​មហា​អនុតំបន់​ទន្លេមេគង្គ​បានសម្រេច​នូវ​វឌ្ឍនភាព​គួរឱ្យភ្ញាក់ផ្អើល​

3088
ចែករម្លែក
  • 9
    Shares

​វេទិកា​ស្មេរ​/​ដោយ​:​លោកតា​កេ​ហ៊ី​កូ​ណា​កា​អូ​ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​ប្រែ​សម្រួលៈ​សុផល​/​ភ្នំពេញ​៖​លោក តា​កេ​ហ៊ី​កូ ណា​កា​អូ (Takehiko Nakao) ប្រធាន​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) បាន​សរសេរ​បទ​វិភាគ​មួយ​ទាក់ទង​នឹង​មហា​អនុតំបន់​ទន្លេមេគង្គ ដែល​ក្នុងនោះ​រួមមាន ការវិនិយោគ វិបុលភាព កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បញ្ហា​ប្រឈម​។​​ពាណិជ្ជកម្ម​រវាង​ប្រទេស​នានា​ក្នុង​តំបន់​នេះ បាន​កើនឡើង​ពី ៥ ពាន់​លាន​ដុល្លារ​អាមេរិក​រហូតដល់​ជាង ៤១៤ ពាន់​លាន​ដុល្លារ​។​
​ ​
លោក​បាន​លើកឡើងថា​ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​GMS)​បានសម្រេច​នូវ​វឌ្ឍនភាព​គួរឱ្យភ្ញាក់ផ្អើល​ក្នុង​មួយរយៈ​ពេល​ភាគ​បួន​ទសវត្សរ៍​កន្លងមកនេះ​។​ប្រទេស​ទាំងនេះ​ដែល​ធ្លាប់តែ​រុំ​ព័ទ្ធ​ដោយ​ភាពក្រីក្រ​ឥឡូវនេះ​បានក្លាយ​ជា​ប្រទេស​ដែលមាន​មាន​ភាពជោគជ័យ​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន​។ កម្មវិធី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី​មហា​អនុតំបន់​ទន្លេមេគង្គ បានរួម​ចំណែក​យ៉ាងច្រើន ដល់​ការផ្លាស់ប្ដូរ​នេះ​។

ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩២ ក្នុងនាម​ជា​មធ្យោបាយ ដើម្បី​ជួយ​លើកកម្ពស់​ទំនាក់ទំនង​សេដ្ឋកិច្ច និង លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ថ្នាក់​តំបន់ រវាង​ប្រទេស​ជា​សមាជិក​ទាំង​ប្រាំមួយ គឺ​កម្ពុជា ចិន ឡាវ មី​យ៉ាន់​ម៉ា ថៃ និង​វៀតណាម។

កម្មវិធី​នេះ​បាន​បង្កើត​នូវ​វេទិកា​មួយ សម្រាប់​ជំរុញ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ដោយបាន​កៀរគរ​ថវិកា​ជិត ២១ ពាន់​លាន​ដុល្លារ សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ត្រូវបាន​ចាត់ទុកជា​អាទិភាព​ខ្ពស់​។ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស​មក​ក្នុង​អនុតំបន់​នេះ​បាន​កើនឡើង ១០ ដង ហើយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​នានា​ក្នុង​តំបន់​នេះ បាន​កើនឡើង​ពី ៥ ពាន់​លាន​ដុល្លារ​រហូតដល់​ជាង ៤១៤ ពាន់​លាន​ដុល្លារ​។
​ ​
ប៉ុន្តែ​អនុតំបន់​នេះ​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​មួយចំនួន​ដែល​បប​ន្ទុ​ច​បង្អាក់​ដល់​ការសម្រេច​នូវ​វិបុលភាព​។​ការបន្ត​កាត់បន្ថយ​ភាពក្រីក្រ ការ​បន្សាំ​នឹង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ប្រសិទ្ធភាព​ថាមពល សន្តិសុខ​ស្បៀង និង​ការពង្រីក​និង​អភិវឌ្ឍន៍​ទីក្រុង​ប្រកបដោយ​ចីរភាព នៅតែ​ជា​អាទិភាព​នៃ​កម្មវិធី GMS​។

ប្រទេស​នានា​ក៏​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​ថ្មីៗ​មួយចំនួន​ផងដែរ ដូចជា ការកើនឡើង​នូវ​បញ្ហា​វិសមភាព ការកើនឡើង​នូវ​ការធ្វើ​ចំណាកស្រុក​ឆ្លងដែន និង​ផលប៉ះពាល់​ដែល​បដិវត្តន៍​ឧស្សាហកម្ម​ទី ៤ អាច​បង្ក​មកលើ​ការងារ​របស់​ប្រជាពលរដ្ឋ​។

​លើសពីនេះ ប្រទេស GMS បាន​យល់ស្រប​ទៅតាម​ការប្ដេជ្ញា​ចិត្ត ដែល​ត្រូវបាន​ដាក់ចេញ​ក្រោម​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព និង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ស្ដីពី​ការប្រែប្រួល​អាកាសធាតុ​។លើសពីនេះ ក៏មាន​កាលានុវត្តភាព​ថ្មីៗ​សម្រាប់​តំបន់​នេះ​ផងដែរ ដូចជា ការយក​បច្ចេកវិទ្យា​ថ្មីៗ​មកប្រើប្រាស់​តាម​វិស័យ​មួយចំនួន ដូចជា អប់រំ កសិកម្ម សុខាភិបាល និង​ហិរញ្ញវត្ថុ​ជាដើម​។ ប្រទេស GMS ក៏​ស្ថិតនៅ​ចំ​ផ្លូវ​ប្រសព្វ​គ្នា រវាង​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍​ផងដែរ មានន័យថា ប្រទេស​ទាំងនេះ​អាច​ទទួលបាន​ប្រយោជន៍​ពី​កំណើន ដែល​កំពុងមាន​សន្ទុះ​កើនឡើង​ខ្លាំង​នៅ​អាស៊ី​ខាងត្បូង​។

​ខណៈពេលដែល​ប្រមុខ​ដឹកនាំ​នៃ​ប្រទេស GMS ជួបប្រជុំគ្នា​នៅ​សប្ដាហ៍​នេះ​ក្នុង​ទីក្រុង​ហាណូយ ដើម្បី​កំណត់​ពី​អនាគត​នៃ​កម្មវិធី​នេះ នេះ​ជា​ពេល​ដ៏​ល្អ​មួយ ដើម្បី​ធ្វើការ​ពិចារណា​ពី​របៀប​ដែល​ការបង្កើត​គំនិត​ផ្ដួចផ្ដើម​ថ្មីៗ អាចជួយ​ធានា​ឱ្យ​កម្មវិធី GMS នៅតែមាន​ភាព​ពាក់ព័ន្ធ​នឹង​ឆ្លើយតប ចំពោះ​តម្រូវការ​នៃ​អនុតំបន់​នេះ​។

​ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ និង​ក្របខ័ណ្ឌ​វិនិយោគ​ថ្នាក់​តំបន់​របស់ GMS ២០២២ ដែល​លើក​ស្នើ ដើម្បី​សុំ​ការអនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ ដាក់ចេញ​នូវ​មូលដ្ឋាន សម្រាប់​ឱ្យ​ប្រទេស​ទាំងនេះ​ធ្វើការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន តាមរយៈ​ការបន្ត​នវានុវត្តន៍​ជាប្រចាំ​។ ឯកសារ​ទាំងពីរ​នេះ​សម្រួច​ការផ្ដោត​ការយកចិត្តទុកដាក់​លើ​គោលដៅ​ជា​យុទ្ធសាស្ត្រ​នៃ​កម្មវិធី GMS នោះ​គឺ​ការបង្កើន​ការតភ្ជាប់​ទំនាក់ទំនង ភាព​ប្រកួតប្រជែង និង​សហគមន៍​ក្នុង​អនុតំបន់​នេះ​។

ការតភ្ជាប់​ទំនាក់ទំនង ដែលជា​គោលដៅ​ទី ១ ត្រូវបាន​បង្កើន​គួរឱ្យកត់សម្គាល់​។ ផ្លូវ​សាងសង់​ថ្មី ឬ​ផ្លូវ​ដែល​ត្រូវបាន​កែលម្អ​ប្រវែង​ជាង ១០.០០០ គីឡូម៉ែត្រ និង​ខ្សែបណ្ដាញ​បញ្ជូន​អគ្គិសនី និង​ចែកចាយ​អគ្គិសនី​ប្រវែង ៣.០០០ គីឡូម៉ែត្រ ត្រូវបាន​បន្ថែម​ទៅក្នុង​កម្មវិធី​នេះ​។ បណ្ដាញ​គមនាគមន៍​ទាំងនេះ ត្រូវបាន​កែលម្អ​ប្រែក្លាយជា​បណ្ដាញ​ច្រករបៀង​សេដ្ឋកិច្ច​ឆ្លងដែន ដែល​ផ្សារភ្ជាប់​ទំនាក់ទំនងរ​វាង​គ្នា​ទៅវិញទៅមក។

ដែលជា​ការពង្រឹង​បន្ថែម​លើ​ការបំពេញ​ការងារ​រយៈ​ពេល ២៥ ឆ្នាំ ដើម្បី​ពង្រីក​អត្ថប្រយោជន៍​ដែល​បាន​ពី​កំណើន​ឱ្យ​សាយភាយ​ដល់​តំបន់​ដាច់ស្រយាល​។ ផែនការ​សកម្មភាព​ទីក្រុង​ហាណូយ អំពាវនាវ​ឱ្យមាន​ការបន្ត​ពង្រីក​ច្រករបៀង​សេដ្ឋកិច្ច​ទាំងនេះ ក្នុង​គោលបំណង​លើកកម្ពស់​ការតភ្ជាប់​ទំ​នាក់​ទំនង​រវាង​ប្រទេសមួយ និង​ប្រទេសមួយ និង​រវាង​តំបន់​មួយ និង​តំបន់​មួយទៀត ក្នុងប្រទេស​នីមួយៗ​។

ភាព​ប្រកួតប្រជែង​នៃ​អនុតំបន់​នេះ កំពុងមាន​សន្ទុះ​កើនឡើង តាមរយៈ​ការបន្ត​ខិតខំ​ប្រឹងប្រែង​សម្រួល​លំហូរ​ការដឹកជញ្ជូន និង​លំហូរ​ពាណិជ្ជកម្ម ការបង្កើន​ការនាំចេញ​កសិផល និង​ការលើកកម្ពស់​មហា​អនុតំបន់​ទន្លេមេគង្គ​ឱ្យ​ក្លាយជា​ទិសដៅ​ទេសចរណ៍​តែមួយ បន្ទាប់ពី​អនុតំបន់​នេះ​បានទទួល​ចំនួន​ភ្ញៀវ​ទេសចរណ៍ ៦០ លាន​នាក់​ក្នុង​ឆ្នាំ ២០១៦ ជា​ចំនួន​ដែល​មិន​ធ្លាប់មាន​កន្លងមក​។ សម្លឹង​ទៅមុខ អាទិភាព​សំខាន់ គឺ​ត្រូវ​បន្ត​កាត់បន្ថយ​ការិយាធិបតេយ្យ និង​លុបបំបាត់​ឧបសគ្គ​សេសសល់ ដែល​ធ្វើឱ្យ​រាំងស្ទះ​ដល់​ការដឹកជញ្ជូន និង​ការធ្វើ​ពាណិជ្ជកម្ម​។

​ចុងក្រោយ​សហគមន៍​កំពុង​ត្រូវបាន​ពង្រឹង​តាមរយៈ​គំនិត​ផ្ដួចផ្ដើម​ឆ្លងដែន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺឆ្លង ពង្រីក​ឱកាស​អប់រំ ការពារ​ជីវចម្រុះ​ដ៏​សម្បូរបែប​នៃ​អនុតំបន់​នេះ និង​កាត់បន្ថយ​ផលប៉ះពាល់​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។

​ប្រទេស GMS បានកំណត់​នូវ​គម្រោង​ថ្មី ចំនួន ២២៧ គម្រោង ដែលមាន​តម្លៃ ៦៦ ពាន់​លាន​ដុល្លារ ក្រោម​ក្របខ័ណ្ឌ​វិនិយោគ​ថ្នាក់​តំបន់ GMS ២០១៨-២០២២​។ គម្រោង​ទាំងនេះ​នឹង​ពង្រីក​វិបុលភាព​សេដ្ឋកិច្ច​បន្ថែមទៀត តាមរយៈ​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​គមនាគមន៍ និង​ថាមពល​ឆ្លងដែន​។

ក្នុងនាម​ជា​លេខាធិការដ្ឋាន​នៃ​កម្មវិធី​នេះ ចាប់តាំងពី​ពេលដែល​កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ដំបូង​មក ធនាគារអភិវឌ្ឍន៍អាស៊ី​នឹង​ផ្ដល់​ថវិកា​៧​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ ឆ្នាំ​បន្ទាប់​ទៀត សម្រាប់​គម្រោង​ជាច្រើន ដែល​គាំទ្រ​ដល់​ការដឹកជញ្ជូន ទេសចរណ៍ ថាមពល ការកាត់បន្ថយ និង​ការ​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ សង្វាក់​តម្លៃ​ក​សិ​-​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​ទីក្រុង​។ ថវិកា​នេះ ជា​ថវិកា​បន្ថែម​ពីលើ​ថវិកា ៨ ពាន់​លាន​ដុល្លារ ដែល ADB ផ្ដល់​ជា​ហិរញ្ញប្បទាន​កន្លងមក​សម្រាប់​កម្មវិធី​នេះ​។

​ដើម្បី​អនុវត្ត​គម្រោង​ទាំងនេះ និង​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​អាទិភាព​ដទៃទៀត ដូចជា​ការ​ទប់​ស្ដា​ត់​ជំងឺឆ្លង និង​ការការពារ​បរិស្ថាន​ជាដើម ទាមទារ​ឱ្យមាន​ការកសាង​ភាពជា​ដៃគូ​ឱ្យបាន​រឹងមាំ​។ កម្មវិធី GMS ពឹង​អាស្រ័យ​លើ​កិច្ចសហប្រតិបត្តិការ​រ​វាង​តួអង្គ​ពាក់ព័ន្ធ​នានា ដូចជា​រដ្ឋបាល និង​សហគមន៍​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ ស្ថាប័ន​សិក្សា​ស្រាវជ្រាវ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជាដើម​។ GMS​នឹង​ទទួលបាន​ប្រយោជន៍​ពី​ការពង្រឹង​ភាពជា​ដៃគូ​ជាមួយនឹង​វេទិកា​សហប្រតិបត្តិការ​ថ្នាក់​តំបន់ និង​ថ្នាក់​សកល​ដទៃទៀត ដែល​នឹង​នាំមក​នូវ​កាលានុវត្តភាព​ថ្មីៗ សម្រាប់​ការអភិវឌ្ឍ​នាពេល​អនាគត​។
​ ​
ភាពជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន ក៏​រឹត​តែមាន​សារៈសំខាន់​ថែមទៀត ហើយ​យើងទាំងអស់គ្នា​រីករាយ ដែល​សង្កេតឃើញថា ភាពជា​ដៃគូ​នេះ ត្រូវបាន​ពង្រឹង​បន្ថែម​តាមរយៈ​ក្រុមប្រឹក្សា​ធុរកិច្ច GMS គំនិត​ផ្ដួចផ្ដើម​ធុរកិច្ច​មេគង្គ និង​វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិក (e-Commerce) វេទិកា​ទេសចរណ៍ និង​កសិកម្ម GMS និង​សន្និសីទ​វិស័យ​ហិរញ្ញវត្ថុ និង​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដែល​ទើប​ត្រូវបាន​រៀបចំឡើង​កាលពីពេល​ថ្មីៗ​នេះ​។
​ ​
ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា អនុតំបន់​នេះ​នឹង​អាចឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម ដែល​ខ្លួន​កំពុង​ជួបប្រទះ និង​ទាញ​ប្រយោជន៍​ពី​ឱកាស​ថ្មីៗ​ទាំងនេះ​។ តាមរយៈ​ការធ្វើការងារ​រួមគ្នា ប្រទេស​ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ​នេះ ពិតជា​អាច​សម្រេចបាន​នូវ​កំណើន​ឆាប់រហ័ស​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន ក្នុង​រយៈពេល ២៥ ឆ្នាំ​ទៀត និង​ក្នុង​បណ្ដាល​ឆ្នាំ​បន្តបន្ទាប់​ទៀត​។ ADB នឹង​បន្ត​បំពេញ​តួនាទី​ជា​ដៃគូ ដែលមាន​សារៈសំខាន់ និង​អាច​ជឿទុកចិត្ត​បាន​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ​៕S/

​ចំណងជើង​រូបថត​៖ លោក Takehiko Nakao ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អា​សីក​