​មរណភាព​របស់ នួន ជា ធ្វើ​ឲ្យ​សន្តិភាព​កាន់តែ​ទូលំទូលាយ​ជាង​មុន​

427
ចែករម្លែក

ដោយ​: បណ្ឌិត លី សុខ​ឃាង នាយក​មជ្ឈមណ្ឌល​សន្តិ​ភាព​អន្លង់វែង​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញ​: មរណភាព​របស់ នួន ជា នាពេល​ថ្មីៗ​នេះ គឺជា​ការជំរុញ​ដល់​ការរំពឹងទុក​ចំពោះ​សន្តិភាព និង​ការផ្សះផ្សា​នៅក្នុង​ប្រទេស​ម្ពុ​ជា​។ មេ​មនោគមន៍វិជ្ជា​ខ្មែរក្រហម​មួយរូប​នេះ ត្រូវបាន​ប្រកាសថា ស្លាប់​ដោយសារ​រោគ​ជរាពាធ និង​ជំងឺ​រ៉ាំរ៉ៃ​នៅ​អាយុ​៩៣​ឆ្នាំ​នៅក្នុង មន្ទីរពេទ្យ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៩​។ នួន ជា គឺជា​បងធំ​ទី​ពីរ​បន្ទាប់ពី ប៉ុល ពត ដែលជា​អតីត​នាយករដ្ឋមន្ត្រី​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ (១៩៧៥-១៩៧៩), នួន ជា ស្ថិតនៅ​ក្នុងចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​ត្រូវបាន​កាត់ទោស នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ឧក្រិដ្ឋ កម្ម​ប្រល័យពូជសាសន៍ និង​បទល្មើស​ផ្សេងៗ​ទៀត​។ ការគ្រប់គ្រង​ដ៏​ផ្ដាច់ការ​របស់ នួន ជា ត្រូវបាន​ទទួលស្គាល់ថា មានការ​ទទួលខុសត្រូវ​ចំពោះ​ការបាត់​បង់ជីវិត​រប​ស់​ប្រជាជន​កម្ពុជា​ជិត​២​លាន​នាក់ ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់ ថ្ងៃទី​៦ ខែមករា ឆ្នាំ​១៩៧៩​។

​រូបថត នួន​ជា​

នួន ជា បាន​ស្លាប់​មុនពេល​បទចោទប្រកាន់​ទាំងអស់​ចំពោះ​ខ្លួន​ត្រូវបាន​វិនិច្ឆ័យ​នៅក្នុង​ការ​កាត់សេចក្ដី​វគ្គ​ពីរ​។

​នៅ​ថ្ងៃ​ដែល​គាត់​ស្លាប់​ខ្ញុំ​កំពុង​នៅក្នុង​ស្រុក​អន្លង់វែង​ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ចលនា​ខ្មែរក្រហម ជាមួយ​មិត្ត​រួមការ​ងារ​ម្នាក់ទៀត​របស់ខ្ញុំ​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​។ នៅពេលដែល​ត្រឡប់មក​ភ្នំពេញ​វិញ មិត្ត​ម្នា​ក់បាន​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​បាន​សង្កេតឃើញថា តើ​អតីត​កម្មាភិបាល​ខ្មែរក្រហម​ដែល​រស់នៅ​ក្នុងស្រុក​អន្លង់វែង​បានដឹង​អំពី​មរណភាព​របស់ នួន ជា ដែរឬទេ ហើយ​តើ​ឥឡូវនេះ​ពួកគេ​នឹង​ពិចារណា​ចូលរួម​ពិធី​បុណ្យសព​របស់ នួន ជា នៅ​ប៉ៃលិន​ដែលជា​តំបន់​កាន់កាប់​ចុងក្រោយ​របស់​ខ្មែរក្រហម​មួយទៀត​នៅ​ភូមិភាគ​ពាយ័ព្យ​ដែរឬទេ​។ ចាប់តាំងពី​ពេលនោះ​មក​ខ្ញុំ​បាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ចំពោះ​រឿង​មួយ​នេះ​។ ដូចដែល​ត្រូវបាន​រាយការណ៍​ពី​ខេត្ត​ប៉ៃលិន សព​របស់ នួន ជា ត្រូវបាន​បូជា​ដោយមាន​វត្តមាន​តិចតួច​ពី​អតីត​មេ​បញ្ជា ការ​យោធា និង​កម្មាភិបាល​ខ្មែរក្រហម បើ​ប្រៀបធៀប​ទៅនឹង​ពិធី​បុណ្យសព​របស់ អៀង សារី ដែលជា​អតីតរដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​កម្ពុជា​ប្រជាធិបតេយ្យ កាលពី​ខែមីនា ឆ្នាំ​២០១៣​។ វត្តមាន​របស់​អ្នក​កាន់ទុក្ខ​នៅក្នុង​ពិធី​ដង្ហែ​សព​របស់ នួន ជា ឆ្លុះបញ្ចាំង​អំពី សំណុំរឿង និង​សាលដីការ​របស់គាត់​នៅក្នុង​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​។

​ជាការ​ពិតណាស់ សហការី​ទាំងឡាយ​របស់ នួន ជា ប្រាថ្នា​ចង់​ឃ្លាតឆ្ងាយ​ពី​អតីត​មេដឹកនាំ​របស់ខ្លួន​ដែល​ត្រូវបាន​គេ​ចោទ​ប្រកាន់ទោស​ជា​សាធារណៈ និង​មានកេរ្តិ៍ឈ្មោះ​អាប់ឱន​។ នេះ​គឺជា​សក្ខីកម្ម​បញ្ជាក់​អំពី​ប្រសិទ្ធភាព​នៃ​ដំណើរការ​របស់​អង្គ​ជំនុំ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​បាន​ផ្ទៀងផ្ទាត់​បញ្ជា​ក់នូវ​មូលដ្ឋានគ្រឹះ​នៃ​ការពិត​អំពី​ភាព​សាហាវឃោរឃៅ​របស់​ខ្មែរក្រហម​។ តាមរយៈ​នីតិវិធី​ច្បាប់ សូម្បីតែ​អតីត​កម្មាភិបាល​ខ្មែរក្រហម និង​ឯកសារ​ភ័ស្តុតាង​បានទទួល​ស្គាល់​អំពី​តួនាទី​ផ្ទាល់​របស់ នួន ជា និង​មេដឹកនាំ​ជាន់ខ្ពស់​ដទៃទៀត​ក្នុងការ​បោសសម្អាត​ជា​ប្រព័ន្ធ ដើម្បី​ប្រឆាំងនឹង​សត្រូវ​ខាងក្នុង និង​ខាងក្រៅ​ដែល​បណ្តាល​ឲ្យ​មាន​អំពើ​ប្រល័យពូជសាសន៍​កើតឡើង​។​

​មរណភាព​របស់ នួន ជា គឺជា​ការបញ្ជាក់​អំពី​ការ​ដិតដាម​របស់​ខ្មែរក្រហម​ដែល​បាន​ថមថយ​យ៉ាងខ្លាំង​។ សែសិប​ឆ្នាំមុន​ឬក៏​ម្ភៃ​ឆ្នាំមុន អ្នកគាំទ្រ​របស់ នួន ជា បាន​មាន​មោទន​ក​ភាព​យ៉ាងខ្លាំង​ដែល​ខ្លួន​ត្រូវបាន​សាធារណជន​មើលឃើញថា មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មេដឹកនាំ​របស់ខ្លួន​។ ប៉ុន្តែ​បន្ទាប់ពី​ដំណើរ​នៃ​ការជំនុំជម្រះ​ដ៏​វែងឆ្ងាយ ដែល​បានបង្ហាញ​អំពី​ការពិត​នៃ​ការទទួលខុសត្រូវ​ទើប នួន ជា បាន​ផ្លាស់ប្ដូរ​ទៅជា​ពិរុទ្ធជន​ដែល​គ្មាន​អំណាច និង​ត្រូវបាន​អតីត​កម្មាភិបាល​ខ្មែរក្រហម​របស់ខ្លួន​មិន​យកចិត្តទុកដាក់ និង​មើលងាយ​។

​វា​គឺជា​រឿង​ធម្មតា​ទេ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅក្នុង​ពិភពលោក ដែល​ការស្លាប់​របស់​អតីត​មេដឹកនាំ​ក្នុងប្រទេស​មិន​ទទួលបាន​សេចក្ដី​អំណរ ឬ​ភាព​សុទិដ្ឋិនិយម​ជាថ្មី​។ ជាធម្មតា សូម្បីតែ​ចំពោះ​មេដឹកនាំ​ដែលមាន​រឿងអាស្រូវ​ក៏ដោយ សេចក្ដីស្លាប់​របស់​មេដឹកនាំ​ទាំងនោះ​គឺជា​ពេលវេលា​មួយ​ប្រកបដោយ​ភាព​ខ្សឹប​ខ្សួល និង​ការចងចាំ​។ ប៉ុន្តែ​សេចក្ដីស្លាប់​របស់ នួន ជា គឺ​ខុសគ្នា​។ នួន ជា គឺជា​មេដឹកនាំ​ហើយក៏​ជា​ប្រធានសភា​តំណាង​ប្រជាជន​កម្ពុជា នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។ ប៉ុន្តែ​គ្មាន​ហេតុផល​ណាមួយ​គួរតែ​សញ្ជឹងគិត​អំពី​ភាព​វិជ្ជមាន​អំពី​អ្វីដែល នួន ជា បាន​បន្សល់ទុក​នោះទេ​។

​ជាតិនិយម​គឺមាន​អត្ថប្រយោជន៍​ហើយ​នៅក្នុង​ចំណោម​នោះ គឺ​ការគោរព​ចំពោះ​អតីត​មេដឹកនាំ​។ ប៉ុន្តែ​យើង​ត្រូវតែ​ប្រុងប្រយ័ត្ន​។ នេះ​គឺជា​ការលើកទឹកចិត្ត​ចំពោះ​ការគោរព​មេដឹកនាំ​នយោបាយ​ថ្មី ហើយក៏​ជាការ​ដាស់​ស្មារតី​ដល់​អ្នក​ដែល​ធ្វើការ​ឲ្យ​រដ្ឋាភិបាល​មេដឹកនាំ​ទាំងនោះ​ថា ពួកគេ​គួរតែ​រក្សា​ការគាំទ្រ​របស់ខ្លួន​ទោះបីជា​នៅក្នុង​កាលៈទេសៈ​ល្អ​ឬក៏​អាក្រក់​។

វា​ហាក់បីដូចជា​ការអត្ថាធិប្បាយ​អវិជ្ជមាន​ទៅលើ​រដ្ឋាភិបាល​នេះ ប្រសិនបើ​នៅពេលដែល​មេដឹកនាំ​បាត់បង់​អំណាច ធ្វើ​ឲ្យ​មានការ​បែកបាក់​ព្រោះតែ​ការស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​មានការ​បដិសេធ​ការចូលរួម​ជាមួយ​អតីត​មេដឹកនាំ​របស់ខ្លួន​។​ ​ប៉ុន្តែ​ពេលវេលា​នេះ​គឺ​ខុសគ្នា​។

​ខ្ញុំ​ឃើញថា​មរណភាព​របស់ នួន ជា គឺជា​សញ្ញា​ថ្មី​មួយ និង​ល្អ​ដែល​បង្ហាញថា​ការខិតខំ​ប្រឹងប្រែង​រប​ស់​ជាតិ​ដើម្បី​សន្តិភាព​ទីបំផុត​ទទួលបាន​ជ័យជម្នះ​ធំធេង​មួយ​។ មរណភាព​របស់ នួន ជា បានបញ្ជាក់​អំពី​ការបដិសេធ​ទៅលើ​មនោគមវិជ្ជា​ដែលមាន​ជា​យូរ​មកហើយ​នៅក្នុង​ប្រទេស​។ នួន ជា បាន​បាត់បង់​ឱកាស​ក្នុង​ជីវិត​របស់ខ្លួន ព្រមទាំង​ការរំពឹងទុក​របស់​អ្នកគាំទ្រ ដែល​គិតថា​នឹង​អាចមាន​ការផ្លាស់ប្ដូរ​ដ៏​ចៃដន្យ​មួយ​ដែល​អាចធ្វើ​ឲ្យ​ចលនា​របស់​ពួកគេ​រស់​ឡើងវិញ​។ យ៉ាងណា​វិញ នួន ជា គឹ​ពោរពេញ​ដោយ​ឧបាយកល​។ នួន ជា អាច​បំ​លែង​រឿងរ៉ាវ​ផ្សេងៗ​ដើម្បី​ផ្លាស់ប្ដូរ​មតិសាធារណៈ​ជន​ចំពោះ​ខ្លួន និង​បង្វែរ​មតិ​ផ្សេងៗ​តាមរយៈ អ្នកស្រាវជ្រាវ អ្នកយកព័ត៌មាន និង​មធ្យោបាយ​ផ្សេងទៀត​។​
​មរណភាព​របស់ នួន ជា គួរតែ​ធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​ពី​របប​ប្រល័យពូជសាសន៍​ខ្មែរក្រហម​មាន​ភាព​ធូរស្បើយ​នៅក្នុង​ចិត្ត និង​ដឹងថា​ការវិលត្រឡប់​មករក​ការ​កាន់អំណាច​វិញ​របស់​ខ្មែរក្រហម​គឺ​មិនអាច​ទៅរួច​នោះទេ​។ ចំនួន​ដ៏​តិចតួច​នៃ​អ្នក​ដែល​កាន់ទុក្ខ​ការស្លាប់​របស់ នួន ជា គឺជា​ការ​បង្ហាញថា សន្តិភាព​នៅក្នុង​ប្រទេស​គឺ​ទទួលបាន​ជ័យជម្នះ​លើ​លទ្ធភាព​នៃ​ការ​បញ្ឆេះ​ឡើងវិញ​នៃ​ជម្លោះ​៕ ល​

#