ្វើការ​អនុម័ត ទុកពេល​វេលា​ឲ្យ​មន្ត្រីរាជការ​ម្នាក់ៗ បញ្ចេញមតិ លើក​អំពី​ទុក្ខលំបាក​បញ្ហា​ប្រឈម​នានា​។​
​ក្នុងនោះ​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​៖​មន្ទីរ​សាធារណការ អនុវត្តតាម​សមូហភាព​ដឹកនាំ និង​បុ​គ្គុល​ទទួលខុសត្រូវ រាល់​បញ្ហា​តែងតាំង​មន្ត្រីរាជការ​ទាំងអស់ គឺ​តែង​ដាក់​នៅក្នុង អង្គប្រជុំ​ដើម្បី ពិភាក្សាគ្នា​ជា​សមូហភាព ថា​តើ​មន្ត្រីរាជការ​និ​មួយៗ គួរ​មាន​ឧបនិស្ស័យ​ក្នុងការ​តែងតាំង​អត់ ជៀសវាង​ការវាយប្រហារ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ មកលើ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​។​ជាក់ស្ដែង នៅ ថ្ងៃនេះ​មន្ត្រីរាជការ​ទាំងអស់ ដែលមាន​វត្តមាន​នៅទីនេះ ដោយ​កន្លងមក​មន្ទីរ​តែង​ធ្វើការ​តែងតាំង មន្ត្រី​ដោយ​ឆ្លងកាត់​របៀបនេះ (​តាមរយៈ​អង្គប្រជុំ​) ដោយ​ការបោះឆ្នោត​ដោយ​យុត្តិធម៌ និង​សុ​ក្រិ​ត្យ​បំផុត ហើយ​បេក្ខភាព​ដែល​មន្ទីរ​បាន​លើក គឺ​អង្គប្រជុំ​ជា​អ្នកសម្រេច ទោះជា​អ្នកនោះ​សមត្ថភាព​ប៉ុណ្ណា​ក៏ដោយ​ឲ្យ​តែ​អង្គប្រជុំ​ឯកភាព អនុម័ត​គឺត្រូវធ្វើ​ការតែងតាំង​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ក៏មាន​មជ្ឈដ្ឋាន​មួយចំនួន​លាប​ពណ៌ វាយប្រហារ​តាមរយៈ​ប្រភពព័ត៌មាន​មិន​ច្បាស់លាស់​មួយចំនួន​តូច ថា​ការតែងតាំង​មន្ត្រី​ជាការ​តែងតាំង​ដោយ​បក្ខពួក​និង​តាម​ខ្សែរយៈ​ទៅវិញ​។​
​ក្នុងឱកាស​នោះ​លោក សំ លាង​ទ្រី បាន​បន្តទៀតថា​៖ ថ្ងៃនេះ​មន្ទីរ​សាធារណការ​មាន​កិត្តិយស​ដោយបាន​ថ្នាក់ដឹកនាំ​ខេត្ត អញ្ជើញ​ចូលរួម​ត្រួតពិនិត្យ​ការតែងតាំង​មន្ត្រី ថា​តើ ពិត​ដូច​ការចោទប្រកាន់​អត់ ដូច្នេះ​ទោះបី​ជាការ លើកឡើង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ ការិយាល័យ​នានា​ចំពោះ​បេ​ក្ខ​ភា​ដែល​ត្រូវ​តែងតាំង​នោះ​យ៉ាងណាក៏ដោយ គឺ​អង្គប្រជុំ​សម្រេច​លើ​ការអនុមត័​តាម​ថ្នាក់ដឹកនាំ​ខេត្ត ដូច្នេះ​មិនអាច​ចោទថា មន្ទីរ​តែងតាំង​នេះ​វា​មិន​យុត្តិធម៌ បក្ខពួក​នោះ​ទៀត​នោះទេ​។​
ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​នោះ​លោក គោ ស៊ុ​ប៊ុន​សឿត ក្រោយពី​បាន​ស្តាប់​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​មន្ទីរ កា​រិ​យា​ល​យ័​នានា​ជុំវិញ ការវាយតម្លៃ​លើ​បេក្ខភាព​ចំនួន​២​រូប ដែល​ត្រូវ​តែងតាំង​ជា​អនុប្រធាន​ការិយាល័យ ចុះបញ្ជី​យានយន្ត​នោះ លោក​ក៏​សម្រេច​ជ្រើស​រើសយក​បេក្ខភាព​មួយរូប​ដែលមាន​ការគាំទ្រ​ច្រើន​ពី​ថ្នាក់ដឹកនាំ​មន្ទីរ​កា​រិ​យា​ល​យ័​នានា​ឲ្យ​កាន់តំណែង​ជា​អនុប្រធាន​ការិយាល័យ ចុះបញ្ជី​យានយន្ត​។​នៅ​ចំពោះមុខ​មន្ត្រីរាជការ​ម​ន្ទីរ​សាធារណការ​ខេត្ត​នោះ លោក​អភិបាលរង​ខេត្ត​ក៏បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​នៃ​មន្ទី​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​ថា មន្ត្រីរាជការ​ស៊ីវិល​ត្រូវមាន​គុណសម្បត្តិ​៤​ជា​ចំបង​។​ទី​១៖ ឆ​ន្ទះ​ម្ចាស់ការ​បានន័យថា ទឹកចិត្ត​ស្រឡាញ់​ការងារ​មានគំនិត​ផ្តួចផ្តើម​ឆ្នៃប្រឌិត បំពេញ​កាតព្វកិច្ច​ក្នុង​ស្មារតី​ជា​ក្រុម ធ្វើការ​ជា​ក្រុម ឈ្មុះឈ្មុល និង​ការងារ និង​ជំនះ​រាល់​ឧបសគ្គ ទី​២៖ ភក្តីភាព​ចំពោះ​ស្ថាប័ន និង​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។​ទី​៣៖ មនសិការ​វិជ្ជាជីវៈ​នេះ គឺ​ចង់​សំដៅលើ​មន្ត្រីរាជការ​ទាំងអស់ ដែល​ស្ថិតក្រោម​ការគ្រប់គ្រង នៃ​ច្បាប់ ហើយ​មនសិការ​វិជ្ជាជីវៈ​នេះ​បាន​បែងចែក​រហូត​១៥​ចំណុច​។​
​លោក​អភិបាលរង​ខេត្ត​លើកឡើង​ទៀតថា​៖​ជាក់ស្តែង​ដូច​ថ្ងៃនេះ អង្គភាព​ថា សម្រេច​យ៉ាងម៉េច​យើង​បាន​ឯកភាពគ្នា​ហើយ ការផ្តល់​ឱកាស​ឲ្យ​មន្ត្រីរាជការ​បាន​បញ្ចេញ​មតិ​មានតែ​នៅទីនេះ បើ​ចេញទៅ​ក្រៅ​យើង​និយាយ​អី​នោះ បានន័យថា ខុស និង​គោលការណ៍​វិជ្ជាជីវៈ​ហើយ នេះ​ចូលដល់​បរិហារកេរ្តិ៍​អង្គភាព ដែល​អង្គភាព និង​ស្ថាប​ន័​និ​មួយៗ​មាន​បទបញ្ជាផ្ទៃក្នុង នៅទីនេះ​យើង​អាចនិយាយបាន តែ​ដល់ពេល​និយាយ​ខាងក្រៅ​គឺ​ចូលដល់​បទ​បរិហាកេរ្តិ៍​គេ​ហើយ ដូច្នេះ​អង្គភាព​អាចដាក់​ទោសទណ្ឌ បាន​លើសពីនេះ​អាច​ប្រឈម និង​ផ្លូវច្បាប់​ក៏មាន​៕