​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រកាស​ព័ត៌មាន​គឺ​គ្មាន​វីរុស​កូ​វីដ​១៩ កើត​លើ​ពលរដ្ឋ​នៅ​ស្រុក​គូលែន​ទេ

165
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​បន្ទាប់ពី​ព័ត៌មាន​មិន​ពិត​ត្រូវបាន​ជន​ខិល​ខួច​បំផុស​បង្ក​ផ្អើល​លើ​ពលករ​ម្នាក់​មកពី​ប្រទេស​កូរ៉េខាងត្បូង​នោះមក​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា​គ្មាន​វីរុស​កូ​វីដ​១៩ កើត​លើ​ពលរដ្ឋ​នៅ​ស្រុក​គូលែន​ទេ​។

​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​នៅ​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​ចេញមក​ច្រានចោល​ទាំងស្រុង​ចំពោះ​ការ​ចោទ​ប្រកាសថា​មាន​បុរស​ជនជាតិខ្មែរ​ម្នាក់​ទើប​មកពី​ប្រទេស​កូរ៉េខាងត្បូង កើត​វីរុស​កូ​វីដ​១៩ នៅ​ភូមិស្រ​យ៉ង​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។​

​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បានបញ្ជាក់​ថា​ក្រុម​ឆ្លើយតប​បន្ទាន់​មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះទៅ​ប្រមូល​សំណាក​ទៅធ្វើ​ការវិភាគ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ដោយ​ជា​លទ្ធផល​បង្ហាញថា​មិនមាន​ជំងឺ​កូ​វីដ​១៩​កើត​លើ​បុរស​នោះទេ​។​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​បាន​អំពាវនាវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​គ្មាន​មូលដ្ឋាន​ជាក់លាក់​ឬ​មិនមាន​ប្រភព​ច្បាស់លាស់​ធ្វើឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័យខ្លាច​និង​ធ្វើឱ្យមាន​ភាពច្របូកច្របល់​ក្នុងសង្គម​។​

​គួរ​ជម្រាប​ថា រហូតមកដល់​ពេលនេះ សរុប​ចំនួន​អ្នក​ឆ្លង Covid-19 នៅ​កម្ពុជា​បាន​កើន​ឡើងដល់​៥​នាក់ ក្នុងនោះ​មាន​៖*​ទី​១៖ បុរស​ជនជាតិ​ចិន មកពី​ទីក្រុង​វូ​ហាន (​ជាសះស្បើយ​)​។​ទី​២៖ បុរស​ជនជាតិខ្មែរ វ័យ​៣៨​ឆ្នាំ នៅ​ខេត្តសៀមរាប​។​ទី​៣៖ ស្ត្រី​ជនជាតិ​អង់គ្លេស វ័យ​៦៥​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​

ទី​៤៖ បុរស​ជនជាតិ​អង់គ្លេស វ័យ​៧៣​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​។​ទី​៥៖ ស្រី​ជនជាតិ​អង់គ្លេស វ័យ​៦៩​ឆ្នាំ អ្នកដំណើរ​នាវា Viking Cruise Journey នៅ​ខេត្តកំពង់ចាម​៕S/​