​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​សហរដ្ឋ​អាមេរិក​មក​តាំង​ពិ​ព័រ​ណ៌​អប់រំ​នៅ​កម្ពុជា​

707
ចែករម្លែក
  • 6
    Shares

ដោយៈ​សុផល​/​ភ្នំពេញៈ​ស្ថានទូត​អាមេរិក​និង​មជ្ឈមណ្ឌល​EducationUSA​នៅ​កម្ពុជា​នឹង​រៀបចំ​ពិ​ពិព័រណ៍​មួយ ស្តីពី​ការអប់រំ​នៅក្នុង​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​២០១៩ នៅ​ថ្ងៃ​ច័ន្ទ ទី​៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បង្ហាញ​ពី​ឱកាស​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក សម្រាប់​សិស្ស​និស្សិត​កម្ពុជា​។​

​ពិព័រណ៍​នេះ​គឺជា​កន្លែង​ពិសេស​មួយ​សម្រាប់​ឱ្យ​សិស្ស​និស្សិត​កម្ពុជា​ធ្វើការ​ទាក់ទង​ជាមួយ​ស្ថាប័ន​ឧ​ត្ត​ម​សិក្សា​នៅក្នុង​សហរដ្ឋអាមេរិក​ហើយ​ស្វែងយល់​ពី​អត្ថប្រយោជន៍​ក្នុង​ការទទួល​បានការ​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បានឱ្យដឹងថា​ពិព័រណ៍​EducationUSA​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ម៉ោង​២​រសៀល​ដល់​៦​ល្ងាច​នា​សណ្ឋាគារ Great Duke Hotel អតីត​សណ្ឋាគារ​អាំងទែរ​កុងទីណង់តាល់​។

​នៅ​ឆ្នាំនេះ​តំណាង​៣០​មកពី​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​នឹង​ជជែក​ជាមួយ​សិស្ស​និស្សិត​កម្ពុជា អំពី​កម្មវិធីសិក្សា​ដែលមាន សញ្ញាប័ត្រ លក្ខខណ្ឌ​ក្នុងការ​ចុះឈ្មោះ​ចូលរៀន និង​ឱកាស​ទទួលបាន​អាហារូបករណ៍​សម្រាប់​សិក្សា​នៅ​សហរដ្ឋអាមេរិក​។

​អ្នកចូលរួម​ការតាំង​ពិ​ព័រ​ណ៌​ដទៃទៀត​នឹង​ផ្តល់ព័ត៌មាន​អំពី​ទិដ្ឋាការ​សិស្ស​និស្សិត​កម្មវិធី​ផ្លាស់ប្តូរ​របស់​រដ្ឋាភិបាល​អាមេរិក​និង​ការផ្តល់​ការប្រឹក្សា​ពី​ការសិក្សា​នៅ​សហរដ្ឋអាមេរិក (EducationUSA )​។

​សិស្ស​វិទ្យាល័យ​និង​និស្សិត​សាកលវិទ្យាល័យ​នៅ​កម្ពុជា​ទាំងអស់ ដែលមាន​ចំណាប់អារម្មណ៍ ចង់​សិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​នៅ​សហរដ្ឋអាមេរិក ត្រូវបាន​ស្វា​គម​ឲ្យ​ចូលរួម​នៅក្នុង​ពិព័រណ៍​នេះ​។ ឪពុកម្តាយ​សិស្ស និស្សិត​ក៏ត្រូវ​បាន​ស្វា​គម​និង​លើកទឹកចិត្ត​ឲ្យ​ចូលរួម​ផងដែរ​។​

​សូមជម្រាបថា​៖EducationUSA​គឺជា​បណ្តាញ​មួយ​នៃ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​ដែលមាន​មជ្ឈមណ្ឌល​ផ្តល់​ប្រឹក្សា​ដល់​និស្សិត​អន្តរជាតិ ចំនួន​៤០០​មជ្ឈមណ្ឌល នៅតាម​ប្រទេស​ជាង​១៧០ នៅលើ​ពិភពលោក​។​

បណ្តាញ​នេះ​ផ្សព្វផ្សាយ​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​របស់​សហរដ្ឋអាមេរិក​ទៅកាន់​និស្សិត​នៅ​ជុំវិញ​ពិភព​លោ​ដោយ​ផ្តល់ព័ត៌មាន​ថ្មីៗ ពេញលេញ និង​ត្រឹមត្រូវ ស្តីពី​ឱកាស​សិក្សា នៅតាម​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា ដែលមាន​ការទទួលស្គាល់ នៅក្នុង​សហរដ្ឋអាមេរិក​។

EducationUSA​ក៏​ផ្តល់​ផងដែរ​នូវ​សេវា​នានា​ដល់​បណ្តា​ស្ថា​សហគមន៍​កម្រិត​ឧ​ត្ត​ម​សិក្សា​នៅ​សហរដ្ឋអាមេរិក ដើម្បី​ឲ្យ​ជួយ​អ្នកដឹកនាំ​ស្ថាប័ន​ទាំងនោះ​អាច​សម្រេច​នូវ​ការជ្រើសរើស​និស្សិត​ឲ្យ​ចូលរៀន និង​ធ្វើ​ឲ្យ​សាលា​របស់គេ​មាន​និស្សិត​អន្តរជាតិ​រៀន​ច្រើន​។ មជ្ឈមណ្ឌល EducationUSA គឺជា​ប្រភពព័ត៌មាន​ផ្លូវការ​របស់​អ្នក ស្តីពី​ការសិក្សា​ថ្នាក់​ឧ​ត្ត​ម​នៅក្នុង​សហរដ្ឋអាមេរិក​៕S/

​ចំណងជើង​រូបថត​៖​មហាវិទ្យាល័យ​និង​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​ជាង​៣០​ស្ថាប័ន មក​តាំង​ពិ​ព័រ​ណ៌​អប់រំ​នៅ​កម្ពុជា​